ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកទណ្ឌកម្មផ្នែកពាណិជ្ជកម្មចេញពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានស្វាគមន៍ដោយសេដ្ឋកិច្ចវិទូ និងអ្នកជំនួញក្នុងស្រុកដោយអ្នកទាំងនោះបាននិយាយថា ការដកទណ្ឌកម្មនេះនឹងដកចេញនូវការដាក់កម្រិតដ៏ខ្លាំងមួយលើពាណិជ្ជកម្មអន្តរជាតិជាមួយប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសក្រីក្រមួយ និងជួយបង្កើនការរីកចម្រើនសម្រាប់សេដ្ឋកិច្ចមីយ៉ាន់ម៉ា។
អ្នកវិភាគនយោបាយ និងសកម្មជននយោបាយ បានលើកឡើងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ ក៏បានដាក់ទំនួលខុសត្រូវបន្ថែមទៀតលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យឲ្យធ្វើយ៉ាងណា អ្នកជំនួញ «បក្ខពួកនិយម» កែប្រែការធ្វើជំនួញរបស់ពួកគេឲ្យបានប្រសើរឡើងវិញ ដោយសារតែការធ្វើជំនួញកន្លងមក ជារឿយៗ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានអំពើពុករលួយ ការដណ្ដើមដីធ្លីប្រជាពលរដ្ឋ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការធ្វើអាជីវកម្មគ្រឿងញៀនជាដើម។
បន្ទាប់ពីបានពិភាក្សាជាមួយលោកស្រី អង់សាន ស៊ូជី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីនៅក្នុងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន លោក Barack Obama បានប្រកាសថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងដកទណ្ឌកម្មចេញពីប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះមានដូចជា ការលុបឈ្មោះអ្នកជំនួញច្រើនជាង ១ រយនាក់ ដែលជាប់ពាក់ព័ន្ធជាមួយនឹងអតីតរបបយោធាភូមា ចេញពីបញ្ជីខ្មៅរបស់រតនាគារជាតិសហរដ្ឋអាមេរិក និងដកការដាក់កម្រិតចំពោះឧស្សាហកម្មថ្លើមថ្ម និងត្បូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សហរដ្ឋអាមេរិកក៏ផ្ដល់ឲ្យប្រទេសមីយ៉ាន់ម៉ានូវលទ្ធភាពនាំចេញមកកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។
លោក Maung Maung សេដ្ឋកិច្ចវិទូមកពីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បាននិយាយថា ការដកទណ្ឌកម្មនេះ នឹងជួយអ្នកនាំចេញគ្រប់ប្រភេទមានលទ្ធភាពចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងបញ្ចប់នូវបញ្ហាផ្សេងៗសម្រាប់ជំនួញក្នុងប្រទេសមីយ៉ាន់ម៉ា ដែលព្យាយាមចង់ប្រើប្រាស់នូវសេវាកម្មហិរញ្ញវត្ថុអន្តរជាតិ។ ក្នុងនោះដែរ វិស័យកាត់ដេរនឹងក្លាយជាវិស័យមួយដែលចំណេញច្រើនពីការដកទណ្ឌកម្មនេះ៕