គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យនេះ ហើយអ្នកដែលបាត់អត្តសញ្ញាណប័ណ្ណអាចស្នើសុំលិខិតបញ្ជាក់ពីអាជ្ញាធររៀបចំការបោះឆ្នោត ដើម្បីអាចបោះឆ្នោតបាន។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ នឹងចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
គ.ជ.ប បញ្ជាក់ក្នុងសេចក្តីអំពាវនាវថា៖ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា»។
បើតាមស្ថាប័នរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំសង្កាត់នៃឃុំសង្កាត់ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។ គ.ជ.ប បន្ថែមថា ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត នឹងបញ្ឈប់ត្រឹមថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥ និង៣០នាទីល្ងាច។
អ្នកឃ្លាំមើលការបោះឆ្នោតមើលឃើញថា ប្រជាពលរដ្ឋអាចចេញទៅបោះឆ្នោតច្រើន ដោយសារពួកគេមានជម្រើសក្នុងការជ្រើសរើសគណបក្សនយោបាយ។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថា និកហ្វិច(NICFEC) លោក សំ គន្ធាមី ថ្លែងថា តាមការអង្កេតរបស់លោក ប្រជាពលរដ្ឋច្រើននឹងទៅចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ ដោយហេតុថា ប្រជាពលរដ្ឋមានជម្រើសនៅក្នុងការបោះឆ្នោត ពោលគឺមានគណបក្សនយោបាយច្រើនដែលចូលរួមការបោះឆ្នោត ក្នុងនោះមានគណបក្សភ្លើងទៀន និងប្រជាធិបតេយ្យមូលដ្ឋានជាដើម។
លោកថ្លែងថា៖ «រឿងបោះឆ្នោត ខ្ញុំមើលទៅមានជម្រើស។ មនុស្សទៅបោះឆ្នោតច្រើនដោយសារមានជម្រើសបានទៅបោះ បើអត់ជម្រើសគាត់អត់ទៅទេ»។
កាលពីការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ ប្រជាពលរដ្ឋមួយចំនួនមិនបានទៅបោះឆ្នោតនោះទេ ដោយសារអវត្តមានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥នេះ ជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង១ម៉ឺននាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានមេឃុំចៅសង្កាត់ប្រមាណ១.៦៥០នាក់។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥០០៧ និងទទួលបានតំណែងជាមេឃុំចៅសង្កាត់ចំនួន៤៨៩ ក្នុងចំណោមឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេស។ គណបក្សប្រឆាំងនេះទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ៣លាននាក់។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វីអូអេថា លោកជំរុញឱ្យប្រជាពលរដ្ឋកុំមានការស្ទាក់ស្ទើរ ហើយចេញទៅបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ខាងមុខ។
លោកនិយាយថា៖ «បងប្អូនរួមជាតិក៏គួរតែដឹងខ្លួនឯងហើយថា ក្នុងរយៈកាល៥ឆ្នាំនេះ ដែលពុំមានតំណាងរបស់បងប្អូននៅមូលដ្ឋាន ដើម្បីផ្តល់សេវាល្អត្រឹមត្រូវ ឆាប់រហ័ស និងមិនមានអំពើពុករលួយហ្នឹង គឺបងប្អូនរងការលំបាកច្រើនហើយ»។
កាលពីកន្លងទៅ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយកុំឱ្យមានក្តីបារម្ភអំពីការគំរាមកំហែងអ្វីឡើយ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជាង៩លាននាក់ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