កាលពីពាក់កណ្ដាលខែមិថុនា ការិយាល័យក្រុមប្រឹក្សាពិសេសទទួលបន្ទុកឃ្លាំមើលក្រមសីលធម៌ ដែលមិនសូវត្រូវបានគេស្គាល់ បានប្រកាសថាអ្នកស្រី Kellyanne Conway ជា «អ្នកដែលបានប្រព្រឹត្តិល្មើសម្ដងហើយម្ដងទៀត» ក្នុងករណីបំពានលើច្បាប់ដែលហាមឃាត់មិនឲ្យបុគ្គលិករដ្ឋាភិបាលគាំទ្របេក្ខជនដែលឈរឈ្មោះបោះឆ្នោត ឬ ច្បាប់ Hatch Act និងបានណែនាំឲ្យលោកប្រធានាធិបតី ត្រាំ បណ្ដេញអ្នកស្រីចេញពីតំណែង។
អ្នកស្រី Kellyanne Conway បានប្រើតួនាទីរបស់អ្នកស្រីក្នុងនាមជាទីប្រឹក្សារបស់ប្រធានាធិបតី ដើម្បីរិះគន់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដែលនេះជាការបំពានច្បាប់ដ៏ច្បាស់ក្រឡែតមួយ ព្រោះថា មន្ត្រីរដ្ឋាភិបាលត្រូវបានហាមឃាត់មិនឲ្យលូកដៃចូលក្នុងសកម្មភាពនយោបាយនៅពេលបំពេញមុខងារ។
នេះគឺជាការអំពាវនាវជាលើកទីពីររបស់ក្រុមប្រឹក្សាពិសេសទទួលបន្ទុកក្រមសីលធម៌ ប្រឆាំងនឹងអ្នកស្រី Conway ប៉ុន្តែ លោកប្រធានាធិបតីកាន់ជើងទីប្រឹក្សាជាយូរមកហើយរបស់លោក។ លោកប្រធានធិបតីបាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ Fox and Friends ថា លោកនឹងមិនបណ្ដេញអ្នកស្រីចេញពីតំណែងឡើយ។ លោកគិតថាអ្នកស្រីជាមនុស្សល្អម្នាក់។ លោកថា វាហាក់ដូចជាពួកគេកំពុងព្យាយាមបំបិទសិទ្ធសេរីភាពបញ្ចេញមតិរបស់គាត់។
ការិយាល័យក្រុមប្រឹក្សាពិសេសកាលពីពេលកន្លងទៅជាទីភ្នាក់ងារដ៏មានឥទ្ធិពលមួយ។ ក្រោមអាណត្តិរបស់របស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទីភ្នាក់ងារនេះ បានរកឃើញថា សមាជិកគណៈរដ្ឋមន្ត្រី(សមាជិករដ្ឋាភិបាល) ពីររូបមានទោស ដោយបានបំពានលើច្បាប់ដែលហាមឃាត់មិនឲ្យបុគ្គលិករដ្ឋាភិបាលគាំទ្របេក្ខជនដែលឈរឈ្មោះបោះឆ្នោត ឬ Hatch Act។ មន្ត្រីទាំងពីរនាក់នោះបានសម្ដែងការសោកស្ដាយចំពោះរឿងនេះ។ ប៉ុន្តែនៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី ត្រាំ គេមិនទាន់ដឹងថាតើទីភ្នាក់ងារនេះ នឹងមានសមត្ថភាពដល់កម្រិតណា ដើម្បីធ្វើឲ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ មានការទទួលខុសត្រូវ។
អ្នកស្រី Meredith McGehee នាយកប្រតិបត្តិអង្គការ Issue One បាននិយាយថា៖ «ពួកគេកំពុងប្រឈមនឹងបញ្ហាមិនធ្លាប់មានពីមុនមកពីសំណាក់មន្ត្រីរដ្ឋបាលថ្មីនេះ ដោយពួកគេបានលើកឡើងថា «យើងមិនគោរពតាមវិន័យរបស់អ្នកឡើយ»។ វាជាគ្រោះថ្នាក់មួយសម្រាប់ទីភ្នាក់ងារឃ្លាំមើលក្រមសីលធម៌ទាំងនោះ ដោយហេតុថា ពួកមិនអាចពង្រឹងការអនុវត្តច្បាប់បាន»។
សេតវិមានបានបដិសេធការរិះគន់នេះ។
