ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​អេត្យូពី​អនុម័ត​លើ​បម្រាម​សុំ​កូន​ចិញ្ចឹម​ដោយ​ជនបរទេស


បងប្អូន​ស្រី​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​សុំ​យក​ទៅ​ចិញ្ចឹង​នៅ​ក្នុង​ប្រទេស​អេត្យូពី​កាន់​ទង់ជាតិ​របស់​ខ្លួន នៅ​ពេល​ពួកគេ​ស្តាប់​បទ​ភ្លេង​ជាតិ​នៅ​ក្នុង​ពិធី​ស្បថ​សុំ​កូន​ចិញ្ចឹង នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១០។

សមាជិក​សភា​ប្រទេស​អេត្យូពី​កាល​ពី​ថ្ងៃអង្គារ​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ ហាមប្រាម​មិន​ឲ្យ​ជនបរទេស​សុំ​កូន​ជនជាតិ​អេត្យូពី​យក​ទៅ​ចិញ្ចឹម​ ខណៈ​មាន​ការ​បារម្ភ​ពី​ការ​ធ្វើបាប​ក្មេង​ទាំងនោះ​នៅ​ក្រៅ​ប្រទេស។

និតិវិធីថ្មី​នេះ​ត្រូវ​បាន​អនុម័ត​បន្ទាប់​ពី​មាន​ការ​ពិភាក្សាគ្នា​ដ៏​តឹងតែង​មួយ​ ដោយ​ក្រុម​អ្នក​រិះគន់​ភ័យខ្លាច​ថា​ប្រទេសជាតិ​នឹង​បាត់បង់​ធនធាន​មនុស្ស​ ហើយ​ក្នុង​នោះ​មជ្ឈមណ្ឌល​ថែទាំ​ទារក​ផ្សេងៗ​ក៏​បាន​ចូលរួម​គាំទ្រ​លើ​ការ​ដាក់​បម្រាម​នេះ​ផងដែរ។

ប្រទេស​អេត្យូពី​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​ ដែលមាន​ការ​សុំ​យក​កូន​មក​ចិញ្ចឹម​ជាច្រើន​នៅក្នុង​សហរដ្ឋអាមេរិក​ នេះ​បើ​យោង​តាមស្ថិតិ​របស់​ក្រសួង​ការបរទេស​ ក៏ប៉ុន្តែ​ដោយសារ​តែ​កុមារ​អេត្យូពី​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​សហរដ្ឋ​អាមេរិក​នៅក្នុង​ដៃ​ម្តាយ​ចិញ្ចឹម​របស់​នាង​កាល​ពី​ឆ្នាំ២០១១​ និង​ការស្លាប់​របស់​កុមារ​អេត្យូពី​ម្នាក់​ទៀត​នៅក្នុង​សហរដ្ឋអាមេរិក​ ដោយសារ​តែ​ឪពុកម្តាយ​ចិញ្ចឹម​របស់​នាង​កាល​ពីឆ្នាំ២០១៣មក​ ប្រទេស​អេត្យូពី​បាន​កាត់បន្ថយ​ការ​សុំ​យក​កូន​ទៅ​ចិញ្ចឹម​ដោយ​ជនបរទេស​ និង​បាន​បង្កើន​ការពិភាក្សា​ជុំវិញ​បញ្ហា​នេះ។

គោលនយោបាយ​ជាតិ​ថ្មី​ស្តីពី​កុមារ​របស់​អេត្យូពី​ ចែងថា​កុមារ​កំព្រា​គួរតែ​ធំ​ដឹង​ក្តី​ក្នុង​ទឹក​ដីកំណើត​របស់​ពួកគេ​ រៀនសូត្រ​ពី​ប្រពៃណី​ និង​វប្បធម៌​របស់​ប្រទេស​ពួកគេ។

ច្បាប់​នោះ​បាន​ចែង​ថា៖ «កុមារ​ទាំងនោះ​គួរតែ​ត្រូវ​បាន​គេ​យក​ទៅ​ចិញ្ចឹម​នៅក្នុង​ប្រទេស​ ឬក៏​ត្រូវ​គេ​ជួយ​ឧបត្ថម្ភ​ដោយ​គ្រួសារ​ជា​អាណាព្យាបាល​ ជួយ​បង្រៀន​ ឬជួយ​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​បានជួបជុំ​ឳពុកម្តាយ​បង្កើត​ ឬសាច់ញាត្តិ​របស់​ពួកគេ»៕

XS
SM
MD
LG