ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សភ្លើងទៀនស្នើក្រសួងមហាផ្ទៃពន្លឿនការដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភា


រូបឯកសារ៖ សកម្មជន​នៃគណបក្ស​ភ្លើងទៀន​ដើរ​ហែក្បួន​របស់​បក្ស​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ សកម្មជន​នៃគណបក្ស​ភ្លើងទៀន​ដើរ​ហែក្បួន​របស់​បក្ស​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

គណបក្ស​ភ្លើង​ទៀន​បាន​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​រដ្ឋបាល​ឃុំ​សង្កាត់ពន្លឿន​សំណើ​សុំផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន ​ដែល​ត្រូវ​លា​ឈប់ ​ឬ​បណ្តេញ​ចេញ ​ឬ​ស្លាប់ ​ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ ​និង​កុំ​ឱ្យ​គណបក្ស​បាត់បង់​អង្គ​បោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ នា​ពេល​ខាង​មុខ។​

គណបក្ស​ប្រឆាំង​មួយ​នេះសម្តែង​ការ​ព្រួយ​បារម្ភ​និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ក្នុង​ការ​ផ្លាស់​ប្តូរ​ ឬ​ដោះដូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ មកពី​គណបក្ស​ភ្លើង​ទៀន ​ដោយ​គណបក្ស​នេះ​ថា​ ការ​រាំង​ស្ទះ​នេះ​ហាក់​ជា​ចេតនា​របស់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះ​ឆ្នោត​របស់គណបក្ស​ភ្លើង​ទៀន។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

គណបក្ស​ចាត់​ទុក​ថា ​នេះ​ជា​ទង្វើ​បំពាន​ច្បាប់​ស្តីពី​«ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំសង្កាត់»​ត្រង់​មាត្រា​ ១៦​ និង​មិន​ស្របតាម​សេចក្តី​ណែនាំ​មួយ​ចំនួន​ទៀត​របស់​ក្រសួង​មហា​ផ្ទៃ។

លោក ​លី សុធារ៉ាយុត្តិ ​អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន ​ប្រាប់​វីអូអេ​ថា​ ការ​ផ្លាស់ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​មាន​ការ​រាំង​ស្ទះ​ប្រមាណ​ ៣០​ករណី ​នៅ​តាមបណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន។ ​លោក​បន្ត​ថា​ ករណី​មួយ​ចំនួន ​គណបក្ស​បាន​ស្នើ​សុំ​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ រយៈ​ពេល​ជាង ​៥​ឬ​៦ខែ​មក​ហើយ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ នៅ​តែ​មិន​អាច​ផ្លាស់​ប្តូរ​បាន។​

បើ​តាម​លោក ​លី សុធារ៉ាយុត្តិ​ ការ​ផ្លាស់​ប្តូ​រនេះ ​គឺ​ដោយ​សារសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ​២០២២​ មួយ​ចំនួន​បានលាឈប់​ ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច និងគណ​បក្ស​ដែល​ទើប​បង្កើត​ថ្មី​ និង​សមាជិក​មួយ​ចំនួន​ត្រូវ​បាន​គណ​បក្ស​បណ្តេញ​ចេញ ​ដោយ​សារខុស​លក្ខន្តិកៈ​គណបក្ស​ ហើយ​សមាជិក​មួយ​ចំនួន​ទៀត​ទទួល​មរណ​ភាព។ ​ក្នុង​នោះ​ សមាជិក​ដែល​លាឈប់​មាន​ចំនួន​ ៥នាក់ ​សមាជិកដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​សមាជិក​គណបក្ស​ មាន​ប្រមាណ ២៣​នាក់ និង​អ្នក​ស្លាប់​មួយ​ចំនួន​ទៀត។​

លោក​បញ្ជាក់​ថា៖ ​«ជាក់​ស្តែង​ណាស់ ​ការ​ផ្លាស់​ប្តូរ​របស់​គណបក្ស​ភ្លើងទៀន​មាន​ការ​ស៊ី​ពេលយូរ​ខែ​មែន​ទែន​ ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​គណបក្ស​ក្នុង​ការ​ថែ​រក្សា​ និង​ការ​ពារ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់ឆ្នោតរបស់​ខ្លួន ​ហើយ​វា​ប៉ះ​ពាល់​ដល់​អង្គ​បោះឆ្នោត​ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​អសកល ​នា​ពេល​ខាង​មុខ»។​