មេធាវីរបស់សេតវិមាន លោក Pat Cipollone បានសរសេរតបទៅនឹងបណ្ដឹងរបស់ក្រុមប្រឹក្សាពិសេសប្រឆាំងនឹងអ្នកស្រី Conway ថា៖ «សេតវិមានប្រកាន់ខ្ជាប់យ៉ាងម៉ត់ចត់នូវគោលការណ៍ ដែលបានចែងនៅក្នុងច្បាប់ Hatch Act ហើយបានបន្តអនុវត្តជំហានវិជ្ជមានដើម្បីធានានូវការអនុវត្តច្បាប់មួយនេះ»។
កើតចេញពីការធ្វើកំណែទម្រង់របស់រដ្ឋសភា ដើម្បីស្ដារឡើងវិញជំនឿជឿជាក់ក្នុងជួររដ្ឋាភិបាលក្រោយពីរឿងអាស្រូវ Watergate ក្នុងទសវត្សរ៍ ១៩៧០ ការិយាល័យក្រុមប្រឹក្សាពិសេស OSC និងការិយាល័យសីលធម៌របស់រដ្ឋាភិបាល OGE គឺជាអ្នកឃ្លាំមើលសីលធម៌ផ្នែកច្បាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (ទីភ្នាក់ងារជាច្រើន មានអ្នកស៊ើបអង្កេត ការក្លែងបន្លំទូទៅ ការចំណាយខ្ជះខ្ជាយ និងការរំលោភបំពាន)។
បន្ថែមលើការរឹតបន្តឹងការអនុវត្តច្បាប់ហាមឃាត់មិនឲ្យបុគ្គលិករដ្ឋាភិបាលសហព័ន្ធចូលរួមធ្វើសកម្មភាពនយោបាយ ខណៈកំពុងបំពេញការងារ ឬ (Hatch Act) នេះ ការិយាល័យរដ្ឋអាជ្ញាក៏បានពង្រឹងការអនុវត្តច្បាប់មួយទៀត ដែលការពារបុគ្គលិករដ្ឋាភិបាលសហព័ន្ធណា ដែលលាតត្រដាងពីការប្រព្រឹត្តខុសច្បាប់របស់រដ្ឋាភិបាល។
រីឯអំណាចរបស់ការិយាល័យស្តីពីក្រមសីលធម៌របស់រដ្ឋាភិបាល (OGE) គឺខុសពីនេះ ដោយធានាថាបុគ្គលិករដ្ឋាភិបាលសហព័ន្ធជៀសវាងការងារណាដែលហុចផលប្រយោជន៍ដល់ខ្លួន។ ដើម្បីសម្រេចកិច្ចការនេះ ការិយាល័យនេះតម្រូវឲ្យបុគ្គលិកបង្ហាញព័ត៌មានពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ហើយពេលខ្លះគឺព័ត៌មានស្តីពីការដកខ្លួនចេញពីការទិញភាគហ៊ុនផ្ទាល់ខ្លួនរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងបេក្ខជនដែលត្រូវបានប្រធានាធិបតីតែងតាំងជាមន្ត្រីរដ្ឋាភិបាល។
ជាទូទៅ ទីភ្នាក់ងារទាំងពីរបានត្រួតពិនិត្យបុគ្គលិករដ្ឋាភិបាលចំនួនជាង ២លាន ៥សែននាក់ ធ្វើយ៉ាងណាឲ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ទាំងនេះ ធានាថាអ្នកប្រព្រឹត្តខុសត្រូវបានពិន័យ ហើយក្នុងករណីធ្ងន់ធ្ងរ គឺត្រូវបណ្ដេញចេញពីមុខតំណែង។
កាលពីឆ្នាំ ២០១៧ទីភ្នាក់ងារទាំងពីរនេះបានចាត់វិធានការពិន័យលើបុគ្គលិករដ្ឋាភិបាលសហព័ន្ធចំនួន ១,២៣៥នាក់ ដែលបានបំពានបទដ្ឋានក្រមសីលធម៌សម្រាប់បុគ្គលិករដ្ឋាភិបាល ហើយបានបញ្ជូនករណីចំនួន ៦៩ផ្សេងទៀត ទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីចាត់វិធានការតាមច្បាប់ព្រហ្មទណ្ឌ នេះបើយោងតាមការិយាល័យ ស្តីពីក្រមសីលធម៌របស់រដ្ឋាភិបាល។
កាលពីឆ្នាំ២០១៨ការិយាល័យរដ្ឋអាជ្ញា OSCបានចាត់វិធានការពិន័យលើបុគ្គលិករដ្ឋាភិបាលសហព័ន្ធចំនួន ៦នាក់។ បុគ្គលិកប្រៃសណីយ៍ម្នាក់ត្រូវបានបណ្ដេញចេញពីការងាររីឯមន្ត្រីគយនិងអន្តោប្រវេសន៍ម្នាក់បានយល់ព្រមចុះចេញពីតំណែង បន្ទាប់ពី បានបំពានជាច្រើនលើកលើច្បាប់ Hatch Act ដែលហាមមិនឲ្យបុគ្គលិកចូលរួមក្នុងសកម្មភាពនយោបាយ ខណៈកំពុងបំពេញការងារ។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារទាំងពីរនេះត្រូវធ្វើការ ក្រោមការដាក់កំហិតនានាមកលើសមត្ថភាពរបស់ខ្លួន ក្នុងការអនុវត្តច្បាប់ក្រមសីលធម៌។
ដើម្បីចាត់វិធានការពិន័យលើបុគ្គលិក ឬមន្ត្រីរដ្ឋាភិបាលសហព័ន្ធ ការិយាល័យរដ្ឋអាជ្ញាជាទូទៅត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាដើម្បីការពារប្រព័ន្ធច្បាប់ដោយមិនលម្អៀង (Merit Systems Protection Board) ដែលលែងដំណើរការក្រោយពីសមាជិកបីនាក់នៃក្រុមប្រឹក្សានេះបានចាកចេញពីតំណែង។
ក៏ប៉ុន្តែ ក្នុងករណីខ្លះដែលពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដូចជាអ្នកស្រី Conway លោករដ្ឋអាជ្ញាបានត្រឹមតែផ្ដល់យោបល់ជាការចាត់វិធានការពិន័យលើមន្ត្រីទាំងនោះ ទៅកាន់ប្រធានាធិបតីតែប៉ុណ្ណោះ។
ហើយការណ៍នេះក៏ដូចគ្នាទៅនឹង OGE។ ទីភ្នាក់ងារបានត្រឹមតែចង្អុលបង្ហាញថាមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីដែលតែងតាំងដោយប្រធានាធិបតី លះបង់ទ្រព្យសម្បត្តិ ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ ប៉ុន្តែទីភ្នាក់ងារ មិនអាចបង្ខំមន្ត្រីរូបនោះ ឲ្យចាត់វិធានការណាមួយឡើយ។
អ្នកស្រី Liz Hempowicz នាយកកម្មវិធីគោលនយោបាយសាធារណៈអំពីការត្រួតពិនិត្យរដ្ឋាភិបាលបាននិយាយថា៖ «នៅពេលយើងនិយាយអំពីបញ្ហាពង្រឹងច្បាប់ ជាមួយទីភ្នាក់ងារទាំងនេះ ខ្ញុំគិតថា យើងសំដៅទៅលើមន្ត្រីរដ្ឋាភិបាលដែលកាន់តំណែងធំៗ»។
ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០១៦ លោក Trump បដិសេធការចង្អុលបង្ហាញរបស់ទីភ្នាក់ងារ OGE ដែលឲ្យលោកលក់ទ្រព្យសម្បត្តិរបស់លោក មុនពេលចូលកាន់តំណែងនៅសេតវិមាន។ ផ្ទុយទៅវិញ លោកបានប្រគល់ការកាន់កាប់ក្រុមហ៊ុនទៅឲ្យកូនប្រុសទាំងពីររបស់លោក ខណៈនៅតែជាម្ចាស់ទ្រព្យ ដែលការណ៍បានធ្វើឲ្យលោក Trump ក្លាយជាប្រធានាធិបតីដែលជាប់ពាក់ព័ន្ធនឹងស្មុគស្មាញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
ទីភ្នាក់ងារ OGE ទទួលបានជោគជ័យក្នុងការធ្វើឲ្យមន្ត្រីរបស់លោក Trump អនុវត្តតាមខ្លួន ដែលរួមមានកូនប្រសារបស់លោក Trump និងជាទីប្រឹក្សាជាន់ខ្ពស់របស់លោក គឺលោក Jared Kushner។
ប៉ុន្តែការប៉ុនប៉ងរបស់ទីភ្នាក់ងារ OSC ក្នុងការទាមទារឲ្យអ្នកស្រី Conway ទទួលទណ្ឌកម្មសម្រាប់ការបំពានច្បាប់ Hatch Act បានបរាជ័យជាច្រើនលើកច្រើនសារ។
