តំណាង​បុគ្គលិក​សណ្ឋាគារ​ធំៗ​២​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ការងារ​រឿង​ចុះ​អនុ​សញ្ញា​រួម

សហជីពសណ្ឋាគារកាំបូឌីយ៉ាណា និងសណ្ឋាគារសូហ្វីតែលភ្នំពេញ ឈរក្បែររបងក្រសួងការងារត្រៀមដាក់ញត្តិនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

តំណាង​បុគ្គលិក​សណ្ឋាគារ​ធំៗ​ចំនួន​២នៅ​ទីក្រុង​ភ្នំពេញ​ បាន​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​លោក ​ហេង សួរ​ ឱ្យ​ពិនិត្យ​លើ​វិវាទ​ និង​លក្ខខណ្ឌ​ការងារ​ដែល​កំពុង​ជាប់​គាំង​ និង​បង្ក​ផល​ប៉ះ​ពាល់​លើ​អត្ថប្រយោជន៍​ផ្សេងៗ។​

នៅ​ក្នុង​ការ​ដាក់​ញត្តិ​នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តំណាង​បុគ្គលិក​មក​ពី​សណ្ឋាគារ​កាំបូឌីយ៉ាណា ​(Cambodiana)​ និង​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​ (Sofitel Phnom Penh Phokeethra)​ ប្រមាណ​៣០​នាក់​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​នា​ទីក្រុង​ភ្នំពេញ។​

បើ​តាម​អ្នក​សហជីព​នៅ​ក្នុង​សណ្ឋាគារ​កាបូឌីយ៉ាណា ​និង​ញត្តិ​ដែល​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បុគ្គលិក​បាន​ស្នើ​ឱ្យ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ អនុញ្ញាត​ឱ្យ​លោក​ទូច កុសល​ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​និយោជិត​វិស័យ​ទេស​ចរណ៍​កម្ពុជា​ចូលរួម​ចរចា​អនុសញ្ញា​រួម ​ព្រោះ​វត្តមាន​របស់​លោក​មាន​សារៈ​សំខាន់​ដល់​ការ​ការពារ​ប្រយោជន៍​បុគ្គលិក។​

ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ លោក​ នុត រ៉ានី​ ប្រាប់​វីអូអេ​ថា ​បុគ្គលិក​សណ្ឋាគារ​ចង់​បាន​ប្រធាន​សហព័ន្ធ​ចូល​រួម​ចរចា​រក​ផល​ប្រយោជន៍​ជូន​ពួក​គេ​ ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​មិន​ព្រម​ ដែល​ជាហេតុ​នាំ​ឱ្យ​មាន​ការ​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ការងារ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ និង​ផ្តល់​ដំណោះ​ស្រាយ​ដើម្បី​បំបែក​ភាពជាប់​គាំង​ក្នុង​ការ​បង្កើត​អនុញ្ញា​រួម​នៅ​ឆ្នាំ​នេះ។​

លោក នុត រ៉ានី ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារកាំបូឌីយ៉ាណាផ្តល់បទសម្ភាសជាមួយវីអូអេថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

លោក​ថ្លែង​ថា៖​ «ខ្ញុំ​គ្រាន់​តែ​សំណូមពរ​សុំ​ឱ្យ​ធ្វើ​ម៉េច ​ឱ្យ​រដ្ឋមន្រ្តី​ជួយ​ដោះស្រាយ​រឿង​បញ្ហា​ទុក្ខ​កង្វល់​របស់​កម្មករ​និយោជិត​បុគ្គលិក​កម្មករ​និយោជិត​កាំបូឌីយ៉ាណា ​រឿង​បញ្ហា​ដែល​គេ​អត់​ព្រម​ឱ្យ​ប្រធាន​សហ​ព័ន្ធ​ចូល​រួម​ក្នុង​តុ​ចរចា​ ដើម្បី​ដោះស្រាយ​រក​ផល​ប្រយោជន៍​ជូន​បុគ្គលិក​បាទ»។​

ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​និយោជិត​វិស័យ​ទេស​ចរណ៍​កម្ពុជា​ លោក​ទូច កុសល​ ប្រាប់​វីអូអេ​ថា​ ភាគី​សណ្ឋាគារ​ទំនង​ជា​បាន​ដឹង​ពី​ភាព​ប៉ិន​ប្រសប់​របស់​លោក​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​កន្លង​មក​ ទើប​បាន​ជា​សណ្ឋាគារ​មិន​ចង់​ឱ្យ​មាន​លោក​ក្នុង​ការ​ចរចា​ បើទោះ​បី​កន្លង​មក​មេដឹក​នាំ​សហ​ព័ន្ធ​មុនៗ​ បាន​ចូល​រួម​ដោះ​ស្រាយ​ក្នុង​អនុសញ្ញា​រួម​នេះ​ ៦​លើក​ហើយ​ក៏​ដោយ។​

លោក​ថ្លែង​ថា៖​ «សណ្ឋាគារ​គាត់​ដឹង​ច្បាស់​ថា​នៅ​ពេល​ដែល​ការ​ចរចា​នេះ​ មិន​មាន​វត្ត​មាន​ខ្ញុំ​ចូល​រួម​ អ៊ីចឹង​សហជីព​នឹង​មិន​ព្រម​ចរចា​ទេ ​អ៊ីចឹង​គាត់​ដឹង​អ៊ីចឹង​ គាត់​យក​លេស​ហ្នឹង​ដើម្បី​រាំង​ខ្ទប់​ដើម្បី​កុំ​ឱ្យ​ដំណើរ​ការ​ចរចា​ទៅ​កើត។ ​ អាហ្នឹង​ អាច​វា​ចូល​ទៅ​ក្នុង​បទ​មួយ​ការ​ចរចា​មិន​មាន​ភាព​ស្មោះ​ត្រង់។​គាត់​មិន​មាន​ភាព​ស្មោះ​ត្រង់​ ហើយ​គាត់​មិន​ចង់​ផ្តល់​ផល​ប្រយោជន៍​ហ្នឹង​ឱ្យ​ទៅ​កម្មករ​និយោជិត។​ ហេតុ​ដូច្នេះ​ហើយ​បាន​គាត់​បដិសេធ​សមាស​ភាព​ខ្ញុំ»។​

ចំណែក​ឯ​សំណុំ​រឿង​របស់​បុគ្គលិក​នៃ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញភូគីត្រា​ (Sofitel Phnom Penh Phokeethra) ​ប្រធាន​សហជីព​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​ (Sofitel Phnom Penh Phokeethra)​ លោក​ផាត់​ សារួន​ ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​ក្រសួង​ការងារ​ថា​ កម្មករ​និយោជិត​នៅ​សណ្ឋាគារ​កំពុង​ទាម​ទារ​ឱ្យ​មានការ​ចរចា​ លើ​ការ​ចុះ​អនុសញ្ញា​រួម​រវាង​ភាគី​តំណាង​កម្មករ​ និង​អ្នក​គ្រប់គ្រង​សណ្ឋាគារ​ ដែល​អាច​ធានា​អត្ថ​ប្រយោជន៍​របស់​កម្មករ​និយោជិត។​

លោក​ថ្លែង​ថា៖​ «យើង​ដឹង​ហើយ​ថា​ នៅក្នុង​អនុសញ្ញា​រួម​គឺ​យើង​មាន​ អត្ថ​ប្រយោជន៍​ជាច្រើន​ ទាក់​ទង​នឹង​អត្ថ​ប្រយោជន៍​ជា​ប្រាក់​ខែ ​ទាក់​ទង​នឹង​សុខ​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ គឺ​យើង​មាន​ច្រើន។​ ប៉ុន្តែ​បើសិន​ជា​យើង​អត់​មាន​ការ​ចុះ​ហត្ថលេខា​នៅ​លើ​អនុសញ្ញា​រួម​ទេ​ អ៊ីចឹង​ អត្ថ​ប្រយោជន៍​ទាំង​អស់​នោះ​ គឺ​អត់​បាន​អនុវត្ត​ទេ។ ​អ៊ីចឹង​ វា​ធ្វើ​ឱ្យបាត់​បង់​អត្ថ​ប្រយោជន៍​បង​ប្អូន​កម្មករ​វា​ច្រើន។​ហើយ​ផល​ប៉ះពាល់​នោះ​គឺ​ទាក់​ទង​ជីវភាព​ពួកគាត់​ដែរ ​ទាក់ទង​ជីវភាព​ដូច​ជាប្រាក់​ខែ​ហ្នឹង​ក៏​ជីវភាព​ពួកគាត់​ដែរ»។

