អ្នកវិភាគ និងសកម្មជនសហគមន៍ខ្មែរអាមេរិកាំងមួយចំនួនមើលឃើញពីសញ្ញាវិជ្ជមាននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ការសន្និដ្ឋាននេះកើតមានឡើងក្រោយពេលការបោះឆ្នោតឃុំ-សង្កាត់បានបង្ហាញឱ្យឃើញនូវសំឡេងគាំទ្រប្រហាក់ប្រហែលគ្នារវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យទី៤ខែមិថុនាកន្លងទៅនេះ។ លទ្ធផលបង្ហាញថាមានពលរដ្ឋជិត៩០ភាគរយបានចេញទៅបោះឆ្នោតហើយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបានកើនឡើងអាសនៈមេឃុំពីចំនួន៤០មកដល់ជិត៥០០ និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥.០០០ក្នុងចំណោមអាសនៈសរុបចំនួន១១.៥៧២។
លោកយ័ប គឹមទឹង ប្រធានសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋានក្នុងរដ្ឋវីជីញ៉ា (Virginia) បានបញ្ជាក់ថា លោកសប្បាយរីករាយដោយសារចំនួនពលរដ្ឋចេញទៅបោះឆ្នោតមានយ៉ាងច្រើន។ លោកក៏មើលឃើញថា លទ្ធផលដែលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នាគឺជា សញ្ញាល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ៖
«កត្តាហ្នឹងហើយដែលធ្វើឱ្យប្រទេសយើងមានយុត្តិធម៌។ បើសិនជាគណបក្សមួយខ្លាំងពេកដាច់ស្រយាលទៅ គណបក្សហ្នឹងធ្វើអ្វីស្រេចតែចិត្ត អត់មានម្ខាងទៀតទប់ធ្វើឱ្យខុសពីឆន្ទៈរបស់ប្រជាជន»។
លោកគឹមទឹងក៏លើកទឹកចិត្តពលរដ្ឋ ដែលខកខានមិនបានចេញទៅបោះឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះឱ្យទៅបោះឆ្នោតជាតិក្នុងពេលខាងមុខ ព្រោះវាជាសិទ្ធិតាមលទ្ធិប្រជាធិបតេយ្យរបស់ពួកគេក្នុងការជ្រើសរើសអ្នកដឹកនាំ។
លោកណែម ឈឿង ប្រធានសមាគមក្រុងខ្មែរក្នុងរដ្ឋចរចា (Georgia) ព្យាករណ៍ថា ទិដ្ឋភាពនយោបាយនឹងមានការប្រែប្រួលខ្លាំង ដោយសារតែសំឡេងគាំទ្រនៃគណបក្សទាំងពីរដែលមានប្រហាក់ប្រហែលគ្នា៖
«ក្នុងការលេងល្បែងប្រជាធិបតេយ្យកាលណាអំណាចរវាងគណបក្សទាំងពីរប្រហាក់ប្រហែលគ្នាគឺលំបាកក្នុងការប្រើពាក្យសម្តី ឬហិង្សាដាក់បក្សម្ខាងទៀតបាន ព្រោះអីកាលណាយើងប្រហាក់ប្រហែលគ្នាសំឡេងក៏អាចថយចុះ ប៉ុន្តែបើយើងមួយខ្លា ហើយមួយទន្សាយ ប្រហែលជាខ្លាត្រូវសម្លុតទន្សាយរហូតហើយ»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានកាន់កាប់អំណាចជិត ៤០ឆ្នាំចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩។ នេះជាលើកទីមួយហើយ ដែលគណបក្សកាន់អំណាចបាត់បង់អាសនៈជាច្រើននៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន ដែលតាមធម្មតាគឺ តែងតែមានប្រៀបជាងគូប្រកួតយ៉ាងខ្លាំង។
នៅមុនការបោះឆ្នោតលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានគំរាមថា បើសិនជាគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់គឺ នឹងកើតមានសង្គ្រាម រីឯលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមានថា បើសិនជាគណបក្សរបស់លោកឈ្នះ ហើយអ្នកចាញ់តវ៉ាគឺ លោកនឹងវាយបំបែកធ្មេញរបស់ពួកគេ។
លោកហេង ថាល់សាវុធ ពលរដ្ឋខ្មែរ-អាមេរិកាំងនៅរដ្ឋម៉េន (Maine) និងជាអ្នកវិភាគតាមបណ្តាញសង្គមពីស្ថានភាពនយោបាយ និងប្រវត្តិសាស្រ្តកម្ពុជាយល់ថា ការគំរាមកំហែងដូចនេះលែងមានប្រសិទ្ធភាពហើយ។ លោកបន្ថែមថា នេះជាពេលដែលពលរដ្ឋខ្មែរចាប់ផ្តើមបង្ហាញនូវសេចក្តីក្លាហានរបស់ខ្លួន ហើយដោយមិនខ្លាចនឹងការគំរាមកំហែងពីសង្គ្រាមទេ។
