ទោះជាលោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើដ៏ឆ្នើម ត្រូវបានគេបាញ់សម្លាប់កាលពី ១១ ឆ្នាំមុនក្តី ក្រុមសកម្មជនបរិស្ថាន រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន នៅតែចងចាំវីរភាពរបស់សកម្មជនព្រៃឈើរូបនោះ ព្រមទាំងទទូចឱ្យអាជ្ញាធរបន្តស៊ើបអង្កេតលើករណីឃាតកម្មនេះដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។
កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ ក្រុមអ្នកតស៊ូមតិប្រមាណ ៣០ នាក់ ដែលដឹកមុខដោយសកម្មជនបរិស្ថានបានដាក់ញត្តិស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដើម្បីបើកដំណើរការស៊ើបអង្កេតដោយឯករាជ្យសាជាថ្មី លើសំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី ហើយស្វែករកជនពាក់ព័ន្ធមកទទួលខុសត្រូវតាមនីតិវិធី។
បើតាមញត្តិដែលបានដាក់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងខេត្តកោះកុង ខណៈលោកនិងអ្នកសារព័ត៌មានពីរនាក់ទៀត របស់កាសែត The Cambodia Daily កំពុងបំពេញបេសកកម្មចុះឃ្លាំមើល និងយកព័ត៌មាននៅជិតតំបន់ព្រៃការពារក្នុងខេត្តកោះកុង ជាទីដែលសកម្មជនរូបនោះជីកកកាយសំណុំរឿងកាប់បំផ្លាញព្រៃឈើខុសច្បាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា។
ក្រុមអ្នកតស៊ូមតិទាំងនោះចាត់ទុក លោក ឈុត វុទ្ធី ថាជាសកម្មជនព្រៃឈើដ៏ឆ្នើម ដែលបានធ្វើការងារបណ្តុះបណ្តាល អប់រំ និងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានឱ្យយល់ដឹង ព្រមទាំងអនុវត្តសិទ្ធិ និងករណីកិច្ចក្នុងការចូលរួមការពារធនធានធម្មជាតិ។
ញត្តិចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ បញ្ជាក់ក្នុងន័យដើមថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឱ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតលើករណីនេះដោយឯករាជ្យ យកចិត្តទុកដាក់ និងហ្មត់ចត់ ដើម្បីយកអ្នកពាក់ព័ន្ធទាំងអស់មកទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះឃាតកម្មលើលោក ឈុត វុទ្ធី»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា សំណុំរឿងនេះតុលាការបានបិទបញ្ចប់និងដាក់ទោសអ្នកពាក់ព័ន្ធរួចរាល់អស់ហើយ ដោយមិនមានអ្វីត្រូវស៊ើបអង្កេតតទៀតឡើយ។ ប៉ុន្តែលោកថា បើក្រុមយុវជនទាំងនោះមិនយល់ស្រប អាចប្តឹងទាស់បានជាមួយភស្តុតាងដាក់បន្ទុកឱ្យបានរឹងមាំ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងទេប្រសិនបើពួកគាត់មានភស្តុតាងផ្ទុយឬក៏ភស្តុតាងថ្មី សក្ខីកម្មថ្មីដែលរឹងមាំ ដែលអាចបញ្ជាក់ថាការសម្រេចមិនត្រឹមត្រូវ ពួកគាត់អាចធ្វើបណ្តឹងសើរើបាន»។
យ៉ាងណាក៏ដោយ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា លោកនៅតែទទូចឱ្យមានការស៊ើបអង្កេតឡើងវិញលើករណីនេះ ដោយសារតែលោកមិនជឿរបាយការណ៍និងលទ្ធផលដែលបានស៊ើបអង្កេតកាលពីកន្លងមកនោះឡើយ។
លោកថ្លែងថា៖ «ហើយយើងក៏នៅតែមិនជឿការសម្រេចកន្លងមករបស់តុលាការថាជារឿងត្រឹមត្រូវ។ ដូច្នេះយើងនៅតែទទូចជំរុញឱ្យក្រសួងយុត្តិធម៌បន្តធ្វើការស្រាវជ្រាវ រកជនដៃដល់ឱ្យបានឃើញដើម្បីផ្តល់យុត្តិធម៌ដល់លោក ឈុត វុទ្ធី»។
