លោក Erdogan ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុងម៉ូស្គូ​ខណៈទាហាន​តួកគី​ត្រៀម​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ីរី

រូបឯកសារ៖ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan

ទាំងរដ្ឋាភិបាល​ក្រុងអង់ការ៉ា​ និង​រដ្ឋាភិបាលក្រុងម៉ូស្គូ​បាន​គាំទ្រ​ភាគីជម្លោះ​នៅក្នុង​សង្គ្រាម​ស៊ីវិល​របស់​ស៊ីរី​ ដែល​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង​របស់​តួកគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​កាល​ពី​ឆ្នាំ២០១៥។

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan នឹង​ជួប​ជាមួយ​សមភាគីរុស្ស៊ី​លោក Vladimir Putin នៅក្នុង​ទីក្រុង​ម៉ូស្គូ​នៅ​ថ្ងៃពុធ​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់​ពី​កងកម្លាំង​តួកគី​កំពុង​ត្រៀមខ្លួន​បើក​ប្រតិបត្តិការ​យោធា​ធំមួយ​ប្រឆាំង​នឹង​កងជីវពល YPG ស៊ីរីឃឺត។

លោក Erdogan បាន​សរសេរ​នៅក្នុង​សារព័ត៌មាន​ប្រចាំ​ថ្ងៃ Kommersan tរបស់​រុស្ស៊ី​កាល​ពី​សប្តាហ៍​មុន​ថា«យើង​នឹង​មិន​ស្នើសុំ​ការ​ពិគ្រោះ​យោបល់​អំពី​វិធានការ​ដោះស្រាយ​ជាមួយ​នឹង​ក្រុមភេរវកម្ម​ពី​អ្នក​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ពលរដ្ឋ​របស់​យើង​ដោយ​ផ្ទាល់អស់រយៈពេល​ជាង៣០ឆ្នាំ​ ឬ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ដើម្បី​បង្រ្កាប​ពួកភេរវកម្ម​នោះ​ទេ»។ រដ្ឋាភិបាល​ក្រុងអង់ការ៉ា​បាន​ចាត់​ទុក​ក្រុម YPGនិង​ដៃគូ​នយោបាយ​របស់​ក្រុម​នេះ​គឺ​អង្គការភេរវកម្ម PYD ថា​ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុមបះបោរ​នៅក្នុង​ប្រទេសតួកគី។

ទាំងរដ្ឋាភិបាល​ក្រុងអង់ការ៉ា​ និង​រដ្ឋាភិបាលក្រុងម៉ូស្គូ​បាន​គាំទ្រ​ភាគីជម្លោះ​នៅក្នុង​សង្គ្រាម​ស៊ីវិល​របស់​ស៊ីរី​ ដែល​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង​របស់​តួកគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​កាល​ពី​ឆ្នាំ២០១៥។ ចាប់តាំង​ពីពេល​នោះ​មក​ប្រធានាធិបតី​ប្រទេស​ទាំងពីរ​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើម្បីបញ្ចប់​ជម្លោះ​នេះ។

លោក Erdogan និង​លោក Putinធ្លាប់​បាន​ជួបប្រជុំ​ទល់​មុខ​គ្នា​ចំនួន៧​លើក​កាល​ពីឆ្នាំ២០១៨ និង​តាម​ទូរស័ព្ទចំនួន១៧ដង​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនងទ្វេរភាគី​ ជា​ពិសេស​អំពី​បញ្ហាស៊ីរី។ លោក Putin បាន​ផ្តល់​ភ្លើងបៃតង​ដល់​ប្រតិបត្តិការ​របស់​ទាហាន​តួកគី​ចំនួនពីរ​កាល​ពីពេលមុន​ដើម្បី​ប្រឆាំង​នឹងក្រុម YPGដែល​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​តំបន់​ដ៏​ធំ​មួយ​របស់ ស៊ីរី​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុងអង់ការ៉ា៕