គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថាប្រជាពលរដ្ឋប្រមាណ៧៨%បានចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃអាទិត្យនេះ ដែលជាការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់នៅទូទាំងប្រទេស។
បើតាមរបាយការណ៍របស់គ.ជ.ប ដែលផ្សព្វផ្សាយនៅម៉ោងប្រមាណ៧យប់នេះ ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មានចំនួន៧.១៧២.៤៤៨នាក់ គឺស្មើប្រមាណ៧៧,៩១% ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គ.ជ.ប ប្រមាណ៩លាន២សែននាក់។
ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានថ្លែងថាការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ គ្មានអំពើហិង្សា និងការគំរាមកំហែង។
ទោះជាយ៉ាងណា អង្គការលីកាដូដែលតាមដានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានឲ្យដឹងថាខ្លួនទទួលការរាយការណ៍ពីរាជធានី-ខេត្តចំនួន១៦ផ្សេងគ្នា អំពីវត្តមានរបស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឱ្យពលរដ្ឋបានចូលទៅកាន់ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត។
ទោះជាយ៉ាងណា ប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ បានថ្លែងថាលោក«ក្តាប់មិនបាន»អំពីការកត់ឈ្មោះរបស់ប្រជាពលរដ្ឋក្នុងពេលបោះឆ្នោតឡើយ។
លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសនាថ្ងៃទី២៦ ខែមិថុនា ខាងមុខ។ គួរបញ្ជាក់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥នេះ ជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង១ម៉ឺននាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានមេឃុំចៅសង្កាត់១.៦៥២នាក់៕