បើតាមលោក កើត សារ៉ាយ បើទោះលោកមិនមានជំនឿទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជា ប៉ុន្តែលោកនៅតែមានសង្ឃឹមថា យុត្តិធម៌នឹងកើតមានដល់សកម្មជនព្រៃឈើរូបនោះ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)លោក ហេង គឹមហុង ប្រាប់វីអូអេថា រយៈពេល ១១ ឆ្នាំហើយដែលសកម្មជនព្រៃឈើរូបនោះត្រូវបានគេបាញ់សម្លាប់ ហើយនៅមិនទាន់ទទួលបានយុត្តិធម៌ជូនជនរងគ្រោះ និងថា អ្វីដែលអាជ្ញាធរបានអះអាងនោះ នៅមានមន្ទិលសង្ស័យច្រើន។
លោកបន្ថែមថា៖ «ខ្ញុំយល់ថាក្រសួងយុត្តិធម៌ក៏ដូចជាតុលាការ គួរតែធ្វើការស៊ើបសង្កេតជុំវិញករណីនេះ ហើយព្យាយាមកំណត់រកមុខសញ្ញា អ្នកដែលនៅពីក្រោយឱ្យមានការបាញ់សម្លាប់ ហើយផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ស៊ើបអង្កេតមួយដែលមានលក្ខណៈសុក្រឹតខ្ពស់ ហើយឆ្លើយតបជាមួយនឹងទិដ្ឋភាពជាក់ស្តែងនៃសំណុំរឿងនេះ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា ករណីនេះនៅមិនទាន់មានយុត្តិធម៌នៅឡើយ ដោយហេតុថា របាយការណ៍ដែលបានស៊ើបអង្កេតកន្លងមក មានចំណុចសង្ស័យច្រើន និងមិនអាចទទួលយកបាន។ លោកបន្តថា ការស៊ើបអង្កេតបន្តទៀតត្រូវតែធ្វើដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ។
លោកបញ្ជាក់ថា៖ «រឿងទាំងអស់នេះវាមិនអាចបញ្ចប់ត្រឹមប៉ុណ្ណឹងបាន ដែល គួរតែមានការស៊ើបអង្កេត ជាពិសេសយើងឃើញថា ក្រុមយុវជននិងអ្នកនិយម [លោក]ឈុត វុទ្ធី បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ដើម្បីឱ្យមានការស៊ើបអង្កេតលើករណីលោក ឈុត វុទ្ធី ឱ្យបានយុត្តិធម៌ឡើងវិញ។ អាហ្នឹងជារឿងត្រឹមត្រូវ»។
បើតាមរបាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរកន្លងមកនោះ លោក ឈុត វុទ្ធី ត្រូវបានកម្លាំងអាវុធហត្ថម្នាក់គឺលោក អ៊ិន រតនា បាញ់ស្លាប់ បន្ទាប់ពីមានជម្លោះប្រកែកគ្នារឿងដែលកងកម្លាំងចង់រឹបអូសអង្គចងចាំនៃកាមេរ៉ាដែលក្រុមលោកបានថតនៅឯទីតាំងរបស់ក្រុមហ៊ុន Timber Green ដែលទទួលការអនុញ្ញាតឱ្យកាប់រានដីព្រៃ និងពង្រាបបាតអាង សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីឫស្សីជ្រុំ ភាគខាងជើងខេត្តកោះកុង។
មន្ត្រីអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏បានស្លាប់នៅក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នានោះផងដែរ។ អាជ្ញាធរបានធ្វើសេចក្ដីសន្និដ្ឋានផ្សេងគ្នា មុននឹងចេញការសន្និដ្ឋានចុងក្រោយថា សន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពីមន្ត្រីអាវុធហត្ថ អ៊ិន រតនា រហូតរេលកៃបណ្ដាលឱ្យស្លាប់មន្ត្រីអាវុធហត្ថរូបនេះ។
ក្រៅពីតុលាការកាត់ទោសឈ្មោះ រ៉ាន់ បូរ័ត្ន ពីបទ«មនុស្សឃាតដោយអចេតនា» នោះ មិនមានជនណាផ្សេងទៀតត្រូវបានស៊ើបអង្កេត និងនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ សំណុំរឿងបាញ់ប្រហារនេះក៏ត្រូវបានបិទបញ្ចប់តាំងពីចុងឆ្នាំ ២០១២ មក៕