លោក​ស្នើ​ក្រសួង​មហាផ្ទៃ​ពន្លឿន​ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន​ឱ្យ​បាន​ឆាប់ ​ដើម្បី​ធានា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៥​ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤។​

រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ​ខៀវ សុភ័គ ​មិន​បក​ស្រាយ​ចំៗ​ត្រង់​ការ​ស្នើ​សុំ​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ​នៅ​ពេល​វីអូអេ​សាកសួរ។ ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ​ការ​ដោះ​ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គឺ​ជា​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ភ្លើង​ទៀន​ ដែល​អាជ្ញាធរ​មិន​ពាក់​ព័ន្ធ​នោះ​ទេ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ ​«ជា​ជម្លោះ​បែក​បាក់ផ្ទៃ​ក្នុង​របស់​គណបក្ស​ភ្លើង​ទៀន។ ​មាន​តែ​ប៉ុណ្ណឹង​ទេ។ ​យើង​មិន​អាច​លូក​ដៃ​ចូល​ផ្ទៃ​ក្នុង​បែក​បាក់​របស់​គណបក្ស​ហ្នឹង​ទេ»។​

ប៉ុន្តែ​អគ្គ​លេខាធិការ​គណបក្ស​ភ្លើង​ទៀន ​លោក​ លី សុធារ៉ាយុត្តិ ​អះអាង​ថា​ ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ណា​ម្នាក់​ដែលលាលែង​ពី​តំណែង ​ឬត្រូវ​បាន​បណ្តេញ​ចេញ ​ឬ​ស្លាប់ ​ហើយ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ថ្មី ​គឺ​ជា​សិទ្ធិរបស់​គណបក្ស​នយោ​បាយ ​ដែល​អនុវត្ត​តាម​គោល​ការណ៍​ច្បាប់ ​និង​តាម​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។​

លោក​ថា៖ ​«សូម​បញ្ជាក់​ថា​ មិន​មែ​នជា​ការបែក​បាក់​របស់​គណបក្ស​ភ្លើង​ទៀន​ទេ។​ នេះ​ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ និង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់»។​

សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ត្រូវ​បាត់​បង់​សមាជិក​ភាព​របស់​ខ្លួន​ ពេល​សាមី​ខ្លួន​ទទួល​មរណ​ភាព ​សាមី​ខ្លួន​បាត់​បង់​សម្បទា​វិជ្ជាជីវៈ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថ​កិច្ច ​សាមី​ខ្លួន​សុំ​លាលែង​ជា​លាយ​លក្ខណ៍អក្សរ ​សាមីខ្លួន​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ​ឬ​មជ្ឈឹម ​ឬសមា​ជិក​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​បញ្ជា​ផ្ទៃក្នុង​នៃ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាដើម។ បើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ណា​មួយ​បាត់បង់​សមាជិក​ភាព ​គណបក្ស​ត្រូវ​ជ្រើស​រើស​យក​បេក្ខជន​ដែល​មាន​ឈ្មោះ​បន្ទាប់ ​តាម​លេខ​រៀង​ក្នុង​បញ្ជី​បេក្ខជន​ជា​មួយ​គ្នា ​ឱ្យ​ជំនួស ​ដោយ​មិន​បាច់​បោះ​ឆ្នោត​ឡើង​វិញ​ឡើយ។ ​នេះ​បើ​យោង​តាម​មាត្រា​១៦​នៃ​ច្បាប់​ស្តីពី​«ការ​គ្រប់​គ្រង​រដ្ឋបាល​ឃុំ​សង្កាត់»។​

