ជន​ភៀស​ខ្លួន​ពី​អេត្យូពី​​ទៅ​ស៊ូដង់​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​២​សែន​នាក់​

  • Lisa Schlein

ក្រុម​ស្ត្រី​ដែល​បាន​រត់​គេច​ពី​ជម្លោះ​នៅ​តំបន់ Tigray របស់​អេត្យូពី កំពុង​រង់​ចាំ​​ការ​ចែកចាយ​ភួយ​ពី​អង្គការ UNHCR នៅ​មជ្ឈមណ្ឌល​អន្តរកាល Hamdayet ប្រទេស​ស៊ូដង់​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

ទី​ភ្នាក់ងារ​ជំនួយ​នានា​កំពុង​ព្យាយាម​ស្វែង​រក​ជំនួយ​សង្គ្រោះជីវិតជន​ភៀស​ខ្លួន​ដែល​កំពុង​កើន​ឡើង​នៅ​តាម​ព្រំដែន​ប្រទេស​អេត្យូពី​និង​ស៊ូដង់។ ពួកគេ​និយាយ​ថា​ជា​មធ្យម​មាន​មនុស្ស​ពី​៤០០០នាក់ទៅ​៥០០០នាក់​បាន​មក​ដល់​ស៊ូដង់​ខាងកើត​រៀងរាល់​ថ្ងៃ ហើយតម្រូវ​ការ​គឺ​ពិត​ជា​ច្រើន​លើស​លប់។

នៅ​ក្នុងវីដេអូ​មួយ​ពី​រដ្ឋធានី​ខាទុំ​អ្នក​តំណាង​ទីភ្នាក់ងារ​ជនភៀស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុងប្រទេស​ស៊ូដង់ លោក Axel Bisschop ​និយាយ​ថា​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​ចំនួន​បាន​មក​ទស្សនកិច្ច​ព្រំ​ដែន​ចម្បងដែល​ឆ្លង​កាត់ទីក្រុង​Hamdayat ដើម្បី​ស្ទង់​ស្ថានភាព។​

លោក Bisschop ​និយាយ​ថា៖ «ឥឡូវ​នេះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ទី​នេះ​គឺ​ថា​មនុស្ស​ម្នា​កំពុង​ឆ្លង​កាត់​ទន្លេ ហើយ​ពួកគេ​ចូល​មក​ដោយ​ថ្មើរជើង។ ពួកគេ​ត្រូវបាន​ថែទាំ​នៅ​ក្នុង​មណ្ឌលទទួល​ភ្ញៀវ​ដែល​អាទិភាព​ចម្បង​នៅ​ពេល​នេះ​គឺ​ធានា​ថា​ការ​ចុះ​ឈ្មោះ​ត្រូវបាន​ធ្វើ។ ឥឡូវ​យើង​ក៏​មាន​បញ្ហា​ទាក់ទិន​នឹង​ការ​ការពារ អាហារ ទឹក ជម្រក ​និង​សុខភាព»។​

លោក Bisschop និយាយ​ថា​ទីភ្នាក់ងារ​ផ្តល់​ជំនួយបានត្រៀមផ្តល់​ជំនួយ​សម្រាប់ជនភៀស​ខ្លួន​២ម៉ឺន​នាក់។ លោក​និយាយ​ថា​តួលេខ​នេះ​បាន​កើន​ឡើង​ហើយ​ត្រូវបាន​ជំនួស​ដោយ​តួលេខ​ផែន​ការ​ថ្មី​គឺ​២សែន​នាក់។ លោក​និយាយ​ថា​ថវិកា​៥០​លាន​ដុល្លារ​គឺ​កំពុង​ត្រូវការ​ជាចាំបាច់​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​នាពេល​នេះ​ប៉ុន្តែ​ទឹក​ប្រាក់​ប្រមាណ​២០០លាន​ដុល្លារ​នឹង​ត្រូវ​ការ​ក្នុង​រយៈពេល​៦ខែ​ខាងមុខ។

មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិរាយការណ៍​ថា​កុមារ​គឺ​មាន​ប្រហែល​៤៥​ភាគរយ​នៃ​ជនភៀស​ខ្លួន​ទាំង​អស់។ អ្នក​តំណាង UNICEF ក្នុង​ប្រទេស​ស៊ូដង់​គឺ​លោក​Abdullah Fadil និយាយ​ថា​គ្រួសារ​ជាច្រើន​បាន​រត់គេច​ដោយ​ប្រញាប់​ប្រញាល់​ហើយ​កំពុង​មកដល់​ដោយ​មាន​ឥវ៉ាន់​បន្តិច​បន្តួច​ប៉ុណ្ណោះ។ លោក​និយាយ​ថា​ពួកគេ​ភ័យខ្លាច​ហើយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​មនុស្ស​ដែល​ពួកគេ​បាន​ចាកចោល​ក្នុង​តំបន់ Tigray។​

លោក​និយាយ​ថា ស៊ូដង់​បាន​ទទួល​ជនភៀស​ខ្លួន​លើស​ពី​១,២លាននាក់​ហើយនិង​ជាង​២លាន​នាក់ភៀស​ខ្លួន​ក្នុង​ប្រទេស។ លោក​និយាយ​ថា​ អត្រា​អតិផរណា​គឺ​លើស​២៤០​ភាគរយ។

លោក​ប្រាប់​វីអូអេ​ថាទឹកចិត្ត​សប្បុរសធម៌​របស់​ស៊ូដង់ ក្នុង​ការ​ទទួលជនភៀស​ខ្លួន​អេត្យូពី​នៅពេល​ដែល​ខ្លួន​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​គឺ​ពិត​ជាគួរ​ឲ្យ​ស្ងើច​សរសើរ។

លោក ​Fadil និយាយ​ថា៖ «ស៊ូដង់​កំពុង​មាន​បន្ទុក​ជាច្រើន​លើ​បញ្ហា​សេដ្ឋកិច្ចនិង​នយោបាយ​របស់​ខ្លួន។ ការ​ទទួល​ជនភៀស​ខ្លួន​២សែន​នាក់​បន្ថែម​នៅពេល​ដែល​ពួកគេ​មិន​មាន​លទ្ធភាព​ហើយ​នៅព្រំដែន​ដែល​មាន​អស្ថិរភាព​នយោបាយអាច​នឹង​ប៉ះពាល់​ដល់​មិនត្រឹម​តែ​ស៊ូដង់​ប៉ុណ្ណោះ​ទេ​គឺ​តំបន់នេះ​ទាំង​មូល»។​

អាទិភាព​របស់​អង្គការ UNICEF រួម​មាន​ការ​ចែក​ចាយ​សម្ភារៈ​ថែរក្សា​អនាម័យ ទឹក រួបរួម​កុមារ​ដែល​បែក​ចេញ​ពី​គ្រួសារ​របស់​ពួកគេ​ឡើង​វិញ និង​ផ្តល់ការ​គាំទ្រ​ផ្នែកផ្លូវចិត្ត​ដល់​ពួកគេ​និង​មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​អំពើ​ហិង្សា​យេនឌ័រ និង​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ផ្សេង​ៗ។​

កម្មវិធីស្បៀង​អាហារ​ពិភពលោក​ថ្មី​ៗនេះ​កំពុង​រៀបចំ​ស្បៀង​អាហារ​សម្រាប់​មនុស្ស​៦ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ។ អង្គការ​នេះ​មាន​បំណង​ផ្តល់ជំនួយ​អាហារ​និង​អាហា​រូបត្ថម្ភ​ដល់​ជនភៀស​ខ្លួន​អេត្យូពី​រហូត​ដល់​២សែន​នាក់​សម្រាប់​រយៈ​ពេល​៦ខែ។

អង្គការ UNHCR ​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ជនភៀស​ខ្លួន​ចេញ​ពី​ព្រំដែន​ទៅ​កាន់​ទីតាំង​ថ្មី​ដែល​ពួកគេ​នឹង​មាន​សុវត្ថិភាព​ជាង​មុន​ហើយ​អាច​ទទួល​ជំនួយ​សង្គ្រោះ​ជិវិត​ងាយ​ស្រួលជាងមុន៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