ភាព​តាន​តឹង​បន្ត​​កើន​ឡើង ​ខណៈ​​លោក​ ហ៊ុន​ សែន​​​ប្រកាស​ផ្អាក​ការ​ស្វែង​រក​អដ្ឋិ​ធាតុ​ទាហាន​អាមេរិក

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​ទៅកាន់​កម្មករ​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ២០១៧។​ (AP Photo/Heng Sinith)

ក្នុង​ពេល​ជួប​ជាមួយ​កម្មករ​កាត់ដេរ​នៅ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ហ៊ុន សែន បាន​បង្កើន​ប្រតិកម្ម​ប្រឆាំង​នឹង​អាមេរិក ដោយ​លោក​ថា ចំណាត់​ការ​របស់រដ្ឋាភិបាល​ផ្អាក​ការ​ស្វែង​រក​អដ្ឋិ​ធាតុ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អាមេរិក​ដែល​បាន​សម្រេច​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​​ក្រសួង​ការបរទេស​កម្ពុជា​តាំង​ពី​កម្រិត​អគ្គ​នាយក​ដល់​រដ្ឋ​មន្ត្រី។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រកាស​ថា ​កម្ពុជា​សម្រេច​ផ្អាក​បណ្តោះ​អាសន្ន​នូវ​ការ​ស្វែង​រក​អដ្ឋិធាតុ​របស់​កង​ទ័ព​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ក្នុង​សម័យ​សង្រ្គាម​វៀតណាម ​ហើយវា​ជា​ការ​ឆ្លើយ​តប​នឹង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump)​ មិន​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រីកម្ពុជា​និង​គ្រួសារ។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​កាលពី​ថ្ងៃ​ពុធ​ ​បាន​ប្រកាស​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោ​ប្រវេសន៍​ ឲ្យមន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ជា​ផ្នែក​មួយ​នៃ​ទណ្ឌកម្ម​ ដែល​ឆ្លើយ​តប​នឹង​ក្រុម​ប្រទេស​ដែល​មាន​ការ​យឺតយ៉ាវ​ ​ឬ​មិន​ព្រម​ទទួល​ជនជាតិ​របស់​ខ្លួនពី​សហរដ្ឋ​អាមេរិក​វិញ​ ក្រោយ​ពី​ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស។

ក្នុង​ពេល​ជួប​ជាមួយ​កម្មករ​កាត់ដេរ​នៅ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​លោក ហ៊ុន សែន ​បាន​បង្កើន​ប្រតិកម្ម​ប្រឆាំង​នឹង​អាមេរិក ​ដោយ​លោក​លើកឡើង​ថា ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ផ្អាក​ការ​ស្វែង​រក​អដ្ឋិ​ធាតុទាហាន​អាមេរិកាំង​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អាមេរិក​ដែល​បាន​សម្រេច​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​តាំង​ពី​កម្រិត​អគ្គ​នាយក​ដល់​រដ្ឋ​មន្ត្រី។​

លោក ហ៊ុន សែន ​បាន​ថ្លែង​ថា៖​

«ជា​ការ​ឆ្លើយត​ប​ កម្ពុជា​ប្រាប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ថា ​កិច្ច​សហប្រតិបត្តិ​រុក​រក​អដ្ឋិធាតុ ​ឬ​ក៏​ថា​ ឆ្អឹង​ខ្មោច​អាមេរិកាំងបាត់​ខ្លួន​នៅ​កម្ពុជា…នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន»។​

​លោក​ ហ៊ុន​ សែន​​ បាន​បញ្ជាក់​បន្ថែម​ថា៖​

«យើង​ក៏​សូម​ប្រកាស​ថា​ យើង​មិន​លុប​ចោល​ទេ ​តែ​សុំ​ផ្អាក​ជា​បណ្តោះ​អាសន្ន ​បើ​អាមេរិក​មិន​ផ្តល់​ឲ្យ​យើង​ត្រឡប់​មក​វិញ ​យើង​ក៏​មិន​បន្ត​សហការ​ជាមួយ​អាមេរិក​លើ​បញ្ហា​នេះ ​ហើយ​សូម​ឪពុកម្តាយ ​និង​ក្រុមគ្រួសារ​នៃ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន ​កុំ​បន្ទោស​រដ្ឋាភិបាល​កម្ពុជា។​ បើ​ចង់​បន្ទោស​ បន្ទោស​ស្ថាន​ទូត​អាមេរិក​នៅ​កម្ពុជា ​និង​បន្ទោស​រដ្ឋបាល​អាមេរិក​ទៅ។ ​អ្នក​ឯង​ចេះ​ធ្វើ​មក​លើ​ខ្ញុំ ​ខ្ញុំ​ក៏ចេះ​ធ្វើ​លើ​អ្នក​ឯង​វិញ​ដែរ។ ​នេះ​ជា​ការ​ឆ្លើយ​តប​មួយ​ទៅ​មួយ​មក​ តែ​ប៉ុណ្ណឹង​ទេ»។

ទាហាន​អាមេរិក​បួននាក់​សែង​មឈូសដែល​ត្រូវ​រុំ​ដោយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក ហើយ​ដែល​មាន​តម្កល់​អដ្ឋិធាតុគេ​សង្ស័យ​ថា​ជា​របស់​អតីត​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​សម័យ​សង្គ្រាម នៅ​ក្នុង​ពិធី​មួយ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤។ អដ្ឋិធាតុ​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​។ (AP Photo/Heng Sinith)

​បើ​តាម​របាយ​ការណ៍​របស់​អាមេរិក ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា​​មាន​ចំនួន​៩០​នាក់ ​ហើយ​ក្នុង​នោះ​៤២​នាក់​ត្រូវ​បាន​រក​ឃើញ​ហើយ​រហូត​ម​ក​ដល់​ពេល​នេះ។​ ទាហាន​អាមេរិកាំង​​សរុប​ចំនួន​២៦៤៦​នាក់​បាន​បាត់​ខ្លួន​ក្នុង​ប្រទេស​វៀតណាម ​ឡាវ ​កម្ពុជា ​និង​ប្រទេស​ចិន ​កាល​ពី​សម័យ​សង្រ្គាម​វៀតណាម។​ អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ជាង១៦០០​នាក់​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​ រហូត​មក​ដល់​ពេល​នេះ ​ក្នុង​នោះ​មានជាង​១២០០​នាក់​បាត់​ខ្លួនក្នុងទឹក​ដី​វៀត​ណាម។​

​បើ​តាម​លោក ហ៊ុន សែន ​កម្ពុជា​បាន​ធ្វើ​កិច្ចការ​ស្វែង​រក​អដ្ឋិធាតុ​នេះ ​​តាំង​ពី​ទស​វត្សរ៍​១៩៨០​ ហើយ​គម្រោង​ឆ្នាំ​ក្រោយត្រូវ​ធ្វើច្រើន នៅ​ក្នុង​ខេត្ត​ស្វាយរៀង ​រតនគិរី ​និង​មណ្ឌល​គិរី។​

លោក ​ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖​

«បើក​ការ​ចរចា​ជា​កញ្ចប់ ​បើ​សិន​ជា​បើក។ ​អ្នក​ឯង​ផ្តល់ទិដ្ឋាការ​ឲ្យ​ខ្ញុំ ​ខ្ញុំ​ផ្តល់​ទិដ្ឋាការ​រុក​រក​ខ្មោច​ឲ្យ​អ្នក​ឯង។​ ហ្នឹង​ហើយ​ដែល​ហៅ​ប្រទេស​ឯករាជ្យ ​និង​អធិបតេយ្យ ​គឺ​វា​យ៉ាង​ដូច្នេះ»។​

បើ​តាម​លោក ​ហ៊ុន ​សែន ​ក្រសួង​ការ​បរទេស​កម្ពុជា ​នឹង​ផ្ញើ​កំណត់​ទូត​ទៅ​កាន់​សហ​រដ្ឋអាមេរិក​ នា​ពេល​ឆាប់ៗ​នេះ ​ជុំវិញ​ការ​ផ្អាក​កិច្ច​សហ​ប្រតិបត្តិការ។​

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក William Heidt ​បាន​ថ្លែង​ថា ​ស្ថានទូត​មិន​ទាន់​បាន​ទទួល​កំណត់ទូត​ផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​នោះទេ។ ​លោក​ចាត់​ទុក​ថា ​ជា​រឿង​សោក​ស្តាយ​មួយ ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​កិច្ច​សហប្រតិបត្តិ​ការ​នេះ។

ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក​ William Heidt កំពុង​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មានបន្ទាប់​ពី​ពិធីស្បថចូលបំពេញការងារ​សំរាប់​អ្នកស្ម័គ្រចិត្តថ្មី Peace Corps លើក​ទី​១១​កាលពី​ថ្ងៃទី​១៥ កញ្ញា ២០១៧។(ទុំ ម្លិះ/VOA)

