ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី អង់សាន ស៊ូជី ជួប​ជាមួយ​ក្រុម​មេដឹកនាំ​សភា​សហរដ្ឋ​អាមេរិក បន្ទាប់ពី​លោក​អូបាម៉ា​ថា​នឹង​ដក​ទណ្ឌកម្ម​ចេញ​ពី​មីយ៉ាន់ម៉ា


លោកស្រី អង់សាន ស៊ូជី មេដឹកនាំ​របស់​មីយ៉ាន់ម៉ា​ចុះ​ពី​រថយន្ត​ នៅ​ពេល​លោក​ស្រី​ទៅ​ដល់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០១៦។

មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី អង់សាន ស៊ូជី ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​សភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា។

កម្មវិធី​ជំនួប​របស់​លោកស្រី អង់សាន ស៊ូជី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ដូចជា កិច្ចពិភាក្សា​ជាមួយ​លោកស្រី Nancy Pelosi ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា និង​លោក Mitch McConnell ប្រធាន​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា ក៏​ដូចជា​ការ​ចូលរួម​ពិសារ​អាហារ​ពេល​ល្ងាច​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម​ផ្សេងៗ និង​ការ​ចូលរួម​នៅ​ក្នុង​កម្មវិធី​សំណួរ​ចម្លើយ​ជាមួយ​សិស្ស​នៅ​ឯ​វិទ្យាល័យ​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ។

លោកស្រី អង់សាន ស៊ូជី ក៏​គ្រោង​នឹង​បញ្ចុះបញ្ចូល​សមាជិក​សំខាន់ៗ​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ថា នេះ​ជា​ពេល​ដ៏​ល្អ​ត្រឹមត្រូវ​ក្នុង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​លោកស្រី។

បន្ទាប់ពី​ជំនួប​ពិសារ​អាហារ​ពេល​ព្រឹក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ជាមួយ​ក្រុម​មេដឹកនាំ​សភា​មួយ​ចំនួន​នៅ​ឯ​គេហដ្ឋាន​របស់​លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden លោក Bob Corker ដែល​ជា​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​បាន​បញ្ជាក់​ថា៖ «ខណៈ​ពេល​ដែល​យើង​សរសើរ​ដល់​កិច្ចការ​របស់​លោកស្រី អង់សាន ស៊ូជី ដែល​បាន​ធ្វើ​កន្លង​មក​ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ខ្ញុំ​ពេល​ខ្លះ​មាន​ការ​អន់​ចិត្ត​ចំពោះ​ប្រតិកម្ម​របស់​លោកស្រី​ចំពោះ​បញ្ហា​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា‍»។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​សរសើរ​ដល់ «ការ​ផ្លាស់ប្ដូរ​សង្គម និង​នយោបាយ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់‍» របស់​ប្រទេស​មីយ៉ាន់ម៉ា ស្រប​ពេល​ដែល​លោក​បាន​ផ្ដល់​សញ្ញាណ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ដក​ទណ្ឌកម្ម​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

កាល​ពី​មុន លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​សភា ដោយ​នៅ​ក្នុង​លិខិត​នោះ លោក​បាន​សរសេរ​ថា រដ្ឋបាល​របស់​លោក​កំពុង​ត្រៀម​ភ្ជាប់​ទំនាក់ទំនង​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ឡើង​វិញ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ផ្អាក​អស់​រយៈពេល​ច្រើន​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ដោយសារ​តែ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោកស្រី អង់សាន ស៊ូជី បាន​ថ្លែង​អំណរគុណ​ដល់​លោក អូបាម៉ា ចំពោះ​ការ​ដែល​លោក​បាន​ទៅ ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដំបូង​បង្អស់។ លោកស្រី​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​សភា​អាមេរិក ដែល​បាន​ដាក់​សម្ពាធ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​ពង្រឹង​នូវ​ការ​គោរព​សិទ្ធ​មនុស្ស ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា ពេលវេលា​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដក​ទណ្ឌកម្ម​ទាំង​អស់​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​គឺ​មក​ដល់​ហើយ៕

XS
SM
MD
LG