អ្នក​ឃ្លាំមើល៖​ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ត្រឹមត្រូវ​៩៥ភាគរយ

ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ពុំ​ទាន់​មាន​ពាក្យ​បណ្ដឹង​ណា​មួយ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​រាប់​សន្លឹក​ឆ្នោត ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ទេ។

មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ ឬ​បន្ទប់​ស្ថានការណ៍​ ​បាន​វាយតម្លៃ​ថា​ ​ការបោះឆ្នោត​នៅ​ការិយាល័យ​ភាគ​ច្រើន​ បាន​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី។ ​រហូត​មក​ដល់​ពេលនេះ គណបក្ស​នយោបាយ​នីមួយៗ​ រក្សា​ការ​ស្ងៀម​ស្ងាត់​ គ្មាន​ការ​តវ៉ា​ ក្រោយ​ការ​ចេញ​លទ្ធផល​បឋម​ដែល​បាន​បង្ហាញ​ថា​ បក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​សង្គ្រោះ​ជាតិ​ ជា​អ្នក​នាំ​មុខ​ការ​ប្រកួត​ប្រជែង។

ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ពុំ​ទាន់​មាន​ពាក្យ​បណ្ដឹង​ណា​មួយ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​រាប់​សន្លឹក​ឆ្នោត ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ទេ។ ក៏ប៉ុន្តែ​ ពួក​គេ​អះអាង​ថា​ ភាព​មិន​ប្រក្រតី​ខ្លះ​ ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដំណើរការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​ប្រកាស​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត។

ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​ ធ្វើសន្និសីទ​ព័ត៌មាន​ស្តីពី​ស្ថានការណ៍​ក្រោយការ​បោះឆ្នោត​នៅ​រាជធានីភ្នំពេញ​ កាលពីថ្ងៃ​ទី​៥ ខែមិថុនា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

ក្នុង​សន្និសីទ​ពិសេស​មួយ​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ ​ឬ​បន្ទប់​ស្ថានការណ៍​ ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel ​នា​ថ្ងៃ​ចន្ទ​នេះ លោក​ ​យង់​ គិម​អេង​ នាយក​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​បាន​និយាយ​ថា​ ​បរិយាកាស​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅ​ការិយាល័យ​ភាគច្រើន ​បាន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​នីតិវិធី។

យ៉ាងណា​ក៏​ដោយ​ លោក​បាន​ឲ្យ​ដឹង​ថា បញ្ហា​ខ្លះៗ​ បាន​កើត​ឡើង​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​ប្រកាស​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត។​ បញ្ហា​ទាំង​អស់នោះ​រួម​មាន​ ការ​ពន្យារ​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​ ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​ចូល​ក្នុង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ ដំណើរការ​រាប់​នៅ​ទី​ងងឹត​ និង​ដោយ​បិទ​ទ្វារ​ និង​បង្អួច​ ការ​អាន​ប្រកាស​សំឡេង​ឆ្នោត​ ឬ​បង្ហាញ​គំនូស​គាំទ្រ​ក្នុង​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​មិន​ច្បាស់​លាស់​ និង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​កំណត់​សន្លឹក​ឆ្នោត​បាន​ការ​ ឬ​មិន​បាន​ការ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ និង​អ្នក​តាមដាន​ការ​បោះឆ្នោត​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​ ​ ​យង់​ គិមអេង ​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ៖

​«ការ​បំពេញ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ មាន​កំហុស​ និង​ការ​មិន​ចែក ​ឬក៏​ការ​បិទផ្សាយ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​នៅ​ក្នុង​ ជាពិសេស​គឺ​ទម្រង់​ ១១០២​ នៅ​ការិយាល័យ​បាទ​ កន្លែង​ខ្លះ​ ការិយាល័យ​ខ្លះ​ អត់​ទាន់​បិទ​ទេ​បាទ»។

បន្ថែម​លើ​ការ​បកស្រាយ​របស់​លោក​ យង់ គិមអេង​ លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel​ ​ថ្លែង​ថា​ ទោះ​បី​មិន​មាន​ការ​បិទផ្សាយ​ទម្រង់​១១០២ នៅ​ការិយាល័យ​បោះឆ្នោត​ ក៏​ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ បាន​ប្រមូល​ទម្រង់​ដែល​មាន​ភាព​មិន​ប្រក្រតី​ មក​បង្ហោះ​លើ​គេហទំព័រ​របស់​ខ្លួន។

