បុគ្គលិកមួយចំនួនដែលបម្រើការនៅក្នុងកាស៊ីណូ«ដឹសេនជូនរី» នៃខេត្តព្រះសីហនុ បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគាត់ចង់ឲ្យថៅកែគោរពតាមលក្ខខណ្ឌការងារដែលបានសន្យា និងអនុញ្ញាតឲ្យចាកចេញពីកន្លែងការងារ បន្ទាប់ពីបុគ្គលិកម្នាក់ត្រូវគេរាយការណ៍មកថា បានស្លាប់ និងជាច្រើននាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ដោយម្ចាស់កាស៊ីណូបង្ខាំងទុកឲ្យបន្តធ្វើការ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីបញ្ជាក់មួយថា បុគ្គលិកជាស្ត្រីមា្នក់ឈ្មោះ ហៀន ស្រីនិច អាយុ២៨ឆ្នាំ ដែលបម្រើការក្នុងកាស៊ីណូខាងលើ បានស្លាប់ ហើយបើតាមការពិនិត្យរបស់គ្រូពេទ្យ ការស្លាប់របស់បុគ្គលិកស្ត្រីរូបនោះ គឺបណ្តាលមកពីការពុលអាហារ និងបាត់បង់ជាតិទឹកច្រើនពេក។
កញ្ញា ស្រ៊ី ស្រីលាង អាយុ២៥ឆ្នាំ ជាបុគ្គលិកក្នុងកាស៊ីណូដឹសេនជូរី ដែលកំពុងប្រើប្រាស់ថ្នាំប្រឆាំងជំងឺកូវីដ១៩ ក្រោយរដ្ឋបាលបញ្ជាក់ពីការឆ្លងជំងឺកូវីដក្នុងចំណោមបុគ្គលិកជាច្រើននាក់នោះ ប្រាប់វីអូអេថា ស្ថានភាពសុខភាពរបស់គាត់ បានធូរស្បើយហើយ។ ប៉ុន្តែដោយមានករណីស្លាប់របស់បុគ្គលិកនៅក្នុងកាស៊ីណូ កញ្ញាចង់ឲ្យថៅកែគោរពតាមលក្ខខណ្ឌផ្តល់ការឈប់សម្រាកដែលបានព្រមព្រៀងគ្នា និងអនុញ្ញាតឲ្យគាត់អាចមានសេរីភាព ដើម្បីបានទៅផ្ទះសំបែង និងបានជួបជុំគ្រួសារម្តងម្កាល។
កញ្ញានិយាយថា៖ «ឧទាហរណ៍ បើសិនជាគេឲ្យយើងមានសិទ្ធ MC [សុំពិនិត្យសុខភាព] ក្នុងថ្ងៃហ្នឹងតែមួយថ្ងៃទេ ថ្ងៃស្អែកយើងទៅធ្វើការវិញ។ ប៉ុន្តែក្នុងករណីខ្លះ ក្នុងថ្ងៃខ្លះ គាត់អត់បានច្បាប់ក្នុងការឈប់សម្រាកទេ [ហើយ]សន្លប់ ហើយគាត់សុំឈប់អត់បានដែរ ពីព្រោះអីមួយរយ:ក្រោយហ្នឹង មាន Dealer [អ្នកចែកបៀ] ខ្លះ គាត់សន្លប់អញ្ចឹង ហើយគាត់សុំសម្រាក សុំ MC ក៏អត់បាន ហើយត្រូវមកធ្វើការវិញអញ្ចឹង ។ អញ្ចឹងបានធ្វើឲ្យពួកខ្ញុំមានការបាតុកម្មហ្នឹង»។
កញ្ញាបន្ថែមថា៖ «នៅថ្ងៃទី ២៣ [ខែកញ្ញា] នៅពេលដែលពួកខ្ញុំធ្វើបាតុកម្មហ្នឹង គឺពួកខ្ញុំបានស្នើសុំរឿងទៅផ្ទះ និងការយកឥវ៉ាន់ចូលហូបអីអញ្ចឹង។ ទាំងអស់ហ្នឹងយើងបានស្នើសុំបានអស់ហើយ ប៉ុន្តែយើងអត់ទាន់បានអនុវត្តទេ»។
ចំណែកអ្នកស្រី ពេញ ចាន់នី អាយុ៣០ ឆ្នាំ បុគ្គលិកម្នាក់ទៀតរបស់កាស៊ីណូដឹសេនជូរី បានលើកឡើងថា កាស៊ីណូមិនគោរពការសន្យារបស់ខ្លួនចំពោះលក្ខខណ្ឌនៃការផ្តល់ពេលសម្រាក ហើយក៏មិនអនុញ្ញាតឲ្យបុគ្គលិកណាម្នាក់ចេញទៅផ្ទះ ឬទៅពេទ្យដើម្បីសម្រាកព្យាបាលជំងឺនោះដែរ រហូតដល់បុគ្គលិកម្នាក់បានឆ្លងជំងឺកូវីដ១៩។
អ្នកស្រីបញ្ជាក់ទៀតថា៖ «យើងមានមិត្តភ័ក្ត្រម្នាក់គាត់កើតជំងឺកូវីដ១៩ ដែលគាត់ឈប់ទៅហ្នឹង ដូចថា គាត់ឈឺនៅក្នុងកាស៊ីណូ គាត់ឈឺហើយ ខាងកាស៊ីណុហ្នឹង ដូចខ្ញុំនិយាយអញ្ចឹង យើងធ្វើការកើតអត់? បើយើងធ្វើការអត់កើតទេ គេអត់យកយើងទៅពេទ្យទេ គេឲ្យយើងដាក់ Resign [ពាក្យឈប់]តែម្តង អញ្ចឹងម្នាក់ហ្នឹងក៏គាត់ដាក់ Resign ឈប់។ ពេលដាក់ Resign ឈប់ គាត់ចេញពីក្រុមហ៊ុនហ្នឹងទៅគាត់ទៅធ្វើតេស្តទៅគាត់មានវិជ្ជមាន ពេលមានវិជ្ជមានសាច់ញាតិរបស់គេ បានផ្តល់ដំណឹងមកអញ្ចឹងទៅ»។
