សកម្មជន​បរិស្ថាន​សោកស្តាយ ក្រោយ​តុលាការ​មិន​ឱ្យ​ចេញ​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​ស៊ុយអែត

រូបឯកសារផ្គុំ៖ លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ​ជា​សកម្មជន​បរិ​ស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ។

យុវជន​ដែល​ជា​សកម្មជន​បរិ​ស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​បាន​សម្តែង​ការសោក​ស្តាយ នៅ​ពេលសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បដិ​សេធ​មិន​ឱ្យ​ពួក​គេ​ចេញ​ទៅប្រទេសស៊ុយ​អ៊ែត ដើម្បីទទួល​ពាន​រង្វាន់​ Right ​Live​li​hood ​២០​២៣​ ដែល​ពួក​គេ​ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ​ពួកគេចាត់​ទុក​ការ​សម្រេច​របស់តុលាការ​ជា​រឿង​អយុត្តិ​ធម៌ និង​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​សកម្ម​ជន​។

ការ​លើក​ឡើង​របស់​ពួក​គេ ​បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​លោក ​ច្រឹង ខ្មៅ បាន​បដិ​សេធ​សំណើ​សុំចេញ​ទៅ​ទទួល​ពាន​រង្វាន់ Right Livelihood ២០២៣​ ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ របស់​លោក ថុន រដ្ឋា ​កញ្ញា ឡុង គន្ធា ​និង​កញ្ញា ភួន កែវ​រស្មី ដែល​ជា​សកម្មជន​របស់​ក្រុម​ចលនា​មាតា​ធម្មជាតិ។

លោក ច្រឹង ខ្មៅ ​បាន​ចារ​លើ​សំណើ​សុំ​ទាំង​ ៣​ច្បាប់របស់​សកម្មជនទាំង ​៣​នាក់ នៅ​ថ្ងៃទី​២ ខែ​តុលា​ថា«គ្មាន​ភាព​ចាំ​បាច់» ​«មិន​អនុ​ញ្ញាត​ឱ្យ​ចាក​ចេញ​ក្រៅ​ប្រទេស​»។

បើ​តាម​លិខិត​របស់​សកម្ម​ជន​បរិស្ថានចំនួន ៣​ច្បាប់​ផ្សេង​គ្នា ​ដែល​បាន​ដាក់​ទៅ​តុលាការ ពួក​គេ​ស្នើ​សុំចេញ​ទៅ​ប្រទេស​ស៊ុយ​អ៊ែត នា​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០​២៣ និង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃទី​១​ ខែ​ឆ្នូ ​ឆ្នាំ​២០​២៣​ ដើម្បី​ទទួល​ពាន​រង្វាន់ ​Right Livelihood ២០២៣ ដែល​ត្រូវ​បាន​ផ្តល់​ដល់​សកម្ម​ជន ដោយសារ​ភាព​សកម្ម​របស់​ពួកគេ​ក្នុង​ការ​ជួយ​ការពារ​បរិ​ស្ថាន​។

​សកម្ម​ជន​ម្នាក់នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ​អាយុ​ ២២​ឆ្នាំ ចាត់​ទុក​ការ​សម្រេច​របស់តុលាការ​ជា​រឿង​អយុត្តិ​ធម៌​ ​និង​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​សកម្ម​ជន​។

កញ្ញា​ប្រាប់​វីអូអេ​ថា​៖ «យើង​មើល​ឃើញ​ថា​ បើ​ទោះ​បី​ជា​យើង​គោរព​បំរាម​ហ្នឹង យើង​ធ្វើតាម​ផ្លូវ​ច្បាប់​ យើង​ស្នើ​សុំ​ត្រឹម​ត្រូវ​ ក៏​ខាង​តុលាការ គាត់​នៅ​តែ​រក្សា​ជំហរ​ ការ​សម្រេច​ចិត្ត​បែប​រឹ​ត​ត្បិត​ ហើយ​ដកហូត​សិទ្ធិ​សេរី​ភាព​របស់​យើង​ដដែល​»។

កញ្ញា​បន្ត​ថា​ ការ​សម្រេច​របស់​តុលាការ​ទាំង​កន្លង​មក​ក្តី ​ទាំង​ពេល​នេះ​ក្តី គឺ​មានអ្នក​បញ្ជា​ពី​លើ​ ប៉ុន្តែ​កញ្ញា​មិន​បាន​បញ្ជាក់​ចំៗ​ថា​ ជា​អ្នក​ណា​នោះ​ទេ​។ កញ្ញា​ក៏នៅ​តែ​ការពារ​ខ្លួន​ថា​ ការ​ការ​ពារ​បរិ​ស្ថាន​មិន​មែន​ជា​បទ​ល្មើស​ឡើយ ​ហើយ​រដ្ឋគួរ​តែលើក​ទឹក​ចិត្ត ដោយ​មិន​គួរ​កំណត់​ដី​ឱ្យ​សកម្ម​ជន​បរិ​ស្ថាន​ដើរ​បែប​នេះ​ទេ​។