លោក ផាត់ សារួន ប្រធានសហជីពសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាផ្តល់បទសម្ភាសជាមួយវីអូអេ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។(ស៊ន់ លីនដា/វីអូអេ)

បើតាម​លោក​ផាត់ សារួន​ បន្ទាប់​ពី​បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​រួច​មក​នោះ​ តំណាង​ក្រសួង​បាន​សន្យា​ថា​នឹង​ជួយ​ដោះ​ស្រាយ​ជូន​កម្មករ​និយោជិត​ទៅ​តាម​ការ​ស្នើសុំ។​

យ៉ាង​ណាក៏ដោយ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ កត្តា អ៊ន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ករណី​របស់​សណ្ឋាគារ​ទាំង​ពីរ​នេះ​មិន​មែន​ជា​វិវាទ​ការងារ​នោះ​ទេ។​

លោក​ថា៖​«ដូច្នេះ​ករណី​នេះ​វា​មិនមែន​ជា​ករណី​វិវាទ​ការងារ​រួម​ទេ។​ វា​មិន​ទាន់​ដល់​វិវាទ​ការងារ​រួម​ដែល​ចរចា​មិន​ត្រូវ​ដែល​ក្រសួង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ឡើយ»។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា ​ករណី​សណ្ឋាគារ​កាំបូឌីយ៉ាណា​គឺ​ តាម​គោល​ការណ៍​ច្បាប់សហជីព​មូលដ្ឋាន​ត្រូវ​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ជួប​ជជែក​ ជា​មួយ​តំណាង​និយោជិក ​និង​ថា​ការ​ទទូច​សុំ​ឱ្យ​លោក ​ទូច កុសល ​ដែល​ជា​ថ្នាក់​ដឹកនាំ​សហព័ន្ធ​សហជីព​មក​ជជែក​ជា​មួយ​ភាគី​សណ្ឋាគារ​ជំនួស​នោះ​ គឺ​ខុស​ពី​គោល​ការណ៍​ច្បាប់​ ទើប​ធ្វើ​ឱ្យ​ភាគី​សណ្ឋាគារ​បដិសេធ​មិន​ចរចា។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​គ្រប់​គ្រង​សណ្ឋាគារ​កាំបូឌីយ៉ាណា​ និង​ម្ចាស់​គ្រប់​គ្រង​សណ្ឋាគារ​សូហ្វីតែល​បាន​ទេ។​

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា​អ្នកស្រី ​អ៊ូ ទេពផល្លីន ​យល់​ថា​ វិស័យ​ការងារ​នៅ​សណ្ឋាគារ​បច្ចុប្បន្ន​នៅ​តែ​មាន​ការ​លំបាក​ច្រើន ​ព្រោះ​បុគ្គលិក​ខ្លះ​មិន​មែន​ជា​បុគ្គលិក​ពេញ​ម៉ោង ​មិន​មាន​ប្រាក់​ប្រចាំ​ខែ​នោះ​ទេ​ ខណៈ​ខាង​សណ្ឋាគារ​ជួល​ឱ្យ​ធ្វើការ​គិត​ជា​ម៉ោង ​តាម​ការ​ងារ​ដែល​បាន​ធ្វើ​ជំនួស​វិញ។​ ករណី​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពួកគេ​ដូចជា​ការ​គាំពារ ​និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជាដើម។ ​អ្នកស្រី​ឱ្យដឹង​ទៀត​ថា ​ការ​បៀតបៀន​ផ្លូវ​ភេទ​ដោយ​ប្រយោល​ពី​សំណាក់​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ក៏​បាន​កើត​ឡើង​ តែ​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​មិន​អើពើព្រោះ​ភ្ញៀវ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ស្តេច​ដែល​នាំ​ចំណូល​ឱ្យ​សណ្ឋាគារ៕