ក្រុម​យុវជន​សកម្មជន​បរិស្ថាន​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​បញ្ឈប់​ការ​តាម​ដាន​ពួកគេ

រូបឯកសារ៖ (រាប់​ពីឆ្វេង​) លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ​ជា​សកម្មជនការពារបរិស្ថានវ័យក្មេង។

ក្រុម​យុវជន​សកម្មជន​បរិស្ថាន​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​បាន​ជំរុញ​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​ពួក​គេ ខណៈ​ពួក​គេ​មិន​មាន​សេរី​ភាព​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ការ​ពារ​បរិស្ថាន​ដូច​មុន ដោយ​សារ​ពួកគេ​ត្រូវ​គោរព​កាតព្វកិច្ច​មួយ​ចំនួន​ដែល​កំណត់ដោយ​តុលាការ។

បើ​តាម​សកម្ម​ជន​បរិស្ថាន តុលាការ​កំពូល​នឹង​បើក​សវនា​ការ​ជំនុំ​ជម្រះ​លើសកម្មជន​បរិស្ថាន​៣​នាក់ នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០២២ រួម​មាន​កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា ពាក់ព័ន្ធ​នឹង​បទ«​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​ពួក​ទាំង​៣​នាក់​បាន​សម្រេច​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១។ ពួកគេ​ក៏នៅ​រង​ការ​ចោទ​ប្រកាន់​មួយ​ផ្សេង​ទៀត គឺ​សំណុំ​រឿង​«រួម​គំនិត​ក្បត់» ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើប​សួរ ហើយ​ពួកគេ​ត្រូវ​បាន​កំហិត​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក ថុន រដ្ឋា អាយុ​៣០​ឆ្នាំ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​សកម្មភាព​របស់​ក្រុម​យុវជន​ក្នុង​ការ​ការពារ​បរិស្ថាន​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត មិន​មែន​ជា​ការ​ចោទ​ប្រកាន់​ថា​«ញុះ​ញង់» និង​«រួម​គំនិត​ក្បត់»​ឡើយ។ លោក​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួកគេ បើ​ទោះ​លោក​មិន​ទុក​ចិត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «បើ​ទោះ​បី​ជា​យើង​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ថា​មាន​ភាព​ឯករាជ្យ និង​អាច​ផ្តល់​យុត្តិធម៌​មក​កាន់​ពួក​យើង​ក៏​ដោយ ក៏​ប៉ុន្តែ​យើង​នឹង​ប្រើ​ប្រាស់​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ក៏​យើង​នឹង​ប្រើ ប្រាស់​សិទ្ធិ​ក្នុង​ការ​ទាមទារ​សេរីភាព​តាម​រយៈ​ការ​សម្តែង​មតិ​ជា​ដើម​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​មក​កាន់​ពួក​ខ្ញុំ»។

លោក ថុន រដ្ឋា ធ្លាប់​ស្នើ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ។ លោក​នៅ​តែ​បារម្ភ​អំពី​ការ​ជាប់​ពន្ធនាគារ​ឡើង​វិញ ប្រសិន​បើ​រូប​លោក​ធ្វើ​សកម្មភាព​អ្វី​មួយ ក្នុង​ការ​ការពារ​បរិស្ថាន។

ចំណែក​កញ្ញា ភួន កែវ​រស្មី អាយុ​២១​ឆ្នាំ ប្រាប់​វីអូអេ​ថា​សកម្មភាព​របស់​យុវជន​កាល​ពី​កន្លង​ទៅ ​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់ ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល ឬ​បង្ក​អសន្តិសុខ​ដល់​សង្គម​ឡើយ។

កញ្ញា​បញ្ជាក់​ថា៖ «អញ្ចឹង​ពួក​យើង​នៅ​តែ​មាន​គោល​ជំហរ​ថា​ពួក​យើង​ស្អាត​ស្អំ។ ពួក​យើង​អត់​មាន​ប្រព្រឹត្ត​អី​ខុស​ច្បាប់ ហើយ​ពួក​យើង​នៅ​តែ​ស្នើ​សុំ​ហើយ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អស់​មក​លើ​ពួក​យើង ដែល​ជា​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ»។

ចំណែក​កញ្ញា ឡុង គន្ធា ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​បញ្ឈប់​ការ​ដាក់​ពួកគេ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ ដែល​បណ្តាល​ឲ្យ​សកម្ម​ជន​ពិបាក​បំពេញ​ការងារ​របស់​ពួកគេ។ កញ្ញា​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើក្រុម​សកម្មជន​ទាំង​នេះ​ជា​«រឿង​អយុត្តិធម៌​បំផុត» ហើយ​កញ្ញា​ការពារ​សកម្ម​ភាព​របស់​សកម្មជន​កាល​ពី​កន្លង​ទៅ គឺ​ធ្វើ​ឡើង​ក្នុង​ការ​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ។

កញ្ញ​ប្រាប់​វីអូអេ​ថា៖ «សម្រាប់​ពួក​ខ្ញុំ វា​ជា​រឿង​មួយ​ដែល​អយុត្តិធម៌​បំផុត ដែល​គ្រាន់​តែ​យើង​ធ្វើ​សកម្មភាព ដើម្បី​ការពារ​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ បែរ​ជា​យើង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍​អី​ទៅ​វិញ ទាំង​ដែល​សកម្មភាព​យើង គ្រាន់​តែ​ដើម្បី​ការពារ​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រីតុលាការ​កំពូល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សាលា​ឧទ្ធរណ៍​បាន​ចេញ​សេចក្តី​សម្រេច ដោយ​ព្យួរ​ទោស​សាក​ល្បង​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់ ប៉ុន្តែ​សិទ្ធិ​និង​សេរី​ភាព​របស់​ពួក​គេ​ត្រូវ​បាន​កំហិត​រយៈ​ពេល​៣​ឆ្នាំ​ ដោយ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

សកម្ម​ជន​ជា​យុវជន​បរិស្ថាន​ទាំង​៣​នាក់ ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ពីបទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​យុទ្ធនាការ​ដើរ​តែ​ម្នាក់​ឯង​របស់​កញ្ញា ឡុង គន្ធា ទៅ​កាន់​គេហដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​លុប​បឹង​តាមោក​នៅ​ជាយ​រាជធានី​ភ្នំពេញ។ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ពួក​គេ​ដាក់​ពន្ធនាគារ ចន្លោះ​ពី​១៨​ខែ​ទៅ​២០​ខែ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១៕