​កញ្ញា​ថ្លែង​ថា៖ «​ការ​សម្រេច​ចិត្ត​នៅក្នុងហ្នឹង​ដូច​គ្នា ខ្ញុំ​ជឿ​ថា​ប្រាកដ​ណាស់​ថា​មាន​អ្នក​មក​ពី​ខាង​ណា ខាង​ណី ឬ​ក៏មាន​អ្នក​មក​ពី​ខាង​លើ ​គេ​ប្រាប់​គាត់​ថា​មិន​ឱ្យ​ទៅ ព្រោះ​បើ​ផ្អែក​តាម​ដំណើរ​ដើម​ហេតុ ​ពួកយើង​ជា​ជន​ស្អាត​ស្អំ ស្រាប់​ហើយ​ហ្នឹង ​ហើ​យ​ពួក​យើង​គួរ​តែ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រស់​រាន​មាន​ជីវិត ​ដូច​ប្រជា​ជន​ដទៃ​ទៀត​ដូច​គ្នា»​។

​យុវ​ជន​ម្នាក់​ទៀត​នៃក្រុមចលនា​មាតា​ធម្មជាតិ​ លោក ថុន រដ្ឋា បង្ហាញ​ការ​សោក​ស្តាយ​ដូច​គ្នា នៅ​ពេល​តុលាការ​ហាម​រូប​លោក ក៏​ដូច​ជា​សកម្មជ​ផ្សេង​ទៀត​មិន​ឱ្យចេញ​ទៅ​ក្រៅ​ប្រទេស​។ លោក​ធ្លាប់​រំពឹង​ថា​ ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត អាចនឹង​មាន​ការ​កែ​ប្រែ​ និងលើក​ស្ទួយ​សិទ្ធិ​សេរី​ភាព​ពលរ​ដ្ឋ ​ប៉ុន្តែ​នេះ​បង្ហាញ​ថា​ ការ​ដឹក​នាំ​ប្រទេស​របស់​នាយក​រដ្ឋ​មន្រ្តី​ថ្មីមិន​ខុស​គ្នា​នឹង​ការ​ដឹក​នាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន សែន ​ឡើយ​។

​លោក​ប្រាប់​វីអូអេ​ថា៖ «រដ្ឋា​ភិបាល​ថ្មី គឺ​ដូច​ជា​មិន​ខុស​គ្នា​អី​ទេ ​បង្ហាញ​ច្បាស់​ណាស់​ថា​ នៅ​តែ​រក្សាការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ប្រជា​ពល​រដ្ឋ​ខ្មែរ ​ជា​ពិសេស​យុវ​ជន​ដែល​ហ៊ាន​ចូល​រួម​សកម្ម​ឈឺ​ឆ្អាល​ក្នុង​សង្គមជាតិ​»​។

​បើ​តា​ម លោក ​ថុន រដ្ឋា ​សកម្ម​ជន​បរិ​ស្ថាន​មិន​ដែល​មាន​បំណង​រត់គេចទៅ​ប្រទេសណា​នោះ​ទេ ព្រោះ​បើ​ពួកគេ​ចង់​រត់​គេច​ ពួកគេ​មិន​មែន​ធ្វើ​តាម​នីតិ​វិធី​ច្បាប់​ ដោយស្នើ​សុំ​តុលាការ​បែប​នេះ​ឡើយ​។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីលោក ច្រឹង ខ្មៅ ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និងលោក អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

អង្គការ​អន្តរ​ជាតិដែល​មាន​ឈ្មោះ​ថា ​Right Livelihood ​នៅ​ប្រទេស​ស៊ុយ​អ៊ែត ​កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា ​ឆ្នាំ​២០​២៣ ​បាន​ផ្តល់​ពាន​រង្វាន់​មួយ​សម្រាប់​ក្រុម​យុវជន​ចលនា​មាតា​ធម្ម​ជាតិនេះ ​ពាក់​ព័ន្ធ​នឹង​ភាព​ក្លា​ហាន​របស់​ពួកគេ​ ក្នុង​ការ​ការពារ​ធន​ធាន​ធម្ម​ជាតិ​របស់​កម្ពុជា ​និង​ការក្រោក​ឈរ​ឡើងដើម្បី​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិប​តេយ្យ ដោយ​ប្រឈម​នឹង​ការ​បង្រ្កាប​របស់​រដ្ឋា​ភិបាល​ជា​បន្ត​បន្ទាប់​។ នេះ​បើ​តា​ម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គការ ​Right Livelihood ​កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា។

​កាល​ពី​សប្តាហ៍​មុន ក្នុង​ពិធី​អប​អរ​សាទរ​នៃ​ការ​ទទួល​បាន​ពាន​រង្វាន់ ក្រុម​យុវ​ជនមាតា​ធម្ម​ជាតិ ​បាន​អះ​អាង​ថា ​ពួក​គេនៅ​តែ​បន្ត​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​ពួក​គេ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​កំពុង​ជាប់ក្តី​ក្តាំង​ក្នុង​សំណុំ​រឿង​«​រួម​គំនិត​ក្បត់​»​ ដែល​អាច​ជាប់​ពន្ធនាគារ​ ១០​ឆ្នាំ​ក្តី​៕