លោក ​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គ​ណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប ប្រាប់​វីអូអេ​ថា​ ការ​ដោះដូរ​បញ្ជី​អ្នក​បោះ​ឆ្នោត ​ឬ​ហៅ​ថា​ អង្គ​បោះឆ្នោត ​គឺ​មិន​អាច​ផ្លាស់​ប្តូរ​បាន​ទៀត​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី​អង្គ​បោះ​ឆ្នោត​ណា​ម្នាក់​ស្លាប់ ​ទើប​អាច​ដោះ​ដូរ​បាន។​

លោក​បន្ថែម​ថា ​មូលហេតុ​ដែល​មិន​អាច​ដោះដូរ​បញ្ជី​បោះឆ្នោត​បាន ​គឺ​ដោយ​សារ​ការដោះស្រាយ​លើ​ពាក្យ​បណ្តឹងទាក់ទងបញ្ជី​បោះឆ្នោតដំបូង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ត្រូវ​បាន​បិទ​បញ្ចប់ ​និងដោះ​ស្រាយ​រួចរាល់​ហើយ​ កាល​ពី​ពាក់​កណ្តាល​ខែ​មករា ​ឆ្នាំ​ ២០២៤។​

លោក​ថ្លែង​ថា៖ ​«ការ​ប្តឹង​តវ៉ា ​ឬ​ប្តឹង​ជំទាស់​ដើម្បី​ដោះ​ដូរ​ឈ្មោះ​ត្រូវ​មាន​ហេតុ​ផល​ពីរ​ ទី​ ១ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ​ពីព្រោះ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ គឺ​គ្រប់គ្រង​ដោយ​ក្រសួង​មហាផ្ទៃ ​ហើយ​ទី ២ ​ត្រូវ​ធ្វើការ​ប្តឹង​ផ្តល់​ស្ថិត​ក្នុង​ប្រតិទិន ​ដែល​ គ.ជ.ប​ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ។ ​អ៊ីចឹង​បច្ចុប្បន្ន​នេះ ​គឺ​បណ្តឹង​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​នៅ​ថ្នាក់​ក្រោម​គ.ជ.ប ​រួច​អស់​ហើយ​ អ៊ីចឹង ​មិន​អាច​មាន​ការ​ដោះដូរ​បាន​ទៀត​នោះ​ទេ»។​

លោក ​កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំមើល​ការ​បោះ​ឆ្នោត ​ថ្លែង​ថា​ ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​ពិនិត្យលើ​ការ​អនុវត្ត​របស់​មន្ត្រីថ្នាក់​ក្រោម ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ​ និង​ដើម្បី​ធានា​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​អសកល ​ទាំង​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិកព្រឹទ្ធ​សភា ​និង​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ ​នៅ​ឆ្នាំ​ ២០២៤ ​នេះ។​

លោក​ថ្លែ​ងថា៖ ​«អ៊ីចឹង​ ដើម្បី​បញ្ចៀស​ភាព​មិន​ត្រឹម​ត្រូវ ​ឬ​អយុត្តិ​ធម៌​នេះ ​តួនាទី​របស់​ក្រសួង​មហាផ្ទៃ ​គឺ​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​ការ​អនុវត្ត​ ថា​តើ​ហេតុអ្វី​បាន​ជា​ចំណុច​ហ្នឹង​បាន​ធ្វើ​ឱ្យ​អង្គ​បោះ​ឆ្នោត​ ឬ​ការដោះ​ដូរ​របស់​គណ​បក្ស​នយោ​បាយ​ហ្នឹង​មិន​អាច​ទៅ​មុខ​រួច»។​

គួរ​បញ្ជាក់​ថា ​គណបក្ស​ភ្លើង​ទៀន​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ ២២០០​នាក់​ ដែល​ត្រូវ​បាន​ពលរដ្ឋ​បោះ​ឆ្នោត​ឱ្យកាល​ពី​ខែ​មិថុនា ​ឆ្នាំ​ ២០២២។ ​ពួកគេ​ជា​អង្គ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នា​ពេល​ខាង​មុខ។​ ដោយ​សារ​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន ​គណបក្ស​ភ្លើង​ទៀន​បាន​ជ្រើស​រើស​គណបក្ស​ឆន្ទៈ​ខ្មែរ​មក​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នា​ពេល​ខាងមុខ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG