ក្រុម​អ្នក​ការពារ​បរិស្ថាន​ចេញ​សេចក្តី​ព្រមាន​ពី​បញ្ហា​ជីវចម្រុះ​នៅ​តាម​ដង​ទន្លេ​មេគង្គ

  • Ron Corben

دو شهروند افغان در حال عید مبارکی پس از نماز عید

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​រីកចម្រើន​យ៉ាង​លឿន​របស់​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​បណ្តាល​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​អនុ​តំបន់​ទន្លេ​មេគង្គ​ដ៏​មាន​សារៈសំខាន់​ ហើយ​បាន​គំរាម​កំហែង​អំបូរ​សត្វ​ជា​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​ជីវ​ចម្រុះ​ដ៏​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ ការ​ជួញ​ដូរ​រុក្ខជាតិ​ និង​សត្វ​ព្រៃ​កំពុង​ជំរុញ​និន្នាការ​នៃ​ការ​បំផ្លិចបំផ្លាញ​នេះ ហើយ​រដ្ឋាភិបាល​កំពុង​ត្រូវ​បាន​ដាក់សម្ពាធ​ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត ​ដើម្បី​បញ្ឈប់​បញ្ហា​នេះ។

នៅ​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​នេះ​ អ្នក​វិទ្យាសាស្រ្ត​ដែល​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ជីវចម្រុះ​នៅ​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ​បាន​រក​ឃើញ​អំបូរ​សត្វ​ថ្មីៗ​ជាង​២.២០០​ប្រភេទ​ គឺ​រួម​មាន​ចាប់​ពី​កំប្រុក​យក្សមាន​ស្លាប​ រហូត​ដល់​ត្រី​ ហើយ​មាន​ទាំង​ពីងពាង​គ្មាន​ភ្នែក​ដែល​រស់​នៅ​ក្នុង​ល្អាង​ភ្នំ។ ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ អំបូរ​សត្វ​ថ្មីៗ​ ច្រើន​ជាង​៣៦០​ប្រភេទ​ត្រូវ​បាន​រកឃើញ​ និង​កត់ត្រា​ទុក។​

អនុ​តំបន់​ទន្លេ​មេគង្គ​ រួម​មាន​ខេត្ត Yunnan របស់​ចិន ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម ហើយ​វា​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ជីវ​ចម្រុះធំ​បំផុតៗ​ចំនួន​ប្រាំ​នៅ​លើ​ពិភពលោក។

ប៉ុន្តែ​ អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ ​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី ភាព​ធូររលុង​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការ​ជួញ​ដូរ​ បាន​បង្ក​ផល​ប៉ះពាល់​អាក្រក់​ដល់​តំបន់​នេះ។

Thomas Gray ប្រធាន​ផ្នែក​អំបូរ​សត្វ​របស់​អង្គការ​ World Wide Fund for Nature (WWF) ប្រចាំ​នៅ​ប្រទេស​កម្ពុជា​និយាយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​បាត់​បង់​នេះទទួល​បាន​ទាំង​លទ្ធផល​វិជ្ជមាន និង​អវិជ្ជមាន។

«មាន​ជោគជ័យ​មួយ​ចំនួន។ ឧទាហរណ៍​ ដូចជា​សត្វ​ខ្លា​នៅ​ក្នុង​ប្រទេស​ថៃ។ ប៉ុន្តែ ​មាន​ភាព​បរាជ័យ​ច្រើន​ជាង​ជោគជ័យ ហើយ​នេះ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ។​ យើង​មាន​ភាព​ជោគជ័យ​តូចៗនៅកន្លែង​មួយ​ចំនួន​ ប៉ុន្តែ​យើង​កំពុងតែ​ចាញ់​នៅ​សមរភូមិ​ធំ​ គឺ​ការ​បង្ហាញ​ឆន្ទៈ​នយោបាយ​ ការ​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​ គាំទ្រ​ការអភិរក្ស។​ ហ្នឹងហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ»។

ខ្លា​ព្រៃ​ និង​រមាស​អាស៊ី​ បាន​បាត់បង់​ពី​ប្រទេស​កម្ពុជា​ ឡាវ និង​វៀតណាម។ ប៉ុន្តែ​ ដោយ​សារ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​ក្នុងការបន្តអភិរក្ស​ មាន​តែ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ ដែល​មាន​ចំនួន​ខ្លា​កើន​ឡើង​បាន​ប្រហែល២៣០​ក្បាល។

ចំនួន​ព្រៃ​ឈើ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ព្រៃ​ឈើ​ដែល​គ្រប​ដណ្តប់​នៅ​ក្នុង​តំបន់​ កាលពី​៤០ឆ្នាំ​មុន​ បាន​ធ្លាក់​ចុះ​មក​ត្រឹម​១ភាគ៣ ហើយ​អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា មាន​តែ​១០ ទៅ​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​នឹង​នៅ​សេសសល់​ដល់ឆ្នាំ២០៣០។

អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា ប្រសិន​បើ​អត្រា​នៃ​ការ​ជួញ​ដូរ​ខុសច្បាប់​នៃ​អំបូរ​សត្វ​ព្រៃ និង​សត្វ​ជិត​ផុត​ពូជ​ ​នៅ​តែ​បន្ត​ដូច​សព្វ​ថ្ងៃ​នេះ នោះ​ពពួក​សត្វ​ និង​ប្រភេទ​រុក្ខជាតិ ប្រមាណ​ជា​៤០ភាគរយ​នៅ​អាស៊ី​អាគ្នេហ៍​នឹង​ត្រូវ​បាត់​បង់​នៅ​ក្នុង​សតវត្សរ៍​នេះ។

អង្គការឃ្លាំ​មើល​បរិស្ថាន Freeland Foundation ដែលមាន​មូលដ្ឋាន​នៅ​ស.រ.អា បាន​និយាយ​ថា នៅអាស៊ី​អាគ្នេយ៍​ ទីផ្សារ​ងងឹត​ទៅ​លើ​ឈើ​រត់ពន្ធ​ខុសច្បាប់​ សត្វ​ព្រៃ និង​អំបូរ​សត្វ​ ឬ​រុក្ខជាតិ​ក្នុង​ទឹក​ មាន​តម្លៃ​យ៉ាង​ហោច​ណាស់​១២០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នៅ​ក្នុង​ប្រទេស​ថៃ មាន​សញ្ញា​នៃ​ភាព​ជោគជ័យ។ Anak Pattanavibool ជា​នាយក​អង្គការ​ Wildlife Conservation Society និយាយ​ថា ការ​តស៊ូ​ជា​សាធារណៈ​អាច​ផ្តល់​លទ្ធផល​វិជ្ជមាន។

«មនុស្ស​ជាច្រើន​បាន​ដឹង​ពី​ការ​អភិរក្ស​ដឹង​ពីសារៈសំខាន់​ក្នុង​ការ​រក្សា​ព្រៃ​ឈើ និង​ការ​រក្សា​សត្វ​ព្រៃ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ឃើញ​មាន​ចលនា​របស់​មនុស្ស​ នៅ​គ្រប់​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​ធំៗ​កើតឡើង​ គឺ​ពួកគេ​នឹង​ចេញ​មក​ព្យាយាម​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ធំៗ​ទាំង​នោះ​ នៅ​ក្នុង​ព្រៃ​ក្នុង​ប្រទេស​ថៃ។ ឥឡូវ​នេះ​ ការ​តវ៉ា​កំពុង​ក្លាយ​ជា​និន្នាការ​ធម្មតា​មួយ​»។

នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​កាប់​ព្រៃ​ឈើ​ជា ​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​ទៅ​លើ​អំបូរ​សត្វ ឬ​រុក្ខជាតិ។ របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Forest Trend ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា​ និយាយ​ថា នៅ​ក្នុង​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ដែល​មាន​ចំនួន​ស្មើ​នឹង១៤ភាគរយ​នៃ​ចំនួន​ផ្ទៃ​ដីប្រទេស​កម្ពុជា។​

លោក Thomas ដែល​បម្រើការ​ឲ្យ​អង្គការ​ World Wide Fund for Nature និយាយ​ថា ការ​បាត់​បង់​ព្រៃ​ឈើ​គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ចម្បង​នៅ​ក្នុង​ជីវ​ចម្រុះ​របស់​កម្ពុជា​នា​ពេល​ឥឡូវ​នេះ។

«នៅប្រទេស​កម្ពុជា ឈើ​ជាច្រើន​ដែល​មាន​តម្លៃ​រាប់​សែន​ដុល្លារ​ស្ថិត​នៅ​ក្នុង​ព្រៃ​ ហើយ​ជា​អកុសល ​វាហូរ​ចូល​ហោ​ប៉ាវ​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។​ ជាក់ស្តែង​ នៅ​ក្នុង​ប្រទេស​ឡាវ​ និង​កម្ពុជា វា​ពិបាក​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​នេះ​ណាស់ ដោយសារតម្រូវការ​មិន​មាន​សញ្ញា​នៃ​ការ​ថយចុះ​ ជាពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​សន្មត់​ថា វៀតណាម​ ឡាវ និង​ចិន​ក៏អញ្ចឹង​ដែរ។ នេះ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ»។

នៅ​ក្នុង​ប្រទេស​ភូមា ក្រុម​អ្នក​ការពារ​បរិស្ថាន​ព្រួយ​ខ្លាច​ពី​ផល​ប៉ះពាល់​ទៅ​លើ​ជីវ​ចម្រុះ​ដែល​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​នៅ​តាម​ទន្លេ Salween នៅនៃ​រដ្ឋ Shanភាគឦសាន ។

ទំនប់​វារី​អគ្គីសនី​នៅ​ទន្លេ​មេគង្គ​ក្រោម​បាន​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​របស់​សហគមន៍ និង​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​អំពី​ផល​ប៉ះពាល់​របស់​ទំនប់​ទៅ​លើ​ផ្លូវ​ទឹក ដែល​ត្រូវ​ចាត់​ទុក​ថា​ មាន​សារៈសំខាន់​ដល់​សុវត្ថិភាព​ស្បៀង​អាហារ​របស់​មនុស្ស​៦០លាន​នាក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