ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាលើកឡើងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយៈពេល១ខែនេះ ទាបជាងការរំពឹងទុក ដោយពួកគេ ជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ខណៈការបោះឆ្នោតឃុំសង្កាត់ខិតជិតមកដល់។
គិតចាប់តាំងពីថ្ងៃបើកការពិនិត្យបញ្ជីនិងចុះឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រមាណ៣០ម៉ឺននាក់ បានមកចុះឈ្មោះបោះឆ្នោត។ នេះបើតាមទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ បញ្ជីឈ្មោះបោះឆ្នោត បន្ថែមអ្នកបោះឆ្នោតថ្មីនេះ នឹងត្រូវប្រើសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹតុ្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
ចំនួនពលរដ្ឋ៣០ម៉ឺននាក់នេះ គឺជាចំនួនពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតថ្មីក្នុងផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីជាង១,៦លាននាក់របស់គ.ជ.ប នៅក្នុងយុទ្ធនាការចុះឈ្មោះពលរដ្ឋតាមឃុំសង្កាត់ ដែលធ្វើឡើងចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានថ្លែងថា តួលេខនៃអ្នកមកចុះឈ្មោះបោះឆ្នោតនាពេលបច្ចុប្បន្ននៅមិនទាន់អាចបំពេញតាមគោលដៅចំនួនកំណត់នៅឡើយទេ។
លោកប្រាប់វីអូអេថា៖ «តាមពិតតួលេខនេះ មកដល់ថ្ងៃនេះទៅហើយ យើងឃើញម្ភៃថ្ងៃជាងទៅហើយ។ អ៊ីចឹងកិច្ចការងារនេះ បានត្រឹមតែបីសែនទេ។ បើសិនយើងពិនិត្យមើលមែនទែន បីសែននេះ បើយើងធៀបទៅ វាអត់គ្រប់ទៅតាមគោលការណ៍ ឬក៏ចំនួនកំណត់របស់គ.ជ.ប ទេ។ ហើយចំនួននេះ គឺជាចំនួនតិចណាស់។ គិតទៅវាបានតែមួយភាគបួនទេ មួយភាគបួននៃការប៉ាន់ប្រមាណសរុប»។
លោកបន្ថែមថា នាពេលបច្ចុប្បន្នអង្គការរបស់លោកបានតាមដានការចុះបញ្ជីឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានផ្សេងៗក្នុងប្រទេសផងដែរ ដោយបានចាត់តាំងមន្រ្តីទៅតាមមូលដ្ឋានខេត្តចំនួន១៦ ហើយមន្រ្តីម្នាក់ទទួលបន្ទុកក្នុងខេត្តមួយ ដោយត្រួតពិនិត្យលើឃុំចំនួន៤។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថាគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) និយាយថា ចំនួនអ្នកមកចុះឈ្មោះបោះឆ្នោតនៅមិនទាន់ឈានដល់កម្រិតរំពឹងទុកនៅឡើយទេ ដោយលោកសង្កេតឃើញថាមានអ្នកមកចុះឈ្មោះបោះឆ្នោតច្រើននៅពេលចុងសប្តាហ៍តែប៉ុណ្ណោះ។
លោកអំពាវនាវឲ្យពលរដ្ឋគ្រប់អាយុបោះឆ្នោតចូលរួមចុះឈ្មោះ ទោះបីជាលោកគិតថានៅពេលការចុះឈ្មោះបោះឆ្នោត ត្រូវបានបញ្ចប់នាចុងខែវិច្ឆិកាខាងមុខ ការចុះឈ្មោះអាចសម្រេចបានត្រឹមតែ៥០%នៃចំនួនរំពឹងទុកក៏ដោយ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នកដែលទើបដល់អាយុ១៨ឆ្នាំ ឲ្យគាត់អញ្ជើញទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។ ទីពីរ ពលករដែលគាត់អញ្ជើញមកពីប្រទេសក្រៅ ដូចថៃដូចអីអ៊ីចឹងទៅ ដែលគាត់អត់បានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតហ្នឹង ឲ្យគាត់ទៅចុះឈ្មោះ ឲ្យបានគ្រប់ៗគ្នាផង ងាយស្រួលឆ្នាំក្រោយ យើងមានការបោះឆ្នោតពីរឆ្នាំជាប់គ្នា២០២២ និង២០២៣ ម្តងទៀត»។
កាលពីការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ ប្រជាពលរដ្ឋមួយចំនួនមិនបានទៅបោះឆ្នោតនោះទេ ដោយសារអវត្តមានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើគណបក្សប្រឆាំងដ៏ធំមួយនេះ អាចចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឬយ៉ាងណា។ នៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសជាពិសេសនៅប្រទេសថៃ ក៏បានត្រឡប់មកប្រទេសកំណើតវិញ ហើយមិនអាចត្រឡប់ទៅវិញបាននៅពេលនេះ។
លោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់វីអូអេនៅថ្ងៃពុធថា តួលេខក្នុងផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួនជាង១,៦លាននាក់ ជាតួលេខគោលដៅ ដោយមានទាំងអ្នកដែលស្លាប់ ក៏ដូចជាចំនួនពលរដ្ឋចំណាកស្រុក។
លោកថ្លែងថា៖ «ដោយហេតុនេះហើយ បានជាគ.ជ.ប មិនដាក់ផែនការ៥០ម៉ឺន ឬ៦០ម៉ឺនទេ ពីព្រោះដោយសារតួលេខយើងឃើញ១លាន ៦សែននេះ។ បើសិនជាយើងដាក់៥០ ទៅ៦០ម៉ឺននោះ តើ១លាននាក់ជាងទៀត ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនោះ មានន័យថា គ.ជ.ប មិនយកចិត្តទុកដាក់។ អញ្ចឹងជាគោលការណ៍ គ.ជ.ប នៅក្នុងច្បាប់ គឺប្រព័ន្ធបោះឆ្នោតនេះ គឺត្រូវធានាឲ្យពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតហ្នឹង បំពេញតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត ដើម្បីឲ្យបានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា»។
លោកបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរំពឹងថា ពលរដ្ឋជាង៥០ម៉ឺននាក់ នឹងចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងយុទ្ធនាការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ដែលមានរយៈពេល៥០ថ្ងៃនេះ។
យ៉ាងណាក្តី លោក សោម សូរីដា មិនទាន់អាចបញ្ជាក់តួលេខពិតប្រាកដនៃពលរដ្ឋទើបអាយុ១៨ ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មីនេះ នៅឡើយនោះទេ។ ប៉ុន្តែលោកបានលើកឡើងថា តាមការសង្កេតរបស់លោក គឺចំនួនពលរដ្ឋក្នុងក្រុមនេះដែលបានមកចុះឈ្មោះបោះឆ្នោត មានអត្រាកើនឡើងខ្ពស់ជាងមុនពី៣០% ទៅ៣៥% បើធៀបនឹងការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីអាណត្តិមុន។
បើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ចេញផ្សាយកាលពីដើមខែកញ្ញា លក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោតសម្រាប់យុទ្ធនាការចុះឈ្មោះថ្មីនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើង ដែលកើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ៕