ក្រុមសកម្មជនការពារធនធានធម្មជាតិតំបន់អារ៉ែងសម្តែងទុទិដ្ឋិនិយមចំពោះការសន្យារបស់រដ្ឋាភិបាលកម្ពុជាថានឹងមិនមានការអភិវឌ្ឍន៍ ឬ សាងសង់ទំបន់វារីអគ្គិសនីនៅទីនោះរហូតចប់អណត្តិនៅឆ្នាំ២០១៨ ហើយថាពួកគេនៅរង់ចាំមើលនិងនៅតែបន្តសកម្មភាពការពារតំបន់នេះដដែល។
Your browser doesn’t support HTML5
លោកAlex Gonzalez Davidson ស្ថាបនិកនៃចលនាមាតាធម្មជាតិបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា៖
«ខ្ញុំគិតថាទោះបីនាយករដ្ឋមន្ត្រី ហ៊ុន សែន អត់មានគោលបំណងសាងសង់វារីអគ្គិសនីនៅតំបន់អារ៉ែងក្នុងអណត្តិនេះ ក៏ដោយក៏យើងខ្ញុំក្នុងនាមជាសកម្មជនព្រៃឈើត្រូវតែបន្តសកម្មភាព ឃ្លាំមើលនឹងការពារតំបន់អារ៉ែងព្រោះ អី យើងដឹងថាថ្នាក់ជាតិអាចបញ្ជាឬអាចផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន សិក្សា ហើយថ្នាក់ខេត្តឃុបឃិតគ្នាជាមួយក្រុមហ៊ុនឯកជនកាន់អាជ្ញាបណ្ណ សិក្សាដើម្បីធ្វើសកម្មភាពខុសច្បាប់ដូចជារករ៉ែឬក៏កាប់ព្រៃឈើដូច អ្វីដែលកំពុងតែកើតឡើងនៅ ទូទាំងប្រទេស»។
អត្ថាធិប្បាយនិង ការសន្យារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីដើមសប្តាហ៍នេះកើតឡើងមួយថ្ងៃបន្ទាប់ពីសកម្មជនបរិស្ថាន ដ៏ល្បីល្បាញគឺលោក Alex Gonzalez Davidson ត្រូវបានបណ្តេញចេញពីកម្ពុជាដោយសារតែសកម្មភាពដឹកនាំជំទាស់នឹង ការអភិវឌ្ឍតំបន់អារ៉ែង។ ទន្ទឹមនឹងការសន្យាលោកនាយករដ្ឋមន្ត្រីក៏និយាយគំរាមថាលោកនឹងប្រើ កាំជ្រួចហ្វូងBM21 បាញ់ដាក់អ្នកណាដែលហ៊ានធ្វើអបគមន៍នៅតំបន់នោះផងដែរ។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា ទំនប់វារីអគ្គិសនីនៅស្ទឹងជាយអារ៉ែង អាចផលិតអគ្គិសនីបានតែជាង ៦០មេហ្គាវ៉ាត់នៅរដូវប្រាំងហើយជាង ១០០មេហ្គាវ៉ាត់ប៉ុណ្ណោះនៅរដូវវស្សា។
សេចក្តីរាយការណ៍នានា ឱ្យ ដឹងថារដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ ផាវវើ (Sinohydro Power) វិនិយោគវារីអគ្គិសនីនៅស្ទឹងជាយអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុងប៉ុន្តែនៅមិនទាន់ធ្វើអ្វីបាននៅឡើយដោយសារតែមានការ ជំទាស់ខ្លាំងៗពីសហគមន៍មូលដ្ឋាននិងសកម្មជនបរិស្ថាន។
លោកសាន ម៉ាឡា សហស្ថាបនិកនៃចលនាមាតាធម្មជាតិបានបញ្ជាក់ផងដែរថា៖
«ប្រសិន បើមានការប្រែប្រួលឬក៏មានស្ថានការណ៍ណាមួយដែលអាចប៉ះទង្គិចទៅដល់ តំបន់អារ៉ែង ប៉ះទង្គិចទៅដល់ផ្លូវចិត្តក៏ដូចជាវប្បធម៌ប្រពៃណី របស់សហគមន៍ជនជាតិជង គឺយើងនឹងចាប់ផ្តើមមានការផ្សព្វផ្សាយព័ត៌មាននិងចុះ ទៅស៊ើបអង្កេតក៏ដូចជាប្រមូលសហគមន៍រួមជាមួយយុវជននៅ ភ្នំពេញក៏ដូចជាយើងទាំងអស់គ្នាដើម្បីទៅទប់ស្កាត់មិនឱ្យជនជាតិ ចិនទាំងអស់នោះចូលទៅក្នុងតំបន់អារ៉ែង»។
សកម្មជនទាំងពីរបាន បញ្ជាក់ថាកត្តាសំខាន់គឺប្រជាពលរដ្ឋជនជាតិដើមជង ដែលរស់នៅ ក្នុងមូលដ្ឋានមានការយល់ដឹងកាន់តែច្រើនពីសិទ្ធិរបស់ពួកគេនិង ដឹងពីរបៀបក្នុងការតវ៉ាដើម្បីថែរក្សាអ្វី ដែលជាសម្បត្តិធម្មជាតិរបស់ពួកគេ។ កត្តានេះនឹងធ្វើឱ្យការព្យាយាមណាមួយរបស់រដ្ឋាភិបាលក្នុងការជំរុញ ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីក្នុងពេលអនាគតក៏នឹងមិនអាចកើតឡើង បានឡើយ។
លោកអាឡិច បានអំពាវនាវឱ្យសកម្មជនដទៃទៀតត្រូវរួមដៃគ្នានិងពង្រីកការការពារឱ្យដល់តំបន់ផ្សេងទៀតផងដែរ។
លោកបានបន្ថែមថា៖
«សកម្មភាពដែលយើងបានធ្វើកន្លងមកបានជោគជ័យ អ្វីដែលអគ្គិសនីអារ៉ែងអត់មានអត់កើតឡើងក៏យើងនៅអំពាវនាវឱ្យយុវជនបន្តសកម្មភាពការពារព្រៃឈើឬក៏ការពារធនធានធម្មជាតិនៅកន្លែងផ្សេងៗព្រោះ ដូចខ្ញុំបាននិយាយរួចហើយថាគឺសកម្មភាពបំផ្លាញធនធានធម្មជាតិគឺកើតឡើងនៅទូទាំងប្រទេសតែម្តងអីចឹងយើងត្រូវតែ ពង្រីកយុទ្ធនាការរបស់យើងធ្វើម៉េចឱ្យអាចការពារធនធានបានទូទាំងប្រទេស»។
លោកអាឡិចត្រូវបានរដ្ឋាភិបាលបណ្តេញចេញទាំងបង្ខំកាលពីយប់ថ្ងៃច័ន្ទសប្តាហ៍នេះប៉ុន្តែលោកយល់ថានេះជាការយល់ខុសរបស់រដ្ឋាភិបាលដែលថា«អត់អាឡិចរឿងអារ៉ែងអាចស្ងប់ស្ងៀមបាន» ព្រោះចំណាត់ការនេះមិនបានធ្វើឱ្យបាក់ទឹកចិត្តដល់សកម្មជនកម្ពុជាវ័យក្មេងទេដោយសារតែយុវជនទាំងនោះ«ខ្លាំងជាងអាឡិច១០០ដង»៕