តំណាងសហគមន៍ដែលអាចនឹងរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ប្រទេសឡាវ និងអ្នកការពារបរិស្ថាន ស្នើឲ្យការប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ធ្វើការពិភាក្សាឲ្យបានច្រើនអំពីទំនប់វារីអគ្គិសនីមួយនេះ ដោយសារតែពួកគេយល់ថាទំនប់នេះ នឹងបង្កវិនាសកម្មដល់ធនធានត្រី។
ការស្នើរបស់ពួកគេកើតមាន ខណៈដែលសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំ១០ប្រទេសដែលជាសមាជិកអាស៊ាន សម្រាប់កិច្ចប្រជុំកំពូលដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ។ ជំនួបកំពូលនេះនឹងត្រូវរៀបចំនៅក្នុងកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅទីនោះ មេដឹកនាំអាស៊ានទាំង១០ នឹងជួបលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទព័ត៌មានធ្វើឡើងនៅឯទីស្នាក់ការរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា NGO Forum លោក ឡូង សូចែត ប្រធានសម្ព័ន្ធភាពប្រជានេសាទកម្ពុជានៃខេត្តពោធិ៍សាត់ ថ្លែងថា ការស្នើនេះគឺធ្វើឡើង បន្ទាប់ពីការអំពាវនាវជាច្រើនលើកច្រើនសារឲ្យបញ្ឈប់ការសាងសង់ទំនប់នេះ។
«កន្លងមកទាក់ទងនឹងដនសាហុង ធ្លាប់មានការពិភាក្សាដែរ។ ប៉ុន្តែយើងបានបង្ហាញអំពីទស្សនៈ និងគោលជំហររបស់សហគមន៍នៅក្នុងបឹងទន្លេសាបថា យើងអត់ទទួលយកការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅដនសាហុង។ យើងមិនអាចឯកភាព យើងមិនព្រមឲ្យមានការសាងសង់ទេ ព្រោះយើងគិតថា បើសិនជាមានការសាងសង់ទំនប់ហ្នឹងឡើង វានឹងធ្វើឲ្យប៉ះពាល់ដល់ធនធានជលផល។ អញ្ចឹងយើង ពួកយើងរស់នឹងធនធានជលផល។ បើអស់ធនធានជលផល យើងមានអ្វីរំពឹងទៀត។ អញ្ចឹងហើយ យើងទាមទារសុំមិនឲ្យមានការសាងសង់»។
VOA ព្យាយាមសុំការអត្ថាធិប្បាយពីលោក ចាន់ យុទ្ធថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម តែលោកបដិសេធ និងបានបង្វែរសំណួរទៅលោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គ ដែល VOA មិនអាចទាក់ទងបាននៅថ្ងៃព្រហស្បតិ៍នេះ។
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជា ធ្លាប់បានចេញរបាយការណ៍ច្រើនមកហើយស្តីអំពីផលប៉ះពាល់នៃទំនប់វារី អគ្គិសនីដនសាហុង ដល់ធនធានត្រី និងធ្វើឲ្យមានវិនាសកម្មដល់ជីវចម្រុះ និងធ្វើឲ្យមានផលប៉ះពាល់ជីវិតរស់នៅរបស់សត្វផ្សោតដ៏កម្រនៅកម្ពុជាផងដែរ។ ក្រៅពីនេះ ទំនប់មួយនេះនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរជាង៦លាននាក់ ដែលរស់នៅជុំវិញអាងទន្លេមេគង្គ និងទន្លេសាប។
លោក តឹក វណ្ណារ៉ានាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ថ្លែងប្រាប់វីអូអេ ក្រោយពីសន្និសីទសារព័ត៌មានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំកំពូលនោះនឹង លើកយកបញ្ហាទំនប់នោះមកពិភាក្សា បន្ថែមលើប្រធានបទសំខាន់ៗផ្សេងទៀត ដូចជាទំនាស់ក្នុងសមុទ្រចិនខាងត្បូងជាដើម។ លោកមានប្រសាសន៍ថា៖
