ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវជន​បរិស្ថាន​ស្នើ​រដ្ឋាភិបាល​លុប​កិច្ច​សន្យា​សម្រាប់​ការអភិវឌ្ឍ​កោះកុង​ក្រៅ


ក្រុមយុវជន​បរិស្ថាន​ដែល​បាន​ដាក់ញតិ្ត​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ ឈរ​នៅ​ពីមុខ​ក្រសួង​ទេសចរណ៍​ជាមួយ​បដា «អនាគត​ឧទ្យាន​ជាតិ​សមុទ្រ​កោះកុងក្រៅ» ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុមយុវជន​បរិស្ថាន​ដែល​បាន​ដាក់ញតិ្ត​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ ឈរ​នៅ​ពីមុខ​ក្រសួង​ទេសចរណ៍​ជាមួយ​បដា «អនាគត​ឧទ្យាន​ជាតិ​សមុទ្រ​កោះកុងក្រៅ» ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្រុម​យុវជន​បរិស្ថាន​ប្រមាណ​២០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បានដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន និង​ទេស​ចរណ៍ ដើម្បី​ស្នើ​ឱ្យ​ពន្លឿន​ដាក់​តំបន់​កោះ​កុង​ក្រៅ​ទាំង​មូល​នៃ​ខេត្ត​កោះ​កុង ជា​ឧទ្យាន​ជាតិ​សមុទ្រ និង​លុប​កិច្ច​សន្យា​ដែល​ផ្តល់​ទៅ​ក្រុមហ៊ុន​ឯក​ជន​សម្រាប់​អភិវឌ្ឍ​តំបន់​នោះ។ នេះ​បើ​យោង​តាម​ញត្តិរបស់​ក្រុម​យុវជន ចុះ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ​ឆ្នាំ២០២៣ ដែល​វីអូអេ​ទទួល​បាន។

នៅ​ក្នុង​ញត្តិ​នោះ ក្រុម​យុវជន​បាន​ស្នើ​ឱ្យ​លុប​ចោល​នូវ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន​របស់​ អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ក្រុម​យុវជន​ថា​ ទទួល​បាន​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​កោះកុង​ក្រៅ ដែល​ស្ថិត​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង។ ជាមួយ​គ្នា​នោះ ពួកគេ​ក៏​ស្នើ​ឲ្យដាក់​កោះ​កុង​ក្រៅ​ទាំង​មូល ​ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

ញត្តិ​បញ្ជាក់​ថា៖ «លុប​កិច្ច​សន្យា​ដើម្បី​ធ្វើកា​រ​អភិវឌ្ឍ​កោះ​កុង​ក្រៅ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ Koh Kong SEZ ដោយ​សម្ងាត់​ និង​មិន​បាន​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ណាមួយ។ ប្រជាជន​កម្ពុជា ​ពិសេស​សហគមន៍​នៅ​ក្នុង​ខេត្ត​កោះ​កុង ​ដែល​ជា​ទីតាំង​កោះ​ដ៏​អស្ចារ្យ​នេះ អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​អភិរក្ស​កោះ​កុង​ក្រៅ​នៅ​ក្នុង​ទ្រង់ទ្រាយ​ដើម​ដូច​ពេល​បច្ចុប្បន្ន ជាជាង​ការ​ដែល​កោះ​នេះ​ត្រូវ​បាន​អភិវឌ្ឍ»។

ក្រុម​យុវជន​បរិស្ថាន​ក៏​បាន​ស្នើឱ្យ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើ​សកម្ម​ជន​បរិស្ថាន ​រួម​មាន​ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន ចាន់រស្មី លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត និងកញ្ញា ស៊ុន រដ្ឋា។

កញ្ញា មាន លីសា ​អាយុ ២១​ឆ្នាំ យុវជន​ចលនា​មាតា​ធម្មជាតិ​ដែលមាន​វត្ត​មាន​ក្នុង​ការ​ដាក់​ញត្តិ​នោះ​ដែរ ប្រាប់​វីអូអេ​ថា ​ប្រសិន​បើ​រដ្ឋា​ភិបាល​នៅ​តែ​បន្ដដាក់​តំបន់​ធម្ម​ជាតិ​កោះ​កុង​ក្រៅ ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ឯកជន​ នោះ​វាបង្ហាញ​ពី​ភាព​ព្រងើយ​កន្ដើយ​ចំពោះ​ការ​ទាមទារ​របស់​ប្រជាពល​រដ្ឋ។

កញ្ញា​ថ្លែង​ថា៖ «ដូច្នេះ​យើង​បាន​បង្ហាញ​ពី​គោល​ជំហរ​ហើយ​ មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​យើង​ទេ​ ដែល​ស្រឡាញ់​កោះ​កុង​ក្រៅ​ យុវជន​សកម្មជន​យើង​ទេ​ដែល​ស្រឡាញ់​កោះ​កុង​ក្រៅ តែ​អន្ដរ​ជាតិ​ដែល​គេ​មិន​មែន​ជា​សាសន៍​យើង ​គេ​នៅ​ស្រឡាញ់​កោះ​កុង​ក្រៅ ហើយ​ចង់​ឱ្យ​កោះ​កុង​ក្រៅ​ក្លាយ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។ ដូច្នេះ​បើ​សិន​ជា​រដ្ឋា​ភិបាល​នៅ​តែគឃ្លើន​ដាក់​កោះ​កុង​ក្រៅ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រងរបស់​ឯក​ជន​ ដែល​មាន​ប្រវត្តិ​មិន​ល្អ​ដូច​ លោក លី យ៉ុងផាត់​ បែប​អញ្ចឹង ​គឺ​យើង​នៅ​តែ​គិត​ថា​នេះ​មិន​មែន​ជា​កាតព្វ​កិច្ច​ល្អ​ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋា​ភិបាល​»។

