មេដឹកនាំ​ប្រទេស​អេត្យូពី និង​អេរីត្រេ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព

លោក​រដ្ឋមន្ត្រី​ការបរទេស​អេត្យូពី Abiy Ahmed (រូប​ឆ្វេង​កណ្តាល) ស្វាគមន៍​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អេរីត្រេ Osman Sale (រូប​ស្តាំ​កណ្តាល) នៅ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង Addis Ababa ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

មេដឹកនាំ​នៃ​ប្រទេស​អេត្យូពី និង​មេដឹកនាំ​នៃ​ប្រទេស​អេរីត្រេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ដែល​នឹង​បញ្ចប់​ជា​ផ្លូវការ​នូវ​ជម្លោះ​ដែល​ពិបាក​ដោះស្រាយ​បំផុត និង​អូស​បន្លាយ​យូរ​បំផុត​មួយ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​អេរីត្រេ​លោក Yemane Meskel បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ Twitter នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​បង្ហាញ​ពី​នាយករដ្ឋមន្ត្រី​អេត្យូពី​លោក Abiy Ahmed និង​ប្រធានាធិបតី​អេរីត្រេ​លោក Isaias Afwerki ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​រដ្ឋធានី​អាស្មារ៉ា នៃ​ប្រទេស​អេរីត្រេ។

លោក Yemane Meskel បាន​សរសេរ​ថា៖ «ស្ថានភាព​សង្គ្រាម​ដែល​នៅតែ​បន្ត​រវាង​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​ហើយ។ សករាជ​ថ្មី​នៃ​សន្តិភាព និង​មិត្តភាព​បាន​ចាប់ផ្ដើម​ហើយ»។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន និង​ទូរគមនាគមន៍​រវាង​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ខាង​កើត​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​ឡើង​វិញ។

ការ​ចុះ​ហត្ថលេខា​នេះ​គឺ​ជា​ការ​បំពេញ​នូវ​សំណើ​សន្តិភាព​ថ្មី​មួយ​ដែល​បាន​ធ្វើ​ឡើង​ភ្លាមៗ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​អោប​ស្វាគមន៍​គ្នា​ជា​ប្រវត្តិសាស្ត្រ​នៅ​ឯ​ប្រលាន​យន្តហោះ​អន្តរជាតិ​អាស្មារ៉ា ប្រទេស​អេរីត្រេ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ការ​សម្រេច​បាន​នេះ​បាន​ចាប់ផ្ដើម​ដំបូង​នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​អេត្យូពី​លោក Abiy Ahmed ប្រកាស​កាល​ពី​ខែ​មុន​ថា រដ្ឋាភិបាល​អេត្យូពី​នឹង​គោរព​តាម​កិច្ច​ព្រមព្រៀង​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០០០ ដើម្បី​បញ្ចប់​សង្គ្រាម​ព្រំដែន​រយៈពេល ២ ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ។ សង្គ្រាម​កាល​ពី​ពេល​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល ៧ ម៉ឺន​នាក់​ស្លាប់​បាត់បង់​ជីវិត។

ប្រទេស​អេរីត្រេ ដែល​ជា​អតីត​ខេត្ត​មួយ​របស់​ប្រទេស​អេត្យូពី បាន​ផ្ដាច់​ខ្លួន​ប្រកាស​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ ១៩៩៣៕