លោក​បាន​ថ្លែង​ថា៖​

«ខ្ញុំ​មិន​ដឹង​ថា​ ពាក្យ​ពេចន៍​ [នាយក​រដ្ឋមន្រ្តីខ្មែរ]​យ៉ាង​ម៉េច​នៅ​ឡើយ។ ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា ​ពួក​គេ​នឹង​ធ្វើ​អ្វី។ ​អ្នក​ដឹង​ទេ ​យើង​ឲ្យ​តម្លៃ​ទៅ​លើ​គ្រប់​ផ្នែក​នៃ​ទំនាក់​ទំនង​របស់​យើង។ ​យើង​ឲ្យ​តម្លៃ​កិច្ច​សហប្រតិបត្តិ​ការ​នេះ ​ហើយ​ប្រសិន​បើ​ចង់​ផ្អាក​វា ​ហើយ​ប្រសិន​បើ​វា​កើត​ឡើង​ វា​ជា​រឿង​សោក​ស្តាយ​មួយ»។​

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​លោក ​Arend Zwartjes ​បាន​ថ្លែង​ប្រាប់​ VOA​ តាម​រយៈ​អ៊ីម៉េល ​ឬ​សារ​អេឡិច​ត្រនិក​ថា​ រហូត​មក​ដល់ពេលនេះ ​ស្ថានទូត​បាន​ឃើញប្រតិកម្ម​របស់​លោក ​ហ៊ុន សែន ​លើ​ករណី​នេះ​តាម​រយៈ​ទំព័រ​សារ​ព័ត៌មាន។​ តែ​ស្ថានទូត​មិន​ទាន់​ទទួល​បានកំណត់​ទូត​ណា​មួយ​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ខ្មែរ​នៅ​ឡើយ។​

លោក​បញ្ជាក់​ថា៖​

«កម្ពុជា និង​សហ​រដ្ឋអាមេរិក​បាន​រីករាយជាមួយ​គ្នា​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិ​ដ៏​ខ្លាំងក្លា​លើ​កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​អដ្ឋិធាតុ ​ហើយ​នេះ​ជាការ​ដឹង​គុណច្រើន​ដល់​កម្ពុជា។ ​ដោយសារ​កិច្ច​សហ​ប្រតិបត្តិការ​នេះ ​សហរដ្ឋ​អាមេរិក​អាច​កំណត់​សញ្ញា ​និង​រក​ឃើញ​អដ្ឋិធាតុ​ទាហាន​៤២​នាក់​ហើយ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​សម័យ​សង្រ្គាម​ឥណ្ឌូចិន»។​

កំដៅនយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង ​ហើយ​មាន​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​មក​លើ​សហ​រដ្ឋ​អាមេរិក​ ​ពី​បណ្តាញ​សារ​ព័ត៌មាន​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ ​ ​ពីមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។ ​ចុង​ក្រោយ​នេះ​ ​កម្ពុជា​បាន​ចោទ​ថា ​អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ ​និង​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​លោក​ ​William Heidt​ ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ច្រាន​ចោល​កាល​ពី​ថ្ងៃ​អង្គារ។​

នៅ​ថ្ងៃ​នេះ​ផង​ដែរ ​លោក ហ៊ុន សែន ​បាន​អះអាង​ថា៖​

«កម្ពុជា​គ្មាន​ចេតនា​រក​រឿង​ជាមួយ​អាមេរិក​ទេ​ ប៉ុន្តែ​សូម​អាមេរិក​កុំ​មើល​កម្ពុជា​ក្នុង​កែវ​ភ្នែក​អាក្រក់»។ ​

លោក​ ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ និង​អតីតប្រធានាធិបតី​អាមេរិក​មួយ​ចំនួន ​និង​ប្រធានាធិបតី​បច្ចុប្បន្ន​ លោក ដូណាល់ ត្រាំ ​ឆ្លើយ​តប​នឹងការ​ថ្លែង​របស់​លោក ​កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ​ដោយ​ត្រូវ​ចោទ​ថា ​ក្បត់​ជាតិ ​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ហើយ​​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​នៅ​ពី​ក្រោយ​រឿង​នេះ។​