«ប្រជាជនខ្មែរយើងដឹងស្រាប់ហើយ កាលណាខ្លាចគឺខ្លាចបំផុត ប្រយ័ត្នតែហ៊ានគឺហ៊ានហួសហេតុអីចឹង ហើយបានជាយួនសៀមមិនអាចយកប្រទេសជាតិយើងបាន។ ដូច្នេះការបោះឆ្នោតនេះគឺជាជោគជ័យរបស់គណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែពួកទាំងនោះដើម្បីបិទបាំងបរាជ័យរបស់ខ្លួនស្រែកថា២១ខេត្តឈ្នះ ប៉ុន្តែចំណុចសំខាន់បំផុតខេត្តណាជាបណ្តុំនូវបញ្ញវន្តខ្មែរនូវអ្នកចេះដឹងគឺ ក្រុងភ្នំពេញ ក្រុងកំពង់ចាម និងក្រុងសៀមរាប។ សំខាន់បំផុតគឺក្រុងភ្នំពេញ»។
លទ្ធផលបឋមចេញដោយគណបក្សទាំងពីរបង្ហាញថា គណបក្សសង្គ្រោះជាតិនាំមុខនៅរាជធានីភ្នំពេញ និងខេត្តពីរ គឺខេត្តសៀមរាប និងកំពង់ចាម។ លទ្ធផលឆ្នោតនឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងប្រកាសនៅថ្ងៃទី២៥ ខែមិថុនានេះ បន្ទាប់ពីដោះស្រាយបណ្តឹង ដែលប្តឹងដោយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាឱ្យរាប់សន្លឹកឆ្នោតនៅតាមការិយាល័យមួយចំនួន។
បេក្ខជនជាប់ឆ្នោតជាមេឃុំចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិមានវ័យក្មេងជាច្រើនដែលនាំឱ្យមានការរិះគន់ពីក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចថា ពួកគេមិនមានសមត្ថភាពក្នុងការដឹកនាំថ្នាក់មូលដ្ឋានទេ។
លោកណែម ឈឿង ប្រធានសមាគមក្រុងខ្មែរក្នុងរដ្ឋចរចាយល់ថា ការដែលដាក់មេឃុំមិនមានបទពិសោធន៍ ហើយវ័យក្មេងជាការល្អទៅវិញទេ ព្រោះពួកគេមានឋាមពល និងមានគំនិតថ្មីៗក្នុងការអភិវឌ្ឍមូលដ្ឋានច្រើន។
លោកណែម ឈឿងបានបន្ថែមថា៖
«ម្ល៉ោះហើយខ្ញុំជឿថា ជារឿងល្អច្រើនជាងរឿងអាក្រក់។ រឿងអ្នកថ្មីដែលមិនមានទំនាក់ទំនងនៅក្នុងក្រុមនៅក្នុងបក្ខពួក ព្រោះអីអំពើពុករលួយវាតែងតែកើតឡើងជារឿយៗនៅក្នុងមនុស្ស ដែលដឹងកន្លុកកន្លែងដឹងតាក់តិចដឹងបក្ខពួកហ្នឹង ដែលបង្កើតអំពើពុករលួយអំពើបក្ខពួកនិយមច្រើន។ នេះអ្វីដែលខ្ញុំសង្ឃឹមថា នឹងអាចជួយដល់ស្រុកទេសយើងបានល្អក្នុងការបម្រើប្រជារាស្រ្ត»។
យ៉ាងណាក៏ដោយ លោកគុជ ច័ន្ទលីអ្នកវិភាគមួយរូបនៅរដ្ឋម៉ារីឡែន (Maryland) យល់ថា បរិយាកាសប្រកួតប្រជែងមិនទាន់ស្មើភាពគ្នានៅឡើយទេ។ លោកផ្តោតលើស្ថានភាពនយោបាយមុនការបោះឆ្នោត ដែលក្នុងនោះមានការបាញ់សម្លាប់លោកកែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ ការចាប់ឃុំឃាំងអ្នកការពារសិទ្ធិមនុស្ស និងលោកកឹម សុខ ដែលជាអ្នកតាមដានសង្គមជាដើម។
លោកច័ន្ទ លីយល់ថា ការកើនអាសនៈសម្រាប់គណបក្សប្រឆាំងនេះគឺ មិនទាន់សមស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្តូរទេ។
«លទ្ធផលឃើញថា គណបក្សប្រឆាំងបានកើនឡើងច្រើនពី៤០សំឡេងនៅឆ្នាំ២០១២ មកដល់៤៨៦នៅឆ្នាំ២០១៧យើងនេះ ឃើញថា មានការកើនឡើងគួរឱ្យជាទីពេញចិត្ត ក៏ប៉ុន្តែសួរថា ការកើនឡើងនេះវាសមស្របជាមួយនឹងក្តីសង្ឃឹមរបស់ម្ចាស់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសឬទេ? ចម្លើយគឺ អត់ទេ។ ប្រជាពលរដ្ឋខ្មែរគោលដៅធំបំផុតគឺ ស្រេកឃ្លាននូវការផ្លាស់ប្តូររបបមួយដែលគ្នាទទួលរងការឈឺចុកចាប់ជាច្រើនរួចណាស់មកហើយ»។
លោកច័ន្ទ លីស្នើឱ្យគណបក្សប្រឆាំងកុំសប្បាយរីករាយនឹងលទ្ធផលនេះពេក និងកុំធ្វើការស៊ុំគ្រលំជាមួយនឹងគណបក្សកាន់អំណាច ព្រោះអាចនឹងខូចប្រយោជន៍ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
ក្នុងពេលកន្លងមកនេះអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកក៏បានស្នើឱ្យមានការរៀបចំការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិខាងមុខ ដោយសេរី និងត្រឹមត្រូវ ដោយគ្មានការគំរាមកំហែង។ សហរដ្ឋអាមេរិកយល់ថា វាជាការដែលប្រទេសកម្ពុជាត្រូវបំពេញតាមការសន្យារបស់ខ្លួនដែលបានសន្យាក្នុងពេលកន្លងមក។
ស្ថានទូតសហរដ្ឋអាមេរិកក៏បានបញ្ជាក់ពីការសង្កេតឃើញនូវបរិយាកាសបោះឆ្នោតដ៏ប្រសើរហើយបានសុំឱ្យភាគីទាំងអស់ទទួលយកលទ្ធផលឆ្នោត៕