អង្គការសុខភាពពិភពលោកដែលត្រូវបានបង្កើតឡើងជាភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិអស់រយៈពេលជិត៧០ឆ្នាំមកហើយ មិនដែលធ្លាប់មានអគ្គលេខាធិការពីទ្វីបអាហ្រ្វិកនោះទេ។ លោក Tedros Adhanom សង្ឃឹមថានឹងបំបែកកំណត់ត្រាប្រវត្តិសាស្រ្តនេះ ហើយសន្យាថានឹងធ្វើយុទ្ធនាការឃោសនាដ៏ខ្លាំងក្លាមួយដើម្បីសម្រេចគោលដៅមួយនេះ។
លោកមិនរិះគន់ការងារ និងសមិទ្ធិផលរបស់អតីតអគ្គលេខាធិការទេ ប៉ុន្តែលោកយល់ថាទិដ្ឋភាពនៃសុខភាពសាកលកន្លងមកគ្រាន់តែជាការយល់ឃើញក្នុងបែបចង្អៀតរបស់ប្រទេសអភិវឌ្ឍន៍ភាគច្រើនតែប៉ុណ្ណោះ។
«ផ្ទុយទៅវិញ ដូចលោកអ្នកបានដឹងស្រាប់ហើយ ទ្វីបអាហ្វ្រិកនិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមនឹងឧបសគ្គជាច្រើន។ យើងទាំងអស់គ្នាមិនដែលបានផ្តល់ឱកាសឲ្យទ្វីបអាហ្រ្វិកឬប្រទេសកំពុងអភិវឌ្ឍន៍ណាមួយដើម្បីបង្ហាញគំនិតផ្នែកសុខភាពសាកលតាមរយៈការយល់ឃើញរបស់ពួកគេ និងរបស់បណ្តាប្រទេសទាំងអស់ដែលជាប្រទេសអាចយល់ដឹងពីឬសគល់នៃបញ្ហាដែលប្រទេសគេជួបប្រទះ»។
លោក Tedros បានបដិសេធការអះអាងដែលថាលោកគួរតែត្រូវបានជ្រើសតាំងដើម្បីដឹកនាំ អង្គការសុខភាពពិភពលោក ដោយសារតែវាដល់ពេលដែលជនជាតិអាហ្រ្វិកត្រូវទទួលតំណែងនេះ។ លោកបានប្រាប់ VOA ថាលោកមានបទពិសោធន៍ការងារនិងការទូតដែលត្រូវការសម្រាប់ការងារទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ប៉ុន្តែលោកបានកត់សម្គាល់ថាដោយសារតែគុណសម្បត្តិពិសេសរបស់លោក គឺជាជនជាតិអាហ្រ្វិកលោកអាចបង្ហាញទស្សនៈវិស័យថ្មីស្រឡាងចំពោះបញ្ហាសុខភាពសាកល។
«ខ្ញុំសុំបញ្ជាក់ថា ខ្ញុំកំពុងប្រកួតប្រជែងផ្អែកលើគុណសម្បត្តិនិងភាពខ្លាំងរបស់ខ្ញុំ។ ប្រសិនបើអ្នកជ្រើសរើសបុគ្គលដែលមានបទពិសោធន៍ពីទ្វីបអាហ្រ្វិក បុគ្គលនោះនឹងអាចមានទស្សនៈថ្មីមួយទៀត។ ដូច្នេះ ការធ្វើបែបនេះជាគំនិតមួយដ៏ល្អ។ យើងកំពុងនិយាយថា យើងអាចបន្ថែមតម្លៃរបស់វា។ ធ្វើដូច្នេះ យើងទាំងអស់គ្នាអាចមើលឃើញទិដ្ឋភាពសុខភាពសាកលពីជ្រុងមួយផ្សេងទៀត និងបទពិសោធន៍ផ្សេង ជាពិសេសពីតំបន់ដែលមានបញ្ហាសុខាភិបាលខ្លាំងបំផុត»។
បេក្ខជនតែម្នាក់គត់ពីទ្វីបអាហ្រិ្វកសម្រាប់តំណែងអគ្គលេខាធិការ គឺមានប្រវត្តិរូបគួរឲ្យចាប់អារម្មណ៏។ លោក គឺជាអ្នកស្រាវជ្រាវជំងឺគ្រុនចាញ់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយលោកក៏ជារដ្ឋមន្រ្តីក្រសួងសុខាភិបាលពីឆ្នាំ២០០៥ ដល់២០១២ មុនពេលដែលលោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអេត្យូពីក្នុងឆ្នាំ២០១២។
លោកក៏ធ្លាប់បម្រើការងារជាប្រធានមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និង ជំងឺគ្រុនចាញ់ផងដែរ៕
ប្រែសម្រួលដោយ ទុំ ម្លិះ