រដ្ឋមន្ត្រី​បរិស្ថាន​ជួប​ពិភាក្សា​ជាមួយ​​ពលរដ្ឋ​នៅ​ភាគ​ឦសាន​អំពី​ផែនការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ

លោក​សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​មួយ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។

លោក ​សាយ សំអាល់ ​រដ្ឋមន្ត្រី​បរិស្ថាន​ បាន​ជួប​ជាមួយ​ក្រុម​ពលរដ្ឋ​ចំនួន​៣០០នាក់ និង​ក្រុម​មន្ត្រី​ខេត្ត​មណ្ឌលគីរី ​តំណាង​អង្គការ​នានា​នៅ​ភាគ​ឦសាន​ប្រទេស​ ដើម្បី​ពិភាក្សា​អំពី​ផែនការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។

ជំនួប​នេះ​កើត​ឡើង​ក្នុង​ពេល​លោក​រដ្ឋមន្ត្រី​បាន​ចុះ​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់​ការ​ត្រពាំង​ធ្មៀរ ​ស្ថិត​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ ដែល​មាន​ចម្ងាយ​ប្រហែល​ ១០០​ គីឡូម៉ែត្រ​ពីក្រុង​សែនមនោរម្យ ជាទី​ដែល​លោក​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ។

លោក​រដ្ឋមន្រ្តី ​សាយ សំអាល់​ បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរួម​មួយ ដែល ​VOA ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ ​«រាជ​រដ្ឋាភិបាល​កម្ពុជា​ មាន​គោល​បំណង​លើក​កម្ពស់​ការ​បង្កើត​ប្រាក់​ចំណូល​ដល់​សហគមន៍ មូលដ្ឋាន​បន្ថែម​លើការ​ពឹង​ផ្អែក​លើ​ការ​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ​បែប​ប្រពៃណី​ ដោយ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​ឱកាស​ថ្មីៗ​សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ជាពិសេស​ក្នុង​ផ្នែក​អេកូទេសចរណ៍ ប្រកប​ដោយ​ចីរភាព ​និង​កសិកម្ម។​ ជា​ឧទាហរណ៍ ​ប្រជាជន​ក្នុង​សហគមន៍​អាច​ទទួល​បាន​នូវការ​បណ្តុះ​បណ្តាល​ជំនាញ​ខាង​ចិញ្ចឹម​និង​គ្រប់គ្រង​សត្វ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​មូលដ្ឋាន‍»។

ខេត្ត​មណ្ឌល​គិរី​ត្រូវបាន​គេ​ដឹងថា​មាន​សក្តានុពល​ខ្ពស់​សម្រាប់​អេកូទេសចរណ៍​ ជាពិសេស​ទេសចរណ៍​មើល​សត្វព្រៃ ​ព្រោះ​តំបន់​ធម្មជាតិ​ក្នុង​ខេត្ត​នេះ​ជាទី​ជម្រក​របស់​សត្វព្រៃ​សំខាន់ៗ ​និង​សត្វ​រងគ្រោះថ្នាក់​ផុត​ពូជ​ជា​សាកល​ជាច្រើន​ប្រភេទ​ដូចជា ​សត្វ​ទន្សោង​ ខ្ទីង​ រមាំង ​ដំរីអាស៊ី ​ខ្លារខិន​ ក្ងោក ​និង​ត្រយ៉ង​យក្ស​ជាដើម។

ក្រុម​អង្គការ​និង​ក្រុម​មន្ត្រី​ប្តេជ្ញា​ថា​នឹង​រួមគ្នា​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ ដែល​គម្រោង​ការ​នេះ​មាន​ការ​ចូលរួម​ផ្តល់​ជំនួយ​និង​គាំទ្រ​ពី​អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន ​រួមទាំង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ (USAID)​ ផង​ដែរ៕