អង្គការ​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​ជិះ​កង់ដើម្បី​ជំរុញ​ឲ្យ​ការពារ​ព្រៃឡង់

ក្រុមយុវជន​មកពី​អង្គការ​សង្គម​ស៊ីវិល​បើក​យុទ្ធនាការ​ជិះកង់​ចាប់ពី​ទីរួមខេត្ត​កំពង់ធំ ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​បរិស្ថាន។ (រូបថត​ដោយ​សមាគម​បណ្តាញ​យុវជន​កម្ពុជា CYN)

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធ​នា​ការ​ជិះ​កង់​ជុំវិញ​ព្រៃ​ឡង់ រយៈ​ពេល​១១​ថ្ងៃ ដើម្បី​ទទូច​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ចូល​រួម​យល់​ដឹង ក៏​ដូច​ជា​ការ​ពារ​បរិស្ថាន ជា​ពិសេស​ព្រៃឡង់ ដែល​ពួកគេ​អះអាង​ថា​កំពុង​បន្ត​បាត់​បង់។

យុទ្ធនាការ​ជិះកង់​នេះ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​អបអរ​ទិវា​បរិស្ថាន​ពិភព​លោក​ឆ្នាំ២០២២។

អង្គការ​សង្គមស៊ីវិល​ចំនួន​១៤​ស្ថាប័ន រួម​មាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា និង​សមាគម​ធាង​ត្នោតជា​ដើម បាន​កំពុង​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក​ឆ្នាំ២០២២ ដែល​មាន​រយៈ​ពេល​២៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២២ ក្រោម​មូល​បទ​ស្តី​ពី​«លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ចីរភាព​ធនធាន​ធម្មជាតិ​ និង​សុខមាល​ភាព​មនុស្ស​ជាតិ»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​វីអូអេ​ទទួល​បាន។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យដឹង​ថា​នៅក្នុងអំឡុង​ពេល​ប្រារព្ធ​ទិវា​បរិស្ថាន​នេះ ក៏​មាន​ការ​រៀបចំ​ ព្រឹត្តិការណ៍​ជិះ​កង់​ចំនួន​ពីរ គឺ​«ព្រឹត្តិ​ការណ៍​ជិះ​កង់​៦០០​គីឡូ​ម៉ែត្រ​ ដើម្បី​បរិស្ថាន» ដែល​ជា​ការ​ជិះ​កង់​ជុំ​វិញ​ព្រៃ​ឡង់ ហើយ​អ្នក​ចូល​រួម​ចំនួន​២៥​នាក់ ដោយ​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់​ធំ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ ស្ទឹង​ត្រែង ក្រចេះ និង​បញ្ចប់​នៅ​ខេត្ត​កំពង់ធំ​វិញ។ ចំណែក​ព្រឹត្តិការណ៍​មួយ​ទៀត គឺ​ជិះ​កង់​នៅ​ជុំវិញបឹង​តា​មោក ដែល​មាន​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ​ប្រាប់វី​អូ​អេ​នៅថ្ងៃ​អង្គារ​នេះ​ថា​ការ​ជិះ​កង់ ​ក៏​ដូចជាការ​ធ្វើ​យុទ្ធ​នាការ​ផ្សេងៗ គឺ​ដើម្បី​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​យល់ដឹង​ពី​បញ្ហា​បរិស្ថាន ជា​ពិសេស​បញ្ហា​នៃ​ការ​ប្រែប្រួលអាកាស​ធាតុ​ ហើយ​រួម​គ្នា​ចូល​រួម​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក និង​ឥន្ធនៈ​ផង​ដែរ។ លោក​បន្ថែម​ថា​ លោក​មាន​ការ​ព្រួយ​ប្រារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​កម្ពុជា ​ដោយ​សារ​តែ​បទ​ល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ផ្សេងៗ​នៅ​តែ​បន្ត​រក​ឃើញ។

លោក​ប្រាប់​វីអូអេ​ថា៖«ការ​បាត់​បង់​ព្រៃឈើនា​ពេល​បច្ចុប្បន្ន​នេះ​ជា​បញ្ហា​ប្រឈម​ អ្វី​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ដែល​គម្របព្រៃ​ឈើ ឬ​ក៏​ស្ថាន​ភាព​ព្រៃឈើ​របស់​កម្ពុជា​នៅ​តែ​បន្ត​រក​ឃើញ​អំពី​បទ​ល្មើស​ ការ​កាប់​បំផ្លាញ និង​ការ​បាត់​បង់»។

លោក​ទទូច​ឱ្យ​រដ្ឋាភិបាលអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង។

លោក​បញ្ជាក់​ថា​៖«ដូច្នេះ​ហើយ​អ្វីដែល​ខ្ញុំចង់​ឱ្យមាន​ការ​ដោះ​ស្រាយ​ជុំវិញ​បញ្ហា​នេះ​ ខ្ញុំ​យល់ថា​រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​វិធាន​ការ​នៃ​ការ​អនុវត្ត​ច្បាប់​ និង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​របស់​ខ្លួន​ដែល​ជា​អ្នក​អនុវត្ត​ការ​ងារ​នៅ​មូលដ្ឋាន ថា​តើ​បាន​យក​ចិត្ត​ទុក​ដាក់​កម្រិត​ណា​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព»។