អ្នកស្រី ពេញ ចាន់នី បានបន្តថា ក្រោយមានការរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងកាស៊ីណូ ថៅកែបានលួងលោមបុគ្គលិកឲ្យបន្តធ្វើការ ដោយលើកហេតុផលថា បន្ថែមប្រាក់មួយចំនួនទៀត។ ប៉ុន្តែស្រាប់តែមកដល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ថៅកែកាស៊ីណូក៏ប្រកាសឲ្យបុគ្គលិកផ្អាកការងារបណ្តោះអាសន្ន។
អ្នកស្រីប្រាប់វីអូអេថា៖ «ចង់និយាយថា ពេលដែរពួកខ្ញុំធ្វើតេស្តហើយហ្នឹង យប់ថ្ងៃទី២៤ ព្រឹកថ្ងៃទី២៥ ហ្នឹង គឺក្រុមហ៊ុនបន្តឲ្យពួកខ្ញុំមួយចំនួនធ្វើការ។ ប៉ុន្តែនៅពេលល្ងាចមិញ [ថ្ងៃទី៣០ខែកញ្ញា] ហ្នឹង គឺខាងអភិបាលរងខេត្តគាត់បាននិយាយហើយថាបើសិនជាកាស៊ីណូនេះ នៅប្រើបុគ្គលិកឈឺឲ្យធ្វើការគាត់នឹងស៊ើបរឿងហ្នឹង ហើយបើមានពិតមែនគាត់នឹងដោះស្រាយជាមួយខាងកាស៊ីណូ តែឥឡូវហ្នឹង យើងបានឈប់ហើយៗ»។
បើតាមព័ត៌មានដែលវីអូអេបានទទួលតាមខ្សែទូរសព្ទពីអ្នកការពារសិទ្ធិកម្មករ និងបុគ្គលិកមួយចំនួនទៀតនៅកាស៊ីណូដឹសេនជូរី ដែលប្រតិបត្តិការល្បែងស៊ីសងតាមបណ្តាញអ៊ីនធឺណិតនោះ មានបុគ្គលិកប្រមាណ៤០០នាក់ ត្រូវបានថៅកែកាស៊ីណូរំលោភសិទ្ធយ៉ាងធ្ងន់ធ្ងរ ដោយថៅកែ បានបិទខ្ទប់បុគ្គលិកមិនឲ្យចេញក្រៅកាស៊ីណូតាំងពីខែមីនា ឆ្នាំ២០២០ រហូតមកពេលនេះ គឺជិតពីរឆ្នាំហើយ។
បុគ្គលិកទាំងនោះ ថែមទាំងបានចោទថៅកែថា មិនអនុញ្ញាតឲ្យបុគ្គលិកយកអាហារ ឬថ្នាំពេទ្យពីខាងក្រៅចូលទៅក្នុងកាស៊ីណូជាដាច់ខាត ដោយឲ្យបុគ្គលិកហូបអាហារដែលផ្តល់ដោយកាស៊ីណូ ហើយថា បុគ្គលិកប្រមាណ៤០០នាក់នោះ បានឆ្លងជំងឺកូវីដ១៩ និងធ្លាប់មានករណីបុគ្គលិកដួលសន្លប់ផងដែរ។
ប៉ុន្តែរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសេចក្តីប្រកាសមួយថា មន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូដឹសេនជូនរី និងនៅអគារស្នាក់នៅបុគ្គលិកកាស៊ីណូដឹសេនជូរី ហើយជាលទ្ធផល គឺបានរកឃើញ«អ្នកវិជ្ជមានកូវីដ១៩ជាច្រើននាក់»។
បើតាមសេចក្តីប្រកាសដដែលចុះថ្ងៃទី៣០ ខែកញ្ញា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចដាក់កាស៊ីណូដឹសេនជូនរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូដឹសេនជូរី ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ និងតេស្តឃើញអវិជ្ជមានជំងឺកូវីដចំនួនពីរលើក។
ឆ្លើយតបទៅនឹងការចោទប្រកាន់បុគ្គលិកកាស៊ីណូមួយចំនួនថា មានការបង្ខាំងបុគ្គលិកនោះ រដ្ឋបាលខេត្តព្រះសីហនុលើកឡើងក្នុងសេចក្តីប្រកាសចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍តាមន័យដើមថា៖ «ចំពោះការលើកឡើងថា មានការបង្ខាំង និងបង្ខំបុគ្គលិកឲ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការព្រមព្រៀង រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឲ្យបានលម្អិតបំផុត ករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះ រដ្ឋបាលខេត្តនឹងចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ»។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោក ឃាង ភារម្យ និយាយថា អាជ្ញាធរខេត្ត នឹងធ្វើការអង្កេតលើការចោទប្រកាន់ដែលថា មានការបង្ខាំងបុគ្គលិកក្នុងកាស៊ីណូ។
លោកថ្លែងថា៖ «ពាក់ព័ន្ធករណីដែលថា មានការបង្ខាំង ឬក៏បង្ខំឲ្យធ្វើការដែលគ្មានការព្រមព្រៀងពីកាស៊ីណូ សមត្ថកិច្ចកំពុងធ្វើការ អញ្ចឹងយើងកំពុងរង់ចាំនូវលទ្ធផលនៃកិច្ចការងារស្រាវជ្រាវរបស់សមត្ថកិច្ច»។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីប្រធានផ្នែកធនធានមនុស្សរបស់កាស៊ីណូដឹសេនជូរី ដែលបុគ្គលិកស្គាល់ឈ្មោះថា សំណាង ប៉ុន្តែលោកមិនធ្វើការឆ្លើយតប។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ហៅកាត់ថា (CWTUF) លោក ទូច កុសល ប្រាប់វីអូអេថា នេះជាការគៀបសង្គត់ផ្លូវចិត្ត និងរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវតែមានចំណាត់ការលើករណីមួយនេះ ដើម្បីកុំឲ្យក្រុមហ៊ុនផ្សេងយកគំរូតាម។
លោកថ្លែងថា៖ «ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរការងារខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ត្រូវចាត់វិធានការសម្រាប់ក្រុមហ៊ុនហ្នឹង គឺធ្វើយ៉ាងណាដាក់ទោស ដាក់ពិន័យទៅដល់ក្រុមហ៊ុននេះ កុំឲ្យក្រុមហ៊ុនដទៃទៀតយកគំរូតាម ប្រព្រឹត្តតាមបែបហ្នឹងទៀត វាធ្វើឲ្យមានបញ្ហាដល់កម្មករ»។
ក្នុងសំណុំរឿងបង្ខាំង និងបង្ខំមនុស្សឲ្យធ្វើការនេះ រដ្ឋបាលខេត្តព្រះសីហនុ កាលពីចុងខែកញ្ញា បានព្រមានថា នឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ដែលមានការពាក់ព័ន្ធ ទោះក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្តី ទៅលើការបង្ខាំង ការបង្ខំឲ្យមនុស្សធ្វើការ ការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនខុសច្បាប់ឲ្យធ្វើការ ដែលមានការចាត់តាំងជាដើម។
បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែកញ្ញា របស់រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ច្បាស់ៗថា ក្នុងករណីរកឃើញម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ប្រព្រឹត្តបទល្មើស រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការផ្អាកទីតាំងអាជីវកម្មជាបណ្ណោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសបុគ្គលដែលមានការពាក់ព័ន្ធស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរដ្ឋាភិបាលឲ្យលុបអាជ្ញាប័ណ្ណអាជីវកម្មជាស្ថាពរ៕