សកម្មជនបរិស្ថានជាង២០នាក់នាព្រឹកថ្ងៃសុក្រនេះ បានដាក់ញត្តិនៅក្រសួងយុត្តិធម៌ស្នើសុំឱ្យស្ថាប័នអយ្យការបន្តធ្វើការស៊ើបអង្កេតដោយហ្មត់ចត់ និងឯករាជ្យ ក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី ដើម្បីរកមេគំនិត និងអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មដែលបានកើតឡើងនៅខេត្តកោះកុងកាលពី១២ឆ្នាំមុន។
លោកឈុត វុទ្ធី ដែលគេស្គាល់ថា ជាសកម្មជនការពារព្រៃឈើដែលគ្មានការភ័យខ្លាចម្នាក់ ត្រូវបានគេបាញ់សម្លាប់ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១២ នាពេលដែលលោកចុះស៊ើបអង្កេតនិងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ជួរភ្នំក្រវាញជាមួយអ្នកសារព័ត៌មានពីររូបរបស់កាសែត The Cambodia Daily។
នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សកម្មជនបានប្រមូលផ្តុំគ្នានៅមាត់ទន្លេមុខព្រះបរមរាជវាំង រួចដង្ហែញត្តិមួយឆ្ពោះទៅក្រសួងយុត្តិធម៌ អមដោយការលើករូបគំនូររបស់លោក ឈុត វុទ្ធី និងក្រដាសពណ៌សមួយផ្ទាំងដែលមានសារមួយឃ្លាថា«យុត្តិធម៌សម្រាប់ ឈុត វុទ្ធី»។ ព្រះសង្ឃប្រមាណ៦អង្គក៏បាននិមន្តចូលរួមការដង្ហែញត្តិរកយុត្តិធម៌ជូនលោកឈុត វុទ្ធីនេះដែរ។
យុវជនចលនាមាតាធម្មជាតិដែលចូលរួមក្នុងការដាក់ញត្តិនេះគឺកញ្ញា មាន លីសា ប្រាប់អ្នកសារព័ត៌មានថា សកម្មជនបរិស្ថាន និងអ្នកស្រឡាញ់ធនធានធម្មជាតិមានគោលបំណងរួមគ្នាមួយគឺការស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ព្រោះអស់រយៈពេលជាង១ទសវត្សរ៍នេះ អាជ្ញាធរមិនទាន់រកបានយុត្តិធម៌ពិតប្រាកដសម្រាប់សកម្មជនការពារព្រៃឈើរូបនេះទេ។
កញ្ញាថ្លែងថា៖«យើងដាក់ញត្តិនេះដើម្បីឱ្យខាងក្រសួងយុត្តិធម៌សើរើរឿងនេះធ្វើឱ្យវាច្បាស់លាស់ជូនប្រជាពលរដ្ឋខ្មែរថា មូលហេតុពិតប្រាកដនៅពីក្រោយការស្លាប់របស់ពូ ឈុត វុទ្ធី ហ្នឹងជាអ្វី? យើងអត់អាចទទួលយកបាននូវការបិទបញ្ចប់រឿងក្តីដោយអត់គ្រប់[ហើយ] គ្រប់គ្នាអត់ទទួលបានយុត្តិធម៌បានទេ ព្រោះជាពិសេសគ្រួសាររបស់គាត់អត់ទទួលបានយុត្តិធម៌។ តើអ្នកណាមកទទួលខុសត្រូវលើការស្លាប់របស់លោកពូឈុត វុទ្ធី?»។
ជាមួយគ្នានេះសកម្មជនបរិស្ថានម្នាក់ទៀត កញ្ញា នុត ធិ ដែលចូលរួមដង្ហែញតិ្តទៅក្រសួងយុត្តិធម៌ប្រាប់អ្នកកាសែតថា កញ្ញាមកចូលរួមដាក់ញតិ្តនេះគឺដើម្បីបន្តទាមទារស្វែងរកយុត្តិធម៌ដល់លោក ឈុត វុទ្ធី ព្រោះគ្មានយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី ក្រោយលោកត្រូវបានគេបាញ់ស្លាប់កាលពី១២ឆ្នាំមុនក្នុងពេលចុះឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជា។
