សកម្មជនបរិស្ថានវ័យក្មេងដែលទទួលការបណ្តុះបណ្តាលពីអង្គការមាតាធម្មជាតិបាននាំគ្នាកាយដីដែលក្រុមហ៊ុនចាក់លុបព្រែកត្រែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោយពីសង្កេតឃើញថា អាជ្ញាធរមិនបានចាត់វិធានការប្រឆាំងនឹងការលុបព្រែកត្រែងនេះ ក្រុមសកម្មជនដែលមានគ្នាជិត១០នាក់នាំគ្នាចុះទៅកាយដីចេញពីតំបន់ឆ្នេរសមុទ្រព្រែកត្រែង ស្រុកស្ទឹងហាវ ដែលត្រូវបានចាក់លប់កាលពីខែកញ្ញាឆ្នាំមុន។
សកម្មភាពកាយដីជានិមិត្តរូបប្រឆាំងការលប់បឹង ទន្លេ ព្រែក ជាដើមនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានសន្យាកាលពីពេលថ្មីៗនេះថា នឹងចុះទៅកាយដីចេញពីឆ្នេរ ប្រសិនរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្តព្រះសីហនុមិនចាត់វិធានការលើបញ្ហានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ឱ្យដឹងថា លោកហ៊ុន សែនបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងនេះគឺលោកជា សុផារ៉ាចុះពិនិត្យសកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រនៅឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុដើម្បីឱ្យកាយយកដីចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើមវិញ។ ប៉ុន្តែមកទល់ពេលនេះ បទបញ្ជានេះមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
ក្រុមហ៊ុនចាក់ដីលប់ព្រែកត្រែងនេះត្រូវគេសង្ស័យថា ជាកម្មសិទ្ធរបស់អ្នកស្រីជឹង សុភាពហៅយាយភូ ដែលស្និទ្ធនឹងភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺអ្នកស្រីប៊ុនរ៉ានី៕