ចំណែក​សមាជិក​ក្រុម​ស្នូលនៃ​បណ្តាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​កំពង់​ធំ លោក ម៉ិញ នី ប្រាប់វី​អូអេ​ថាព្រៃ​ឡង់​នៅ​តែ​បន្ត​បាត់​បង់​គ្មាន​ថ្ងៃ​ណា​ដែល​ស្រាក​ស្រាន្ត​នោះ​ទេ​។ លោក​បន្ថែម​ថា​ ខេត្ត​ដែល​មាន​ការ​កាប់​បំផ្លាញ និង​បទ​ល្មើស​ច្រើន​ជាងគេ គឺ​ខេត្ត​ព្រះ​វិហារ និង​ស្ទឹង​ត្រែង។

លោក​ថ្លែង​ថា៖ «ព្រៃ​ឡង់​នូវ​តែ​មាន​ការ​កាប់​រាន​នៅ​ឡើយ​ទេ។ នៅ​មិន​ទាន់​បាត់​ទេបើ​និយាយ​ទៅ ការ​កាប់​រាន​ដី​ព្រៃ ការ​កាប់​ឈើ គ្រប់​ខេត្ត​និយាយ​ទៅ​ទាំង​៤​ខេត្ត​ គឺ​ការ​ចរាចរ​កាប់​ឈើ គឺ​វានៅ​តែ​មាន​រហូត»។

លោក​ជំរុញ​ឱ្យ​អាជ្ញា​ធរ​អនុវត្ត​ច្បាប់ ក៏ដូច​ជា​ចាត់​វិធាន​ការ​ឱ្យ​បាន​តឹង​រ៉ឹង ដើម្បី​រក្សា​ព្រៃឈើ​សម្រាប់​អ្នក​ជំនាន់​ក្រោយ។

លោក​បន្ថែម​ថា៖«អំពាវ​នាវ​ដល់​រដ្ឋាភិបាល ជា​ពិសេស​គឺ​ក្រសួង​បរិ​ស្ថាន ដែល​លោក​ទទួល​បន្ទុក​ខាង​អភិរក្ស​ព្រៃ​ គឺ​ថា​សូម​ឱ្យ​លោក​មាន​ចំណាត់​ការ​ឱ្យ​បាន​តឹងរ៉ឹង ព្រោះ​ព្រៃ​យើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​តែ​ការ​បាត់​បង់​ម្តង​បន្តិចៗ»។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក នេត្រ ភក្រ្តា លើក​ឡើង​ថា​លោក​មិន​មាន​ការ​ឆ្លើយ​តប​អ្វី​ចំពោះ​ក្តី​បារម្ភ​របស់​ក្រុមអង្គ​ការ​សង្គម​ស៊ីវិល​នោះ​ទេ ព្រោះ​វា​គឺ​ជា​សិទ្ធិ​របស់​ពួកគេ។ ទោះ​ជា​យ៉ាង​ណា លោក​ថា​ក្រសួង​បរិស្ថាន​បាន​កំពុង​តែ​អនុវត្ត​តួនាទី​របស់​ខ្លួន ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ តាម​រយៈ​ការ​អនុវត្ត​ច្បាប់ ដែល​ជា​លទ្ធផលបង្កើត​ឱ្យ​មាន​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ ការ​អភិរក្ស និង​ការ​ការពារ​ព្រៃ​ឈើ​ផង​ដែរ។

លោក​ថ្លែង​ថា៖«ខ្ញុំ​អត់​មា​ការ​ឆ្លើយ​តប​ទេ។ ការ​ព្រួយ​បារម្ភ​គឺ​ជា​សិទ្ធិ​របស់​គាត់​ ហើយ​សម្រាប់​ក្រសួង​បរិស្ថាន​យើង​បន្ត​ការ​អនុវត្ត​កិច្ច​ការងារ​ភារ​កិច្ច​របស់​យើង​ក្នុង​ការ​ការពារ និង​អភិរក្សធន​ធាន​ធម្មជាតិ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​វិជ្ជាជីវៈ​ខ្ពស់»។

របាយ​ការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​ Copenhagen ប្រទេស​ដាណឺម៉ាក ដែល​បាន​ស្រាវជ្រាវ​អំពី​ព្រៃឡង់​នៅ​ប្រទេស​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា ព្រៃឡង់​នៅ​កម្ពុជា​បន្ត​បាត់បង់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ហើយ​ការ​កាប់​បំផ្លាញ​មាន​ការ​កើន​ឡើង​ជាង​៧០% ​ក្នុង​ឆ្នាំ​២០១៩​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។​ របាយ​ការណ៍​នេះ​បញ្ជាក់​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៩ ​ព្រៃឡង់​បាត់​បង់​ប្រមាណ​៤៧.៤០០​ ហិកតា។

គួរ​បញ្ជាក់​ថា​ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០​ម៉ឺន​ហិក​តា​ដោយ​គ្រប​ដណ្តប់​ខេត្ត​ចំនួន​៤​ គឺ​ព្រះវិហារ ​កំពង់ធំ​ក្រចេះ ​និង​ស្ទឹងត្រែង៕