សកម្ម​ជន​បន្ត​ជំរុញ​ក្រសួង​បរិស្ថាន​ឱ្យ​ឆាប់​បញ្ចូល​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ

សកម្មជនបរិស្ថានដង្ហែញតិ្តនៅមុខក្រសួងបរិស្ថាន ដើម្បីឱ្យក្រសួងពន្លឿនការដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។ (មាស ដា/វីអូអេ)

ក្រុម​យុវជន​សកម្មជន​បរិស្ថាន​ជាង​២០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រសួង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឱ្យ​ក្រសួង​បំភ្លឺ​ជុំវិញ​គម្រោង​ដាក់​កោះ​កុង​ក្រៅ​ក្នុង​ខេត្ត​កោះកុង​ជា​ឧទ្យាន​ជាតិ​សមុទ្រ ​និង​ជំរុញ​ពន្លឿន​ដំណើរ​ការ​នេះ។​ សកម្មជន​អះអាង​ថា​ ក្រសួង​បរិស្ថាន​ធ្លាប់​បាន​សន្យា​ថា​នឹង​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ក្នុង​ឆ្នាំ​២០២១ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ដាក់​នៅ​ឡើយ​ទេ។​

សកម្ម​ជន​ទាំង​នោះ​បាន​ដើរ​ថ្មើរ​ជើង ​ដោយ​កាន់​បដា ​ដង្ហែ​ញត្តិ​ចេញ​ពី​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ​រហូត​មក​ដល់​ក្រសួង​បរិស្ថាន​ នៅ​ក្បែរ​កោះ​ពេជ្រ។ ​សកម្ម​ជន​វ័យ​ក្មេង​ទាំង​នោះ​បាន​លាប​ម៉្សៅ​មុខ​ពណ៌​ស ​គូ​រង្វង់​ភ្នែក​ពណ៌​ខ្មៅ​ ដែល​ពួកគេ​ថា​ ជា​តំណាង​ឱ្យ​ខ្មោច ​ហើយ​ដៃ​របស់​ពួកគេ​កាន់​នំ​និង​ទាន​ផង​ដែរ។​

បើ​តាម​ញត្តិ ​សកម្មជន​បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​បរិស្ថាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​អំពី​សក្តានុពល​នៃ​កោះ​កុង​ក្រៅ ​ព្រម​ទាំង​ឱ្យ​ក្រសួង​ពិចារណា​ជា​បន្ទាន់​ក្នុង​ការ​ដាក់​តំបន់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។ ​ពួកគេ​អះអាង​ថា​ កោះកុង​ក្រៅ​ជា​តំបន់​សម្បូរ​ដោយ​សត្វ​កម្រ​និង​ជីវចម្រុះ​ជា​ច្រើន​ប្រភេទ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ​បន្ថែម​ពី​នេះ ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សំរាម​និង​ភាព​ខ្វះខាត​ការ​អប់រំ​អំពី​ផលវិបាក​នៃ​សំណល់​ផ្លាស្ទិក ​ដែល​នាំ​ឱ្យ​មាន​ការ​បំផ្លាញ​សោភ័ណ​ភាព​នៅ​តាម​ភូមិ​ទេសចរណ៍​នៅ​ទីនោះ ​និង​ការ​បំពុល​តាម​ឆ្នេរ​នីមួយៗ​នៃ​កោះកុង​ក្រៅ​ទាំង​មូល។ ​នេះ​បើ​យោង​តាម​ញត្តិ​របស់​សកម្ម​ជន។​

កញ្ញា រស់ ស្រីរ័ត្ន អាយុ២១ឆ្នាំ ផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេ នៅមុខក្រសួងបរិស្ថានរាជធានីភ្នំពេញថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

កញ្ញា រស់ ស្រីរ័ត្នអាយុ​២១​ឆ្នាំ ​សកម្មជន​ដែល​បាន​ចូល​រួម​ដង្ហែ​ញត្តិ​ ដោយ​មាន​ការ​តុប​តែង​មុខ​ ប្រាប់​វីអូអេ​ថា ​ការ​ដាក់​ញត្តិ​នេះ​មាន​គោល​បំណង​ចង់​ឱ្យ​ក្រសួង​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន។​

កញ្ញា​ថ្លែង​ថា៖​ «ដាក់​ញត្តិ​ដើម្បី​ឱ្យ​ក្រសួង​បរិស្ថាន​គោរព​ពាក្យ​សន្យា​ឡើង​វិញ! ​ដោយ​សារ​គាត់​បាន​សន្យា​ជា​មួយ​ពួក​យើង​កាល​ពី​ឆ្នាំ​២០២១​ថា​ នឹង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ​ប៉ុន្តែ​ជិត​៤​ឆ្នាំ​ហើយ​ដែល​ក្រសួង​បរិស្ថាន​អត់​ទាន់​បាន​គោរព​ពាក្យ​សន្យា។ ​ហើយ​ក៏​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ទាក់​ទង​ទៅ​នឹង​ការ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ដែរ»។​

កញ្ញា​បន្ថែម​ថា​ កញ្ញា​មិន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចូល​រួម​ឱ្យ​មាន​ការ​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​ បើ​ទោះ​បាន​ដឹង​ថា​ សកម្មជន​បរិស្ថាន​ខ្លះ​កំពុង​រង​បណ្តឹង​នៅ​តុលាការ ​និង​ខ្លះ​ធ្លាប់​ជាប់​ពន្ធនាគារ​ ដោយ​សារ​សកម្ម​ភាព​របស់​ពួកគេ​ក៏ដោយ។

កញ្ញា​បញ្ជាក់​ថា៖​ «សម្រាប់​ខ្ញុំ​ផ្ទាល់​ គឺ​ខ្ញុំ​អត់​ភ័យ​ខ្លាច​ទេ! ​ ដោយសារ​វា​ជា​សិទ្ធិ​របស់​យើង​ក្នុង​នាម​ជា​ពលរដ្ឋ ​ដើម្បី​ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​ដែល​ត្រឹម​ត្រូវ។​ វា​មិន​មែន​ខុស​នឹង​ច្បាប់​ទេ។​ ពួក​យើង​នៅ​តែ​បន្ត​សកម្ម​ភាព​របស់​ពួក​យើង​រហូត​ដល់​ក្រសួង​បរិស្ថាន​នឹង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ។​ពួកយើង​មិន​មាន​ភាព​នឿយ​ហត់​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​រាល់​ថ្ងៃ​ហ្នឹង​ទេ។ ​យើង​ធ្វើ​ដើម្បី​ពួកយើង​ទាំង​អស់​គ្នា​ ដើម្បី​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា។​ ពួក​យើង​មិន​មែន​ធ្វើ​ដើម្បី​សិទ្ធិ​បុគ្គល ​ឬ​ក៏​សិទ្ធិ​ខ្លួន​ឯង​ផ្ទាល់​ទេ»។​

កញ្ញា ធួន ស្រីពៅ អាយុ២២ឆ្នាំ ផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេនៅមុខក្រសួងបរិស្ថានក្នុងទីក្រុងភ្នំពេញថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

សកម្ម​ជន​ម្នាក់​ទៀត ​កញ្ញា ​ធួន ស្រីពៅ ​អាយុ​២២​ឆ្នាំ ​លើក​ឡើង​ថា​ កញ្ញា​ចូល​រួម​ដាក់​ញត្តិ​នេះ ​ដោយ​សារ​កញ្ញា​បារម្ភ​អំពី​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តំបន់​កោះ​កុង​ក្រៅ។​