លោក Henry Kerner មេធាវីរបស់ក្រុមប្រឹក្សាពិសេស បានសរសេរក្នុងសំបុត្រផ្ញើទៅកាន់លោកប្រធានាធិបតី Trump ថា៖ «បើសិនការរំលោភបំពានរបស់អ្នកស្រី Conway មិនត្រូវទទួលទណ្ឌកម្មទេ ការណ៍នេះនឹងផ្ញើសារមួយទៅកាន់មន្ត្រីរដ្ឋាភិបាលសហព័ន្ធថា ពួកគេមិនចាំបាច់ គោរពតាមច្បាប់ Hatch Act នោះទេ។ ដូច្នេះ សកម្មភាពរបស់អ្នកស្រី ធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់យើង»។
ខណៈដែលទីភ្នាក់ងារទាំង២មានអំណាចក្នុងការស៊ើបអង្កេត OSC ត្រូវបានចាត់ទុកថាមានអំណាចជាងOGE ទីភ្នាក់ងារទាំង២ មិនមានអំណាចប្រតិបត្តិអនុសាសន៍របស់ខ្លួនទេ។
លោក Richard Painter ដែលបានធ្វើជាប្រធានខាងសីលធម៌របស់សេតវិមាននៅក្រោមអាណត្តិអតីតប្រធានាធិបតី George W. Bush បាននិយាយថា នេះជាបញ្ហាដែលចាំបាច់ត្រូវតែកែប្រែ។
លោក Painter និយាយថា «ខ្ញុំយល់ស្របថា ប្រសិនបើ ការិយាល័យក្រុមប្រឹក្សាពិសេសផ្តល់អនុសាសន៍ថា បុគ្គលិកម្នាក់ត្រូវបានបញ្ឈប់ពីការងារ អនុសាសន៍នោះ ត្រូវតែតម្រូវឲ្យប្រធានាធិបតីធ្វើតាម។ ខ្ញុំមានអារម្មណ៍ដូចគ្នានឹងការិយាល័យទទួលបន្ទុកសីលធម៌របស់រដ្ឋាភិបាលដែរ»។
ដើម្បីពង្រឹងទីភ្នាក់ងារ OGE ពួកគណបក្សប្រជាធិបតេយ្យនៅសភា ដែលគាំទ្រដោយអង្គការឃ្លាំមើលរដ្ឋាភិបាល កំពុងដាក់ការគាបសង្កត់ឲ្យមានកំណែទម្រង់ខាងសីលធម៌កាន់តែខ្លាំងឡើង។
កាលពីខែមុន លោកRichard Blumenthal សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនិងលោកJamie Raskin តំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យ បានដាក់ស្នើសេចក្ដីព្រាងច្បាប់ដែលនឹងអនុញ្ញាតឲ្យទីភ្នាក់ងារនោះធ្វើទៅតាមការដាក់ពិន័យដូចជា បណ្ដេញបុគ្គលិកដែលរំលោភបំពានហើយនឹងការពារនាយក OGE មិនឲ្យទទួលការបណ្ដេញចេញពីការងារ ដោយគ្មានមូលហេតុ។
លោក Blumenthal បាននិយាយថា «ច្បាប់នោះ នឹងផ្ដល់ឲ្យអង្គការឃ្លាំមើលខាងសីលធម៌នូវអំណាចពិតប្រាកដ»។
ប៉ុន្តែ ពួកគណបក្សសាធារណរដ្ឋ ជំទាស់ប្រឆាំងនឹងច្បាប់នោះដោយមើលឃើញច្បាប់នោះថា មានលក្ខណៈវាយប្រហាររដ្ឋបាលរបស់ប្រធានាធិបតីត្រាំ ច្រើនជាងការខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរឡើងនូវសីលធម៌នៅក្នុងរដ្ឋាភិបាល។
អ្នកស្រី McGehee បាននិយាយថា «មានការចំអកគឺថា ប្រធានាធិបតីត្រាំ បានចូលកាន់ដំណែងដោយនិយាយអំពីការផ្លាស់ប្ដូរអ្វីដែលចាស់គំរឹល ក៏ប៉ុន្តែ អត្តចរិតចាស់គំរឹលខ្លះ មិនត្រូវបានគេត្រួតពិនិត្យ»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា