ប្រធានាធិបតី​តួកគី ព្រមាន​រុស្ស៊ី​កុំឲ្យ​ឈ្លាន​ពាន​​ប្រទេស​អ៊ុយក្រែន

រូបឯកសារ៖ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ថ្លែង​ទៅកាន់​ពាណិជ្ជករ​អំឡុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

ប្រធានាធិបតី​តួកគី​លោក Tayyip Erdogan កាលពី​ថ្ងៃ​អង្គារ ​បាន​ព្រមាន​ប្រទេស​រុស្ស៊ី​កុំ​ឲ្យឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ហៅ​អតីត​សាធារណរដ្ឋសូវៀត​មួយ​នេះ​ថា ជា​ប្រទេ​ស​មាន​អំណាច​ដោយ​មានការគាំទ្រ​ពី​មិត្តភ័ក្ត​អន្តរជាតិ។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការផ្តល់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) របស់​តួកគី​ទៅ​ឲ្យ​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​រុស្សី​ខឹង​សម្បាយ៉ាងខ្លាំង ដោយរុស្សី​បារម្ភ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំង​នោះ អាច​ត្រូវ​ប្រើ​ដោយរដ្ឋាភិបាល​អ៊ុយក្រែន​នៅ​ក្នុង​ជម្លោះ​ដ៏យូរ​អង្វែង​របស់​ខ្លួន​នៅ​ក្នុង​តំបន់ពីរ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ដែលកំពុង​ទាម​ទារ​បំបែក​ខ្លួន​ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ថ្លែង​បា្រប់​ក្រុម​អ្នកសារព័ត៌មានតួកគី​នៅ​ក្នុងប្រទេស​អាល់បានី លោក Erdogan និយាយ​ថា​ លោក​មាន​បំណង​នឹង​ពិភាក្សាពី​ភាពតានតឹង​ដែល​កំពុង​កើន​ឡើង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin។

សារព័ត៌មាន​តួកគី បាន​ស្រង់​សម្តី​លោក Erdogan មក​ចុះ​ផ្សាយ​ថា «អ្នក​មិន​អាច​ដោះស្រាយ​រឿង​នេះ​ដោយ​និយាយ​ថា ខ្ញុំ នឹង​ឈ្លានពានប្រទេស​ណា​មួយ​ ឬ​ដណ្តើម​យក​ប្រទេស​ណា​មួយ​នោះ​ទេ។ ខ្ញុំ​មិន​មើល​ឃើញ​ថា ការឈ្លានពាន​របស់​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ជា​ជម្រើស​ប្រាកដ​និយមនោះ​ឡើយ ពី​ព្រោះ អ៊ុយក្រែន​មិន​មែន​ជា​ប្រទេស​ធម្មតា​នោះ​ឡើយ។ អ៊ុយក្រែន​ ជា​ប្រទេស​មួយ​ដែល​មាន​អំណាច»។ នេះ​បើ​តាម​ប្រធានាធិបតី​តួកគី​លោក Erdogan ដែល​បាន​គាំទ្រ​សេចក្តី​ប្រាថ្នា​របស់​អ៊ុយក្រែន ​ធ្វើ​ជា​សមា​ជិក​របស់​អង្គការ​អូតង់។

កាល​ពី​ខែ​ធ្នូ ប្រធានាធិបតី​រុស្ស៊ីលោក Putin បាន​រិះគន់​អ៊ុយក្រែន​ចំពោះ​ការដាក់​ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​តួកគី ​ហើយបាន​ជំរុញ​ដល់​រដ្ឋាភិបាល​តួកគី​ឲ្យ​ដាក់​គំនាប​លើ​រដ្ឋាភិបាលអ៊ុយក្រែន ​មិន​ឲ្យ​ប្រើ​ឧបករណ៍​យោធាប្រភេទ​នេះ។

តួកគី បាន​ឆ្លើយតប​វិញ​ដោយ​និយាយ​ថា ខ្លួនមិន​មែន​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​ប្រើយន្តហោះគ្មាន​មនុស្ស​បើក​ដែល​ត្រូវ​បាន​លក់ទៅ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ។

ប្រទេស​លោក​ខាង​លិច បាន​ចោទ​ប្រកាន់​រុស្ស៊ីថា បាន​ដាក់​ពង្រាយ​រថក្រោះ កាំភ្លើង​ត្បាល់​ និង​កងទ័ព​ប្រមាណ១សែន​នាក់​នៅតាម​បណ្តោយ​ព្រំដែនភាគ​ខាង​ជើង​ និង​ខាង​កើត​ជាមួយ​ប្រទេស​អ៊ុយក្រែន និង​នៅ​ក្នុង​ការប្រុងប្រៀប​រៀបចំ​អំពី​លទ្ធភា​នៃ​ការចូល​ឈ្លាន​ពាន៕