កញ្ញា​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖​ «ពួក​យើង​នៅ​តែ​បារម្ភ​ ព្រោះ​យើង​ឃើញ​កន្លង​មក​ធនធាន​ធម្មជាតិ​ឱ្យ​តែ​នៅ​ក្រោម​ឈ្មោះ​ឧកញ៉ា​ ក្រោម​ការ​អភិវឌ្ឍ ​គឺ​តែងតែ​ទទួល​រង​ការ​បំផ្លាញ។ ​កោះ​កុង​ក្រៅ​ក៏​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​ឧកញ៉ា​ លី យ៉ុង​ផាត់ ​ដែល​ឧកញ៉ា​នេះ​មាន​ឈ្មោះ​សុសសាយ​មែន​ទែន​ខាង​បំផ្លាញ​ធនធាន​ធម្មជាតិ​ដែល​ជា​ក្តី​បារម្ភ​មួយ​របស់​ពួក​យើង។ ​ក្នុង​នាម​ជា​ម្ចាស់​នៃ​ធនធាន​ធម្មជាតិ​ខ្មែរ​ ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​នៃ​ធនធាន​ធម្មជាតិ ​គឺ​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន ​ព្រោះ​កោះកុង​ក្រៅ​ជា ​កោះ​ដែល​ស្រស់​ស្អាត​មែនទែន​របស់​ខ្មែរ​បន្ទាប់​ពី​កោះ​ត្រល់ ​ដែល​ត្រូវ​បាន​បាត់​បង់​ទៅ​ប្រទេស​វៀតណាម»។​

សកម្ម​ជន​រូប​នោះ​សង្ឃឹម​ថា​ ក្រសួង​បរិស្ថាន​នឹង​ពិចារណា​ដក​កោះកុង​ក្រៅ​ចេញ​ពី​សម្បត្តិ​ឯកជន​មក​ទុក​ជា​តំបន់​ការពារ​សម្បត្តិ​ធម្មជាតិ​វិញ។​

កញ្ញា មាន លីសា អាយុ ២០​ ឆ្នាំ សមាជិក​របស់​ក្រុម​ចលនា​មាតាធម្មជាតិ ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្នុង​ពេល​ដាក់​ញតិ្ត​នៅ​មុខ​ក្រសួង​បរិស្ថាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ចំណែក​យុវជន​ម្នាក់​ដែល​មក​ពី​ចលនា​មាតា​ធម្មជាតិ​ដែល​ចូល​រួម​ក្នុង​ការ​ដាក់​ញត្តិ​នេះ​កញ្ញា ​មាន លីសា ​អាយុ​២២​ឆ្នាំ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​មុខ​ក្រសួង​បរិស្ថាន​ថា​ ការ​ដាក់​ញត្តិ​ទាមទារ​ឱ្យ​ការពារ​តំបន់​កោះកុង​ក្រៅ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​សកម្ម​ជន​ធ្វើ​យុទ្ធនាការ។​ ប៉ុន្តែ​កញ្ញា​កាន់​តែ​បារម្ភ​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ថា​ កោះកុង​ក្រៅ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​អភិវឌ្ឍ។​

កញ្ញា​ថ្លែង​ថា៖ ​«កោះកុង​ក្រៅ​ទាំង​មូល​គឺ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​ទៅ​ឧកញ៉ា ​លី យ៉ុងផាត់ ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​លើ​កោះកុង​ក្រៅ​ទាំង​មូល។​ ប៉ុន្តែ​វា​ខុស​ទៅ​នឹង​ច្បាប់​ភូមិបាល​ដែល​កោះកុង​ក្រៅ​គឺ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​លោក​ លី យ៉ុងផាត់ ​តាំង​ពី​ឆ្នាំ​២០១៩ ​តែ​បច្ចុប្បន្ន​កោះ​កុង​ក្រៅ​អត់​ទាន់​លេច​ចេញ​នូវ​ការ​អភិវឌ្ឍ​ណា​មួយ​ឱ្យ​ឃើញ​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា​ វា​មាន​ប្រយោជន៍​មាន​តម្លៃ​ទេ»។​