«រឿងហ្នឹងវាជារឿងធំរបស់អាស៊ាន។ អាស៊ានដីគោកទាំងប្រាំប្រទេស ហើយបូកនឹងចិនផងដែរ ពីព្រោះអាហ្នឹងគឺជាប្រធានបទមួយសំខាន់ដែរ។ អញ្ចឹង ខ្ញុំជឿជាក់អាមេរិកនឹងយកចិត្តទុកដាក់ទៅលើប្រធានបទហ្នឹង ព្រោះអាស៊ានដីគោកទាំងប្រាំហ្នឹង វាមានទន្លេមេគង្គហូរជាលក្ខណៈរួម ហើយនៅក្នុង ក្នុងបរិបទទាក់ទងទីតាំងភូមិសាស្ត្រ ក៏ចិនមានឥទ្ធិពលមកលើអាស៊ានដីគោកទាំងប្រាំហ្នឹងផងដែរ។ អញ្ចឹងប្រហែលមានន័យថា នឹងអាចមានការពិភាក្សាទៅលើបញ្ហាហ្នឹង ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកទីតាំងភូមិសាស្ត្រនយោបាយ ហើយទាំងផ្នែកទាក់ទងការអភិវឌ្ឍទំនប់វារីអគ្គីសនី»។
បន្ថែមលើការស្នើឲ្យមានការជជែកពីទំនប់ដនសាហុងនៅក្នុងកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក និងអាស៊ាន លោក យក់ សេងឡុង នាយកប្រតិបត្តិរងនៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល អំពាវនាវឲ្យឈប់ទទួលទានស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ ដោយហេតុថា ក្រុមហ៊ុននេះមានចំណែកភាគហ៊ុនក្នុងការសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់នេះ។
«ដោយសារស្រាបៀរអង្គរហ្នឹងមានចំណែកមួយដ៏ធំនៅក្នុងការកសាងទំនប់ដនសាហុង។ អញ្ចឹងយើងនឹងស្នើសុំឲ្យអ្នកដែលពាក់ព័ន្ធ អ្នកដែលចូលចិត្តញាំស្រាបៀរអង្គរនេះ ធ្វើម៉េចមេត្តាបញ្ឈប់ការញាំស្រាបៀរអង្គរ ដោយសារស្រាបៀរអង្គរនេះបំផ្លាញ មានការរួមចំណែកយ៉ាងធំនៅក្នុងការចូលរួមបំផ្លាញធនធានធម្មជាតិ»។
ទំនប់ដនសាហុងនឹងត្រូវសាងសង់នៅចម្ងាយពីរគីឡូម៉ែត្រពីព្រំដែនប្រទេសឡាវនិងកម្ពុជា។ ប្រទេសវៀតណាមដែលតែងតែជំទាស់នឹងការសាងសង់នេះបានទទូចឱ្យមានការសិក្សាថែមទៀតពីផលប៉ះពាល់ដល់គុណភាពទឹកនិងផលប៉ះពាល់មកលើប្រទេសដែលនៅខ្សែទឹកខាងក្រោម។
ក្រុមហ៊ុន ម៉ាឡេស៊ី Mega First Corporation Bhd (MFCB) ដែលទទួលបានសិទ្ធិសាងសង់ទំបន់ដនសាហុង នឹងធ្វើប្រតិបត្តិការលក់ឋាមពលអគ្គិសនី។ ក្រុមហ៊ុននោះតែងតែរងការរិះគន់ពីក្រុមអ្នកការពារបរិស្ថានជាតិ និងអន្តរជាតិថា មិនបានបង្ហាញនូវការទទួលខុសត្រូវរបស់ខ្លួន ចំពោះការសិក្សាលើផលប៉ះពាល់ឲ្យបានទូលំទូលាយ វាយតម្លៃលើផលប៉ះពាល់ឆ្លងព្រំដែន និងមិនពិភាក្សាជាមួយនឹងសហគមន៍ ដែលរងផលប៉ះពាល់នៅបណ្តាប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គ។
យ៉ាងណាក៏ដោយ លោក Khoo Teng Keat នាយកប្រតិបត្តិក្រុមហ៊ុននេះបានប្រាប់បណ្តាញសារព័ត៌មានកាលពីពេលកន្លងមកថា ទំនប់នេះនឹងធ្វើរួចរាល់នៅពាក់កណ្តាលឆ្នាំ២០១៩ ហើយនឹងផ្តល់ចំណូលជាង១០០លានដុល្លារ៕