គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ដែលស្ថាប័នរៀបចំការបោះឆ្នោតបានកំណត់ នៅក្នុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មានរយៈពេល ១៤ ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញផ្សាយនៅថ្ងៃពុធនេះ ស្ថាប័ន គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ត្រូវតែគោរពតាមវិធាន បទប្បញ្ញតិ្ត និងគោលការណ៍ដែលបានចែងក្នុងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវីធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងគោរពតាមក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ ដើម្បីធានាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយសន្ដិវិធី អហិង្សា មានសន្ដិសុខ និងសុវត្ថិភាព ។
បន្ថែមពីនេះ គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធី និងហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា ។
គួរបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ គណបក្សចំនួន ៤ ចូលរួមប្រកួតប្រជែង រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ៕