កញ្ញា​បញ្ជាក់​បន្ថែម​ថា៖​ «បើ​សិន​ជា​លើស​ពី​១២​ខែ ​លើស​ពី​១​ឆ្នាំ​ហ្នឹង​ត្រូវ​ដក​អាជ្ញាបណ្ណ​មក​វិញ​ មាន​ន័យ​ថា​បើសិន​ជា​ការ​ផ្តល់​សិទ្ធិ​អភិវឌ្ឍ​ហ្នឹង ​វា​អត់​មាន​ប្រយោជន៍។ ​យើង​ដឹង​ហើយ​ថា​ លោក ​លី យ៉ុងផាត់ ​គឺ​ជា​អ្នក​ណា?​ អ្នក​ដែល​មាន​អំណាច​ អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល។​ ហេតុ​អ្វី​បាន​ជា​ទឹក​ដី​ក៏​ដូច​ជា​កោះ​ដែល​ជា​ធនធាន​សម្បត្តិ​របស់​រដ្ឋ​នេះ​ត្រូវ​តែ​ប្រគល់​ឱ្យ​អ្នក​មាន​អំណាច​ទាំង​អស់​ហ្នឹង? ​រដ្ឋ​អត់​មាន​សមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឍ​កោះ​ខ្លួន​ឯង​ឬ​ក៏​យ៉ាង​ណា?»​

លោក ​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​តែងតែ​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា ​លោក​បាន​ទទួល​សិទ្ធិ​គ្រប់​គ្រង​អភិវឌ្ឍ​នៅ​តំបន់​កោះកុង​ក្រៅ​ជា​ហូរហែ។ ​លោក​បដិសេធ​ថា​ លោក​មិន​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​អ្វី​ឡើយ​នៅ​តំបន់​កោះកុងក្រៅ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ជម្រាប​ក្មួយ​ឯង​ថា ​កោះកុង​ក្រៅ​ខ្ញុំ​អត់​មាន​អ្វី​ពាក់ព័ន្ធ​ទេ ​គឺ​កោះកុង​ក្រៅ​នៅ​តែ​កោះកុង​ក្រៅ។ ​រដ្ឋ​នៅ​តែ​ជា​របស់​រដ្ឋ​ដដែល​ទេ។ ​គ្មាន​អ្នក​ណា​ ទៅ​ធ្វើ​អី​នៅ​នោះ​ទេ! ​អត់​មាន​ទេ!​ មាន​តែ​ប្រជាជន​ទៅ​ទេសចរណ៍»។​

តំណាង​ខាង​ក្រសួង​បរិស្ថាន​ដែល​ចេញ​មក​ទទួល​ញត្តិ​បាន​បញ្ជាក់​ថា​នឹង​នាំ​ញត្តិ​នេះ​ទៅ​ដល់​ដៃ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន។​

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក​ ខ្វៃ អាទិត្យា ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ជា​សារ​អក្សរ​ថា​ ក្រសួង​កំពុង​តែ​ពិនិត្យ​មើល​ញត្តិ​របស់​ក្រុម​សកម្ម​ជន​បរិស្ថាន។​

គួរ​បញ្ជាក់​ថា​ កោះកុង​ក្រៅ​មាន​ទំហំ​១០៣​គីឡូ​ម៉ែត្រ​ការ៉េ ​មាន​ឆ្នេរ​ប្រវែង​៥៣​គីឡូ​ម៉ែត្រ ​និង​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូ​ម៉ែត្រ​ពី​ក្រុង​ខេមរ​ភូមិន្ទ។ ​កោះកុង​ក្រៅ​មាន​ដើម​ឈើ​ធំៗ ​កូន​ភ្នំ​ សត្វ​ព្រៃ ​ទឹក​ធ្លាក់​ជាច្រើន​កន្លែង ​ឆ្នេរ​ខ្សាច់​ស​ក្បុស ​និង​ផ្កាថ្ម​ជាដើម។​ នេះ​បើ​តាម​ឃ្លីប​វីដេអូ​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​ កាល​ពី​កន្លង​ទៅ៕