លោក​ហ៊ុន សែន ​បាន​ថ្លែង​ថា៖​

«​​ខ្ញុំ​ចង់​សួរ​ឯក​ឧត្តម​ឲ្យ​ឆ្លើយ​បំភ្លឺ​ តើ​សម្តី​កឹម សុខា​ត្រឹមត្រូវ​ ឬ​អត់?​ ព្រោះ​យើង​មិន​បាន​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេរិក​ទេ។​ ប៉ុន្តែ​កឹម សុខា ទេ​ជា​អ្នក​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេរិក​ថា​ ​បាន​ណែនាំ​អំពី​វិធី​ផ្តួ​ល​រំលំ ​ផ្លាស់ប្តូរ ​តាម​របៀប​នៅ​យូហ្គូស្លាវី ​និង​ស៊ែប៊ី ​ហើយ​បញ្ជូន​សាស្រ្តាចារ្យ​មក​អនុវត្ត​នៅ​កម្ពុជា។​ ​តើ​មែន​ឬ​មិនមែន? តើ​កឹម សុខា​ចោទ​អាមេរិក ​ឬ​អាមេរិក​ចោទ​កឹម សុខា? ​សូម​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ចេញ​មក​ធ្វើ​ការ​បកស្រាយ​លើ​រឿង​នេះឲ្យ​បាន​ច្បាស់»។​

លោកស្រី​ Elizabeth ​Becker ​អ្នក​សារ​ព័ត៌​មាន​អាមេរិក​ជើង​ចាស់​ ​ដែល​ធ្លាប់​មក​រាយ​ការណ៍​ព័ត៌មាន​កាល​ពីសម័យ​សង្គ្រាម​វៀតណាម​ ​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក ​ហ៊ុន​ សែន ​ទំនង​ជា​កំពុង​តែ​រុញ​សហ​រដ្ឋអាមេរិក ​ដើម្បី​ឲ្យ​គេ​ចាត់​ទុក​ថា ​«អាមេរិក​ជា​មនុស្ស​អាក្រក់»។​

លោកស្រី​បញ្ជាក់​ប្រាប់​ VOA ​តាម​រយៈ​អ៊ីម៉េល​ថា៖​

«ហ៊ុន សែន ​កំពុង​តែ​ព្យាយាម​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់ពី​ការ​វាយ​ប្រហារ​របស់​លោកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និង​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ ​ដូច្នេះ​លោក​បាន​បង្ហាញ​ ដូច​លោក​ជា​មេ​ដឹកនាំ​ដែល​គាប​សង្កត់ ​ហើយ​​ចាត់​ទុក​ជាតិ​បរទេស​មួយ​ជា​សត្រូវ»។​

លោកស្រី Elizabeth Becker អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

លោក​ស្រី​បន្តថា ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​បាន​ផ្តល់​សារ​ខ្លាំងក្លា​មក​កាន់​រដ្ឋាភិបាល​កម្ពុជា ​និង​បាន​លើក​ឡើង​ពី​ការ​ជួយ​របស់​អាមេរិក​មក​លើ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩០។​

លោកស្រី​បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​សង្ឃឹម​ថា​ ប្រជាជន​កម្ពុជា​យល់​ថា ​បញ្ហា​ដែល​កើត​ឡើង​រវាង​របប​លោក ​ហ៊ុន សែន ​និង​អាកប្បកិរិយា​បែប​ផ្តាច់ការ​នេះ​ ​មិន​មាន​អ្វី​ទាក់ទង​នឹង​សហ​រដ្ឋអាមេរិក​នោះ​ទេ»។​

លោក​ ឈាង វណ្ណារិទ្ធិ ​អ្នកស្រាវ​ជ្រាវ​អំពី​តំបន់អាស៊ីប៉ាស៊ីហ្វិក ​នៅ​វិទ្យា​ស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ (ISEAS)​ដែលមាន​មូល​ដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ មាន​ប្រសាសន៍​ថា ​ភាព​តាន​តឹង​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង ​ដោយ​លោក​បារម្ភ​ថា​ ​អាមេរិក​ទំនង​ជានឹង​ចាត់​វិធានការ​ខ្លាំងក្លា​បន្ថែម​ទៀត​មក​លើ​កម្ពុជា។ ​លោក​បន្ត​ថា ​សកម្ម​ភាព ​និង​ប្រតិកម្ម​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ។​

សម្រាប់​លោក ឈាង វណ្ណារិទ្ធ​ ​កម្រិត​នៃ​ការ​ជឿទុកចិត្ត​គ្នា​រវាង​កម្ពុជា ​និង​អាមេរិក​ នៅមាន​តិច​តួច​នៅ​ឡើយ។​ លោក​យល់​ថា ​កម្ពុជា​គួរ​បើក​ទ្វារ​ចំហ​បន្ថែម​ក្នុង​ការ​ពិភាក្សា​ជាមួយ​អាមេរិក​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ៕