កញ្ញា លាង សុវណ្ណា អាយុ ២២ ឆ្នាំ សកម្មជន​បរិស្ថាន​ដែល​បាន​ចូលរួម​ក្នុង​អំឡុង​ពេល​ដាក់ញតិ្ត​ស្នើសុំ​រដ្ឋាភិបាល​ឱ្យពន្លឿន​ការដាក់កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅមុខ​ក្រសួង​ទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កញ្ញា លាង សុវណ្ណា អាយុ ២២ ឆ្នាំ សកម្មជន​បរិស្ថាន​ដែល​បាន​ចូលរួម​ក្នុង​អំឡុង​ពេល​ដាក់ញតិ្ត​ស្នើសុំ​រដ្ឋាភិបាល​ឱ្យពន្លឿន​ការដាក់កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅមុខ​ក្រសួង​ទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កញ្ញា លាង សុវណ្ណា អាយុ​ ២២​ឆ្នាំ ដែល​ចូលរួម​ដាក់​ញត្តិ​នេះ​ដែរ លើក​ឡើង​ថា​ក្រុម​យុវជន​ស្នើ​ឲ្យ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

កញ្ញា​បារម្ភ​ថា​ តំបន់​នេះនឹង​រង​ការ​បំផ្លិច​បំផ្លាញ ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ឯកជន។

កញ្ញា​ប្រាប់​វីអូអេ​ថា៖ «ព្រោះ​ថា​យើង​ឃើញ​ស្រាប់​ហើយ​កន្លង​មក​ នៅ​ពេល​ដែល​មានការទទួល​បាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់​ទៅ​ឱ្យ​ខាង​ឯកជន​ណាមួយ​ ក្រុម​ហ៊ុន​ឯក​ជន​ណា​មួយ​ យើង​ឃើញ​ថា​មាន​ការ​ប៉ះ​ពាល់​ទៅ​លើ​ឆ្នេរ​ មាន​ការ​លុប​សមុទ្រ​ជា​ដើម។ ការ​បន្ថែម​ដើម្បី​ជាការ​សាក​សង​ជា​រីស៊ត ឬក៏​កន្លែង​ទេស​ចរណ៍​របស់​គាត់​ ហើយ​ម្យ៉ាង​វិញ​ទៀត​ គឺ​កន្លែង​ហ្នឹង​មាន​ជា​ព្រៃ​ឈើ​ជា​ច្រើន ដូច្នេះ​ហើយ​ខាង​ហ្នឹង​ប្រាកដ​ណាស់​ត្រូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​យក​កន្លែង​ធ្វើ​ជា​កន្លែង​របស់​ឯក​ជន​ហ្នឹង»។

បើ​តាម​សកម្មជន​រូប​នោះ បច្ចុប្បន្ប​នេះ មាន​ការ​ដឹក​ឈើ​ចេញ​ពី​តំបន់​កោះ​កុង​ក្រៅ​ ដោយ​ទូក​នេសាទ​ធំៗ​ផង​ដែរ។

កញ្ញា​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់ ​គឺ​ឃើញ​ មិន​មែន​ជាប្រជា​ពល​រដ្ឋ​ជាក់​ស្ដែង​ទេ ដោយ​សារ​តែ​ទូក​ទាំង​អស់​ហ្នឹង​ធំៗ​ខ្លាំង​មែន​ទែន​ហើយ​ដឹក​ឈើ​ទាំងអស់​ហ្នឹង​ ដឹក​ឈើ​ធំ​ ដោយ​សារ​តែ​យើង​ឃើញ​ថា​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ហ្នឹង​ផ្ទាល់ ​ភាគ​ច្រើន​គឺ​គាត់​អ្នក​ខាង​នេសាទ​ ដូច្នេះ​ហើយ​គាត់​អត់​មាន​ពេល​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​អស់​ហ្នឹង​»។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បដិ​សេធ​អត្ថា​ធិប្បាយ​ជុំវិញ​ការ​ដាក់​ញត្តិ​ដោយ​ក្រុម​សកម្ម​ជន​បរិស្ថាន។ ប៉ុន្តែ​លោកហៅ​ក្រុម​យុវជន​ទាំង​នោះ ជា​«ក្រុម​ចលនា​ក្រៅ​ច្បាប់» ហើយ​ទទួល​បាន​«ការ​បង្គាប់​បញ្ជាពី​បរទេស​ក្រោម​រូបភាព​នយោបាយ» ដើម្បី​បង្ក​ភាព​វឹកវរ​ដល់​សន្ដិ​សុខ​សង្គម។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក លី យ៉ុង​ផាត់ បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ​បើ​តាម​ក្រុម​យុវជន​មាតា​ធម្មជាតិ កោះកុង​ក្រៅ​មាន​ផ្ទៃ​ក្រឡា​ទំហំ​ ១០៣​គីឡូ​ម៉ែត្រ​ការ៉េ ​មាន​ឆ្នេរ​ប្រវែង ​៥៣​គីឡូ​ម៉ែត្រ និង​មាន​ចម្ងាយ​ប្រមាណ ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​ខេមរ​ភូមិន្ទ។ កោះកុង​ក្រៅ​មាន​ដើម​ឈើ​ធំៗ ​កូន​ភ្នំ​ សត្វព្រៃ ​ ទឹកធ្លាក់​ជា​ច្រើន​កន្លែង ​ឆ្នេរ​ខ្សាច់​ស​ក្បុស ​និង​ផ្កា​ថ្ម​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG