នាពេលបច្ចុប្បន្ននេះ អង្គការមូលនិធិអភិរក្សនីហ្សេរីយ៉ាកំពុងផ្ដោតអាទិភាពខ្ពស់លើការអភិរក្សសត្វត្មាត។ លោក Abidemi Balogun មន្ត្រីអភិរក្សជាន់ខ្ពស់ពិសេសនៃផ្នែកអប់រំរបស់អង្គការមូលនិធិអភិរក្សនីហ្សេរីយ៉ា កំពុងធ្វើការជាមួយនឹងសហគមន៍មូលដ្ឋាននានាដែលនៅមានជំនឿលើអបិយជំនឿ និងជំនឿបុរាណនានាទាក់ទិននឹងសត្វត្មាតនេះ។
អ្នកស្រី Balogun និយាយថា៖ «មនុស្សម្នាក់បានសួរខ្ញុំថាតើសត្វត្មាតអាចត្រូវគេកំណត់ថាជាសត្វចង្រៃបានតាមវិធីណា ដោយគ្រាន់តែមានជំនឿកន្លងមកថា សត្វត្មាតគឺជាប្រភេទសត្វចង្រៃនោះ»។
អ្នកស្រី Balogun បានប្រាប់ VOA ថា គេមិនមែនបរបាញ់សត្វត្មាតសម្រាប់បរិភោគនោះទេ។ គេសម្លាប់សត្វត្មាតដើម្បីធ្វើពិធីសាសនា។
អ្នកស្រី Balogun បានបញ្ជាក់ទៀតថា៖ «យើងបានរកឃើញថា ក្បាលសត្វត្មាតត្រូវគេប្រើសម្រាប់ពិធីសាសនា ហើយវាគឺជាផ្នែកដែលថ្លៃបំផុតនៃសត្វត្មាត»។
នៅតាមទីផ្សារក្នុងស្រុក គេលក់រោមសត្វត្មាតក្នុងតម្លៃប្រហែល ១០០ ណៃរ៉ា រូបិយវត្ថុរបស់នីហ្សេរីយ៉ា ដែលស្មើនឹង ៥០ សេនដុល្លារអាមេរិក។ ប៉ុន្តែ ក្បាលសត្វត្មាតវិញអាចមានតម្លៃរហូតដល់ ២ ម៉ឺន ៥ ពាន់ ណៃរ៉ា ដែលស្មើនឹងប្រហែល ៧០ ដុល្លារអាមេរិក។
ដោយសារប្រទេសនីហ្សេរីយ៉ាមានវប្បធម៌ចម្រុះជាច្រើន គេឃើញថា ជំនឿអំពីសត្វត្មាតនេះមានលក្ខណៈខុសគ្នាច្រើន។ នៅតំបន់និរតីនៃប្រទេសនីហ្សេរីយ៉ា ដែលនៅទីនោះ គេហៅសត្វត្មាតថា igun ហើយគេជឿថា សត្វត្មាតជាសត្វសក្ដិសិទ្ធិនៅក្នុងពិធីសាសនាបុរាណ។
បើយោងទៅតាមជំនឿបុរាណ សត្វត្មាតអាចត្រូវបានគេប្រើសម្រាប់ហៅព្រលឹងខ្មោច ឬក៏ដើម្បីបំពេញតាមការចង់បានរបស់ព្រះជាម្ចាស់ នៅក្នុងពិធីបូជាស្មុគស្មាញនានា។
នៅតំបន់ខាងជើងប្រទេសនីហ្សេរីយ៉ា សត្វត្មាតជាសត្វដែលគេបរិភោគ។ ប៉ុន្តែ សត្វត្មាតនេះក៏ត្រូវគេលក់ដូរសម្រាប់ប្រើធ្វើជាថ្នាំបុរាណ និងការព្យាបាលជំងឺបែបបុរាណ។ អ្នកខ្លះថា ក្បាលសត្វត្មាតជាផ្នែកដែលមានអំណាចខ្លាំងអស្ចារ្យ។
ចំណែកឯនៅភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ាវិញ គេមិនបរិភោគសត្វត្មាតទេ ហើយគេក៏មិនប្រើសត្វត្មាតនេះនៅក្នុងពិធីសាសនាអ្វីនោះដែរ។ នេះបើតាមការបញ្ជាក់ប្រាប់ VOA របស់លោក Ike Nwakamma នៃក្រុមប្រឹក្សាកំពូលនីហ្សេរីយ៉ានៃពិធីសាសនាបុរាណ។
លោក Nwakamma លើកឡើងថា គេយល់ថា សត្វត្មាតនេះជាសត្វមិនស្អាតបរិសុទ្ធ ដូច្នេះគឺគេមិនអាចប្រើវាសម្រាប់គោលបំណងបុរាណណាមួយបានទេ។ មនុស្សមិនចង់បានសត្វត្មាតនេះទេ ទោះបីជាសត្វនោះរស់ ឬក៏ងាប់ក៏ដោយ។
ហេតុដូច្នេះហើយ បានជាហេតុការណ៍មួយដែលបានកើតឡើងកាលពីខែកក្កដាកន្លងទៅនេះ បានបណ្ដាលឲ្យមានការជ្រួលច្របល់យ៉ាងខ្លាំងនៅឯផ្សារមួយកន្លែង។
វីដេអូមួយដែលថតបានអំពីប្រតិកម្មបែបភ្ញាក់ផ្អើល និងភ័យខ្លាច របស់ប្រជាពលរដ្ឋនៅពេលដែលពួកគេឃើញសត្វត្មាតងាប់ ៥០ ក្បាលនៅលើដីនៃផ្សារលក់ដូរមួយកន្លែងនៅក្នុងរដ្ឋ Enugu នៃភាគនិរតីប្រទេស។
លោក Igwe Godwin Ekoh មេដឹកនាំបុរាណនៃសហគមន៍នោះ បានប្រាប់ VOA ថា អ្នកសម្លាប់សត្វបានសម្លាប់សត្វត្មាតម្ដងៗយ៉ាងច្រើនដើម្បីលក់។
លោក Ekoh និយាយថា៖ «អ្នកសម្លាប់សត្វបានដាក់ថ្នាំបំពុលក្នុងសាច់គោ ហើយបោះវាទៅឲ្យសត្វត្មាតស៊ី»។
ការជួញដូរសត្វត្មាតបានក្លាយជាអាជីវកម្មបានប្រាក់ចំណេញយ៉ាងច្រើនមួយ។ អង្គការមូលនិធិអភិរក្សនីហ្សេរីយ៉ាបានបញ្ជាក់ថា សត្វត្មាតប្រហែល ៥ រយតោន ត្រូវគេជួញដូរជារៀងរាល់ខែ។
លោក Igwe Ekoh បានចូលរួមនៅក្នុងវេទិកាមួយដែលរៀបចំដោយអង្គការមូលនិធិអភិរក្សនីហ្សេរីយ៉ានៅក្នុងរដ្ឋ Enugu កាលពីពេលថ្មីៗនេះ។ អង្គការនេះបានរៀបចំសិក្ខាសាលានៅក្នុងទីក្រុងចំនួន ៤ នៅទូទាំងប្រទេសនីហ្សេរីយ៉ា។
អ្នកចូលរួមនៅក្នុងវេទិកានៅក្នុងរដ្ឋ Enugu បានទៅកាន់ទីផ្សារដ៏មានប្រជាប្រិយមួយកន្លែង ដើម្បីនិយាយជាមួយអ្នកកាប់សាច់លក់ និងបានស្នើពួកគេឲ្យផ្ដល់ដំណឹងដល់អាជ្ញាធរ ប្រសិនបើពួកគេឃើញមាននរណាលក់សត្វត្មាត។
អង្គការ BirdLife International បញ្ជាក់ថា នៅទូទាំងទ្វីបអាហ្វ្រិក ចំនួនសត្វត្មាតបានធ្លាក់ចុះស្ទើរតែផុតពូជនៅក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះ ការដាក់ថ្នាំបំពុលសម្លាប់គឺជាមូលហេតុចម្បង។
អង្គការដៃគូសាកលលោកនេះបានហៅសត្វត្មាតថាជាសត្វសម្អាតបរិស្ថាន ដែលគួរតែត្រូវបានគេសរសើរ៕
ប្រែសម្រួលដោយ ភី សុភាដា