លោក Erdogan បន្ត​ក្តោប​អំណាច​ដោយ​ការ​ឈ្នះ​ឆ្នោត​ដ៏​សម្បើម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (រូប​ស្តាំ) និង​ភរិយា​របស់​លោក​គឺ​លោកស្រី Emine បក់​ដៃ​ដាក់​អ្នក​គាំទ្រ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ប្រធានាធិបតី​របស់​ប្រទេស​តួកគី លោក Recep Tayyip Erdogan បាន​ជាប់​ឆ្នោត​​ជា​ថ្មី​ម្តង​ទៀត​ ដោយ​លោក​បាន​ឈ្នះ​ជាង​ពាក់​កណ្តាល​នៃ​សំឡេង​ឆ្នោត​ នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​មួយ។ គណបក្ស​ប្រឆាំង​ជា​ដំបូង​មិន​បាន​ទទួល​ស្គាល់​លទ្ធផល​នេះ​ទេ​ ប៉ុន្តែ​ក្រោយ​មក​ប្រធាន​បក្ស​ប្រឆាំង​មួយ​នេះ​បាន​ទទួល​យក​លទ្ធផល​បោះឆ្នោត​នេះ។ បច្ចុប្បន្ន​នេះ​លោក Erdogan ក្តោប​អំណាច​សារ​ជា​ថ្មី​ម្តង​ទៀត។

អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ Erdogan​ នៅ​ទូទាំង​ប្រទេស​ បាន​អបអរ​សាទរ​នឹង​ការ​ឈ្នះ​ឆ្នោត​របស់​លោក Erdogan។ បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​របស់​ប្រទេស​ តួកគី​ លោក Erdogan បាន​ឈ្នះ​សំឡេង​ឆ្នោត​ប្រមាណ​ជា​៥៣​ភាគរយ។ លោក​ប្រធានាធិបតី​វ័យ​៦៤​ឆ្នាំ​រូប​នេះ​ បាន​ថ្លែង​សុន្ទរកថា​ជ័យជម្នះ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​របស់​លោក​នៅ​ក្នុង​ទីក្រុង​ Ankara។

លោក Erdogan បាន​និយាយ​ថា​ លោក​បាន​ទទួល​សារ​ ដែល​បាន​ដាក់​នៅ​ក្នុង​ហឹប​ឆ្នោត​ ដោយ​បន្ថែម​ថា​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​អ្នក​គាំ​ទ្រ​ដែល​លោក​ទទួល​បាន​ក្នុង​ការ​បោះឆ្នោត​នេះ។

គណបក្ស​ប្រឆាំង​ដំបូង​ឡើយ​ មិន​បាន​ទទួល​ស្គាល់​លទ្ធផល​នេះ​ទេ​ ដោយ​លើក​ឡើង​ថា​លទ្ធផល​នេះ បាន​ប្រកាស​នៅ​ខណៈ​ពេល​ដែល​សន្លឹក​ឆ្នោត​ជា​ច្រើន​មិន​ទាន់​បាន​រាប់​នៅ​ឡើយ។ រូបភាព​ជា​ច្រើន​នៃ​គំនរ​សន្លឹក​ឆ្នោត​ដែល​មិន​បាន​រាប់​នៅ​ឡើយ​នោះ​ ត្រូវ​បាន​ចែកចាយ​នៅ​តាម​បណ្តាញ​ព័ត៌មាន​សង្គម។

បេក្ខជន​ប្រកួត​ប្រជែង​ប្រធានាធិបតី​ដ៍​សំខាន់​បំផុត​ លោក Muharrem Ince បាន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក Erdogan បើ​តាម​សារ​ដែល​លោក​បាន​ផ្ញើ​ទៅ​អ្នក​រាយការណ៍​ព័ត៌មាន​តួកគី​ម្នាក់​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ការ​បោះឆ្នោត​នេះ​ គឺ​មិន​មាន​ភាពយុត្តិធម៌​ទេ។ លោក Ince បាន​ទទួល​សំឡេង​ប្រមាណ​ជា​៣១​ភាគរយ​នៃ​សំឡេង​ឆ្នោត​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​នេះ។