កញ្ញាបន្ថែមថា បើទោះជាមានក្តីបារម្ភខ្លះៗចំពោះការចូលរួមដាក់ញត្តិនេះ ក៏កញ្ញាត្រូវតែធ្វើក្នុងបុព្វហេតុលើកស្ទួយសិទ្ធិសេរីភាពពលរដ្ឋ ដែលកញ្ញាយល់ថា ស្ថិតក្រោមការរឹតត្បិតរបស់អាជ្ញាធររដ្ឋ។
កញ្ញាថ្លែងថា៖ «ឥឡូវនេះយើងកំពុងតែនិយាយ យើងកំពុងតែស្រែក ហើយយុត្តិធម៌របស់យើងនៅតែមិនមាន សេរីភាពរបស់យើងនៅតែរឹតត្បិត ចុះទម្រំាតែយើងមិនមានការលើកឡើងណាមួយ តើសិទ្ធិសេរីភាពរបស់យើងក៏ដូចជាយុត្តិធម៌វានឹងធ្លាក់ទៅដល់កម្រិតណា? ដូច្នេះហើយបើទោះបីជាខ្ញុំភ័យខ្លាច ខ្ញុំមានការបារម្ភក៏ដោយ ប៉ុន្តែខ្ញុំនៅតែបន្តឆន្ទៈហ្នឹងរហូតដើម្បីអ្នកជំនាន់ក្រោយទៀត»។
កូនប្រុសរបស់លោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី ក៏ជឿថា អ្នកដែលទទួលខុសត្រូវចំពោះឃាតកម្មឪពុករបស់លោកនៅមិនទាន់ត្រូវបាននាំខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ។
លោកប្រាប់វីអូអេតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ «ខ្ញុំមិនមានជំនឿទៅលើតុលាការនៅប្រទេសកម្ពុជាទេ ដោយសារតែខ្ញុំជឿថា អ្នកដែលសម្លាប់ឪពុកខ្ញុំហ្នឹង គឺសុទ្ធតែជាមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល។ អ៊ីចឹងហើយខ្ញុំគិតថា យុត្តិធម៌សម្រាប់ឪពុកខ្ញុំ លុះត្រាតែមានការផ្លាស់ប្តូរប្រព័ន្ធតុលាការ ផ្លាស់ប្តូររដ្ឋាភិបាលថ្មី បានមានសង្ឃឹមយុត្តិធម៌សម្រាប់ឪពុកខ្ញុំ»។
ទោះជាមានការបកស្រាយបែបណាក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាជីន បានបញ្ជាក់ឱ្យវីអូអេដឹងនៅថ្ងៃសុក្រនេះថា សំណុំរឿងលោក ឈុត វុទ្ធី ត្រូវបានបិទបញ្ចប់ ហើយអ្នកដែលជាជនដៃដល់ក៏ត្រូវបានផ្តន្ទាទោសរួចហើយដែរ។
លោកថ្លែងថា៖«ជាគោលការណ៍ច្បាប់ សំណុំរឿងគឺត្រូវបានបិទបញ្ចប់។ យុត្តិធម៌តាមផ្លូវច្បាប់ត្រូវបានធានា ដោយអ្នកពាក់ព័ន្ធជនដៃដល់ទាំងប៉ុន្មានហ្នឹងត្រូវបានផ្តន្ទាទោស។ ប្រសិនបើពួកគាត់យល់ថា ករណីសំណុំរឿងនេះមិនទាន់មានយុត្តិធម៌ សូមពួកគាត់ចូលរួមជាជាងការដាក់ញត្តិចោលដោយគ្មានមូលដ្ឋានបែបនេះ។ ការចូលរួមហ្នឹងគឺថា ចូលរួមបង្ហាញនូវភស្តុតាង សក្ខីកម្មមូលដ្ឋានរឹងមាំច្បាស់លាស់ណាមួយ បង្ហាញថា ជនដៃដល់និង អ្នកពាក់ព័ន្ធពិតប្រាកដហ្នឹងមិនត្រូវបានផ្តន្ទាទោស។ សូមឱ្យគាត់ចូលរបៀបហ្នឹងវិញ ជាជាងការដាក់ញត្តិចោល ហើយប្រព្រឹត្តគ្មានមូលដ្ឋានអ្វីទាំងអស់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការដាក់ញត្តិដើម្បីទាមទារឱ្យតុលាការបើកការស៊ើបអង្កេតលើករណីឃាតកម្មលោក ឈុត វុទ្ធី គឺជាសិទ្ធិ និងសេរីភាពនៅក្នុងការស្នើសុំរបស់យុវជនដែលស្រឡាញ់បរិស្ថាន និងវីរភាពរបស់លោក ឈុត វុទ្ធី។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ ឃាតកម្មលើលោក ឈុត វុទ្ធី បានបន្សល់ទុកការមន្ទិលសង្ស័យជាច្រើន ព្រោះមានការកាត់ទោសទៅលើតែបុគ្គលម្នាក់ ដែលគេជឿថា មិនគ្រប់គ្រាន់ ហើយត្រូវមានការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត។
លោកថ្លែងថា៖ «ផ្ទុយទៅវិញ ឃាតកម្មទៅលើលោក ឈុត វុទ្ធី នេះ យើងមើលឃើញថា ជាឃាតកម្មមួយទៅលើអ្នកការពារព្រៃឈើការពារបរិស្ថាន តែអ្នកប្រព្រឹត្តបទល្មើសទាំងការកាប់ឈើឬក៏បំផ្លាញធនធានធម្មជាតិ និងបរិស្ថាន មិនទាន់ត្រូវបានស៊ើបអង្កេត រកឱ្យឃើញអំពីអ្នកដែលពាក់ព័ន្ធ និងយកទៅអនុវត្តតាមផ្លូវច្បាប់នៅឡើយទេ»។
បើតាមរបាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរកន្លងមកនោះ លោក ឈុត វុទ្ធី ត្រូវបានកម្លាំងអាវុធហត្ថម្នាក់គឺលោក អ៊ិន រតនា បាញ់ស្លាប់ បន្ទាប់ពីមានជម្លោះប្រកែកគ្នារឿងដែលកងកម្លាំងចង់រឹបអូសអង្គចងចាំនៃកាមេរ៉ាដែលក្រុមលោកបានថតនៅឯទីតាំងរបស់ក្រុមហ៊ុន Timber Green ដែលទទួលបានការអនុញ្ញាតឱ្យកាប់រានដីព្រៃ និងពង្រាបបាតអាង ក្នុងការសាងសង់ទំនប់វារីអគ្គិសនីឫស្សីជ្រុំ ភាគខាងជើងខេត្តកោះកុង។
មន្ត្រីអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏បានស្លាប់នៅក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នានោះផងដែរ។ អាជ្ញាធរបានធ្វើសេចក្ដីសន្និដ្ឋានផ្សេងគ្នា មុននឹងចេញការសន្និដ្ឋានចុងក្រោយថា សន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ឈ្មោះរ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពីមន្ត្រីអាវុធហត្ថ អ៊ិន រតនា រហូតរេលកៃបណ្ដាលឱ្យស្លាប់មន្ត្រីអាវុធហត្ថរូបនេះ។
ក្រៅពីតុលាការកាត់ទោសឈ្មោះ រ៉ាន់ បូរ័ត្ន ពីបទ«មនុស្សឃាតដោយអចេតនា»នោះ មិនមានជនណាផ្សេងទៀតត្រូវបានស៊ើបអង្កេត និងនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ សំណុំរឿងបាញ់ប្រហារនេះក៏ត្រូវបានបិទបញ្ចប់តាំងពីចុងឆ្នាំ២០១២មកម៉្លេះ៕