សារ​អ៊ីមែល​បង្ហាញ​ថា ​កូន​ប្រុស​របស់​លោក​ដូណាល់ ត្រាំ បាន​ទទួល​ការ​សន្យា​ទទួល​ព័ត៌មាន​មិន​ល្អ​អំពី​លោកស្រី​គ្លីនតុន​ពី​រុស្ស៊ី

លោក​ ដូណាល់ ​ត្រាំ ជេ អ (Donald Trump Jr.) លើក​ដៃ​របស់​លោក​ បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃទី២​នៃ​សន្និបាទ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ក្រុង Cleveland កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

ការ​បញ្ចេញ​សារ​អ៊ីមែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា ​កូន​ប្រុស​ច្បង​បង្អស់​របស់​ប្រធានាធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​កាល​ពី​ឆ្នាំ​ទៅ​បាន​ទទួល​ការ​សន្យា​ពី​មេធាវី​ជាតិ​រុស្ស៊ី​ពី​ព័ត៌មាន​មិន​ល្អ​អំពី​លោកស្រី Hillary Clinton គូ​ប្រកួត​ប្រជែង​របស់​លោកត្រាំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​កាល​ពីឆ្នាំ​២០១៦​ដើម្បី​បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដល់​បេក្ខភាព​របស់​មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ។

លោក​ដូណាល់ ​ត្រាំ ជេ អ (Donald Trump Jr.) បាន​ចេញ​សារ​អ៊ីមែល​ជាបន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​អង្គារ​ដែល​បាន​ផ្លាស់​ប្តូរ​ជាមួយ​លោក Rob Goldstone អ្នក​ទទួល​ខុសត្រូវ​ភ្លេង​សហរដ្ឋ​អាមេរិក​ដែល​តំណាង​ឲ្យ​លោកស្រី Natalia Veselnitskaya មេធាវី​រុស្ស៊ី​ដែល​បាន​ជួប​កូន​លោក​ត្រាំ​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា ​ឆ្នាំ​ទៅ ​ភ្លាមៗ​បន្ទាប់​ពីឪពុក​របស់​លោក​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

សារ​អ៊ីមែល​ចាត់​ទុក​ជា​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ជា​ប្រធាន​បទ​នៃ​ការ​ស៊ើប​អង្កេត​ជា​ច្រើន​នៅ​ក្នុង​សភា​និង​ការ​ស៊ើប​អង្កេត​ខាង​ព្រហ្មទណ្ឌ​ដោយ​លោក Robert Mueller ​ទីប្រឹក្សា​ពិសេស​និង​ជា​អតីត​នាយក​ការិយាល័យ​ស៊ើបអង្កេតសហព័ន្ធ (FBI)។ សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ​បាន​សន្និដ្ឋាន​រួច​ហើយ​ថា ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin បាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ដល់​យុទ្ធ​នាការ​បោះឆ្នោត​នោះ​ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្យានុភាព​របស់​លោកស្រី​គ្លីនតុន​ហើយ​និង​ជួយ​លោក​ត្រាំ​ផ្តួល​លោកស្រី​គ្លីនតុន។

នៅ​ក្នុង​សារ​តាម​អ៊ីមែល​កាល​ពី​ថ្ងៃ​ទី៣ ​ខែ​មិថុនា ​លោក Goldstone បាន​ប្រាប់​កូន​ប្រុស​ប្រធានា​ធិបតី​ត្រាំ​ថា «រដ្ឋអាជ្ញា​រុស្ស៊ី​បាន​ស្នើ​ផ្តល់​ឯកសារ​ និង​ព័ត៌មាន​ផ្លូវការ​ខ្លះ​ដែលជាព័ត៌មាន​មិន​ល្អ​សម្រាប់​លោកស្រី​គ្លីនតុន​ហើយ​និង​ការ​ពាក់​ព័ន្ធ​របស់​លោកស្រី​ជាមួយ​ប្រទេស​រុស្ស៊ី​ហើយ​និង​មាន​សារៈ​សំខាន់​ដល់​ឪពុក​របស់​លោក‍»។

សារ​អ៊ីមែល​នោះ​ប្រាប់​ឲ្យ​ដឹងថា «នេះ​ជា​ព័ត៌មាន​ដ៏​សំខាន់​បំផុត ក៏ប៉ុន្តែ ជាផ្នែក​មួយ​របស់​ប្រទេស​រុស្ស៊ី ​ហើយ​និង​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដល់​លោកត្រាំ‍»៕