លោក Erdogan ចូល​កាន់​តំណែង​សារ​ជា​ថ្មី​ដោយ​អនុលោម​ទៅ​តាម​ការបោះឆ្នោត​ប្រជាមតិ​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​មុន​ ដែល​ផ្ទុយ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា​លួច​បន្លំ​សន្លឹក​ឆ្នោត។ ប្រធានាធិបតី​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មីថ្មោង​នេះ​ បាន​សន្យា​ក្នុង​ការ​ជំរុញ​ឲ្យ​កាន់​តែ​លឿន​នូវ​របៀបវរៈ​នយោបាយ​របស់​លោក។

លោក Erdogan បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា​ ប្រទេស​តួកគី​នឹង​មិន​ធ្វើ​ឲ្យ​ខាត​ពេល​តទៅ​ទៀត​ឡើយ។ លោក​បាន​ថ្លែង​ថា​ ទង់ជាតិ​របស់​ប្រទេស​តួកគី​ នឹង​បក់​ដោយសេរី​ជាង​មុន​ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ដល់​សន្តិភាព​សម្រាប់​ប្រជា ពលរដ្ឋ​គ្រប់រូប​ ដោយ​ជ័យជម្នះ​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ។

លោក Erdogan បាន​ថ្លែង​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ភេរវកម្ម​ដែល​ជា​សត្រូវ​របស់​ប្រទេស​តួកគី នឹង​នៅ​តែ​បន្ត។ ចាប់​តាំង​ពី​ការ​បរាជ័យ​នៃ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៦​ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ ដោយ​រួម​បញ្ចូល​ទាំង​អ្នក​កាសែត​ជាង​១០០​នាក់​ផង​ដែរ។

លោក Erdogan ក៍​បាន​សន្យា​បន្ត​កិច្ច​ប្រតិបត្តិ​ការ​យោធា​ ដែល​លោក​បាន​ប្រើ​ពាក្យ​ថា​ដើម្បី​ «រំដោះ​ប្រទេស​ស៊ីរី»។ កង​កម្លាំង​យោធា​របស់​ប្រទេស​តួកគី​ កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កង​កម្លាំង​របស់​Kurdនៅ​ក្នុង​ដែល​រដ្ឋាភិបាល​ទីក្រុង​ Ankara​ បាន​ចោទ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ចលនា​បះបោរ​ក្នុង​ប្រទេស​តួកគី។

ការ​ក្តាប់​អំណាច​របស់​ប្រធានាធិបតី​តួកគី​ គឺ​កាន់​តែ​រឹងមាំ​ថែមទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា ដែល​ធ្វើ​ឡើង​នៅ​ពេល​ទន្ទឹម​គ្នា​នោះ។ គណបក្ស​យុត្តិធម៌​ និង​ការ​អភិវឌ្ឍន៍​ (AKP) របស់​លោក​ Erdogan នឹង​បន្ត​គ្រប់គ្រង​រដ្ឋសភា​ បើ​ទោះ​ជា​គណបក្ស​នេះ​ត្រូវ​ការ​ការ​គាំទ្រ​ពី​គណបក្ស​ជាតិនិយម ​(MHP) ដែល​គណបក្ស​របស់​លោក​ Erdogan បាន​បង្កើត​ជា​បក្ស​សម្ព័ន្ធ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។

គណបក្សប្រជាធិបតេយ្យ​សម្រាប់​ប្រជាជន​ ដែល​មាន​និន្នាការ​គាំទ្រ​ជនជាតិ​ Kurd​ (HDP) ដែល​ត្រូវ​បាន​លោក​ Erdogan ចោទ​ប្រកាន់ថា​ជា​ភេរវករ​នោះ​ ក៏​មាន​សំឡេង​ក្នុង​សភា​ដែរ​ ដោយ​បាន​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​ទីពីរ​នៅ​ក្នុង​សភា​របស់​ប្រទេស​តួកគី។

ជ័យជម្នះ​ដ៏​ធំធេង​របស់​លោក​ Erdogan​ គឺ​ខុស​ពី​ការ​ស្រង់​មតិ​ជា​សាធារណៈ​ ជា​ច្រើន​ ដែល​ថា​នឹង​មាន​ភាព​ប្រកិត​គ្នា​នោះ។

លោក​ Erdogan​ គឺ​ត្រូវ​បាន​មើល​ឃើញ​ថា​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់​ ជាមួយ​នឹង​អំណាច​ និង​អាណត្តិ​ប្រធានាធិបតី​របស់​លោក៕

ប្រែសម្រួល​ដោយ យូ សុធារី