«យើង​នឹង​យក​ទម្រង់​របស់​យើង​ ដែល​យើង​ប្រមូល​បាន​ទាំង​អស់​ហ្នឹង​ ដើម្បី​ផ្ទៀងផ្ទាត់​ម្ដង​មួយៗ​ នៅ​ពេល​ណា​កន្លែង​ណា​ ​សំខាន់​ទម្រង់​ណា​ដែល​វា​មាន​បញ្ហា​ ដែល​យើង​មើល​មាន​ការ​សង្ស័យ​ យើង​នឹង​ផ្ទៀង​ផ្ទាត់​ ហើយ​តើ​កំហុស​ហ្នឹង​វា​ច្រើន​ទេ​ ហើយ​កំហុស​ហ្នឹង​តើ​ជា​កំហុស​បច្ចេកទេស​ ឬ​ក៏​ជា​កំហុស​ មាន​មូល​ហេតុ​ចេតនា​អី​ផ្សេងៗ​ទៀត​ អញ្ចឹង​នៅ​ពេល​វេលា​ច្រើន​ណាស់​ ពី​ហ្នឹង​ទៅ​ដល់​ថ្ងៃ​ ២៥»។

អ្នក​សង្កេតការណ៍​អន្តរជាតិ​ ចុះត្រួតពិនិត្យ​ការិយា​ល័យ​បោះឆ្នោតនៅក្នុង​សង្កាត់​តាខ្មៅ​ ជាទីតាំង​ការិយាល័យ​ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ទៅបោះឆ្នោតនៅ ខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

លោក​ ​គល់​ បញ្ញា​ ​បន្ត​ថា​ ក្រៅ​តែ​ពី​មិន​មាន​ការ​តវ៉ា​ លើ​បញ្ហា​កំហុស​ឆ្គង​ដែល​កើត​មាន​ទៅ​លើ​ទម្រង់​១១០២​ ក្រុម​អ្នក​សង្កេត​ការណ៍​ ​ក៏​មិនទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​គណ​បក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ ​ដើម្បី​ប្ដឹង​ជំទាស់​ភាព​មិន​ប្រក្រតី​នា​នា​ ដូច​ជា​ការ​ដែល​អាជ្ញាធរ​ហាម​មិន​ឲ្យ​អ្នក​សង្កេត​ការណ៍​ ​ចូល​ក្នុង​បន្ទប់​រាប់​សន្លឹក​ឆ្នោត​ជា​ដើម។

​នៅ​ពេល​ ​VOA​ ​សួរ​ថា​ តើ​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ទាក់​ទិន​នឹង​ការ​ប្ដឹង​ផ្ដល់​ ដែល​អាច​នាំ​ដល់​ការ​រំលាយ​គណបក្ស​ ​ដែល​ធ្វើ​ឱ្យ​បក្ស​នយោបាយ​នីមួយៗ​មិន​ហ៊ាន​តវ៉ា​នោះ​ លោក​ ​គល់​ បញ្ញា​ ​ថ្លែង​ថា​ ​ក្រុម​អ្នក​សង្កេត​ការណ៍​នឹង​បន្ត​តាមដាន​លើ​ជំហរ​របស់​គណបក្ស​នយោបាយ។

​លោក ​គល់​ បញ្ញា​ ថា​ លោក​មិន​អាច​សន្និដ្ឋាន​ថា​ តើ​សារ​ព្រមាន​នេះ​អាច​នឹង​រំខាន​ដល់​អារម្មណ៍​របស់​អ្នក​នយោបាយ​បែប​ណា​នោះ​ឡើយ។

​«ខ្ញុំ​យល់​ឃើញ​ថា​ គណបក្ស​នានា​ បើ​គាត់​មាន​ភស្តុ​តាង​ មាន​អី​ត្រឹម​ត្រូវ​គាត់​ដាក់​បណ្ដឹង​ហើយ​ ប៉ុន្តែ​យើង​ក៏​តាម​មើល​រឿង​ហ្នឹង​ដែរ​ ​ថា​តើ​មាន​បណ្ដឹង​ទេ​ ហើយ​មាន​អ្នក​ខ្លះ​ មាន​បញ្ហា​ដូច​ប្អូន​និយាយ​ទេ​ គាត់​ចង់​ប្ដឹង​ដែរ​ ប៉ុន្តែ​គាត់​ខ្លាច​ យើង​ក៏​មើល​ដែរ​ យើង​ត្រូវ​តាម​សង្កេត។ ​អញ្ចឹង​បាន​ថា​ទុក​ពេល​វេលា​បន្តិច​ពី​ហ្នឹង​ទៅ​ដល់​ថ្ងៃ​ ២៥​ ​មាន​ពេល​វេលា​ដើម្បី​យើង​សិក្សា​រឿង​អស់​ហ្នឹង»។

​ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​បក្ស​កាន់​អំណាច​រាប់​ម៉ឺន​នាក់​ក្នុង​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​គេ​ស្គាល់​ថា​ជា​បុរស​ខ្លាំង​ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ដទៃ​ កុំ​តវ៉ា​នឹង​លទ្ធ​ផល​បោះឆ្នោត​ ដោយ​ហេតុ​ការណ៍​ប្ដឹង​ផ្តល់​នានា ​អាច​នាំ​ដល់​ការ​រំលាយ​គណបក្ស​ដោយ​អំណាច​របស់​តុលាការ។

​«សូម​កុំ​ចោទ​ថា​ ទឹកខ្មៅ​លាង​ច្រេះ​ ​លាង​ច្រេះ។ ​សូម​កុំ​ឡាំ​ប៉ា​ដូច​ពី​មុន​ ច្បាប់​បច្ចុប្បន្ន​អនុញ្ញាត​ឲ្យ​ប្ដឹង​រំលាយ​គណបក្ស។ ​នេះ​គឺ​ជា​រឿង​ពិត​ បើ​បក្ស​យើង​ធ្វើ​ខុស​ យើង​ក៏​សិទ្ធិ​ ក៏​ទទួល​យក​នូវ​ការ​រំលាយ​ដោយ​តុលាការ»។

លោក​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ចូលរួម​បោះឆ្នោត​ ដើម្បីជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅ​សង្កាត់​តាខ្មៅនៃក្រុង​តាខ្មៅ,នៅ ខេត្ត​កណ្តាល​, នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ​បន្ទប់​ស្ថាន​ការណ៍​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​ជា​បឋម​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​ ​ទទួល​បាន​៤៨ភាគរយ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ ​៤៥​ភាគរយ​នៃ​សំឡេង​ឆ្នោត​បាន​ការ​សរុប​ និង​ក្រៅ​ពី​នេះ​ ជា​លទ្ធផល​នៃ​គណបក្ស​ផ្សេងៗ​ទៀត។

ក្រុម​អ្នក​សង្កេត​ការណ៍​នៃ​បន្ទប់​ស្ថាន​ការណ៍​ ​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា​ លទ្ធផល​នេះ​ ​មាន​ភាព​ត្រឹម​ត្រូវ​ ៩៥ភាគរយ​ចំពោះ​ការ​វាយ​តម្លៃ​នេះ​ ​ខណៈ​ដែល​កម្រិត​លម្អៀង​មាន​ប្រមាណ​ បូក​ ឬ​ដក​ ៥​ភាគរយ។​

​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ថ្លែង​ប្រាប់​ VOA​ នា​ថ្ងៃ​ចន្ទ​ ​ថា​ គ.ជ.ប​ បាន​ប្រមូល​រាល់​ទម្រង់​ ១១០២​ ដែល​មាន​បញ្ហា​មក​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​មិន​អាច​បញ្ជាក់​ចំនួន​ច្បាស់លាស់​នៃ​ទម្រង់​ ១១០២​ ដែល​មាន​ភាព​មិន​ប្រក្រតី​នេះ​ ​តែ​លោក​បាន​ពន្យល់​ថា​ កំហុស​ឆ្គង​ ដែល​បាន​រក​ឃើញ​ក្នុង​ទម្រង់​នេះ​ ​នាំ​ដល់​ការ​ពន្យារពេល​នៃ​ការ​បញ្ចេញ​លទ្ធផល។

​លោក​ ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)៖​

«អូ៎​ពិបាកៗ​ក្នុង​ការ​បញ្ជាក់​ចំនួន​ ​ហើយ​ហ្នឹង​ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចេញ​លទ្ធផល​យឺត​ខុស​ពី​ការ​គ្រោង​ទុក​ ព្រោះ​បំពេញ​ទម្រង់​អត់​បាន​ត្រឹមត្រូវ​ ធ្វើ​ឲ្យ​កុំព្យូទ័រ​វា​អត់ read [អាន] អញ្ចឹង​យើង​ត្រូវ​ពិនិត្យ​ឲ្យ​ផ្ទាល់​ភ្នែក​ទៀត»។

លោក​ ហង្ស​ ពុទ្ធា​ ថ្លែង​បន្ត​ថា​ គ.ជ.ប​ នឹង​ពិនិត្យ​រាល់​បាតុភាព​មិន​ប្រក្រតី​នានា​ ដែល​កើត​ឡើង​មុន​ និងក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ និង​ក្នុង​ថ្ងៃ​បោះឆ្នោត​ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា​ខាង​មុខ​នេះ។

លោក​បញ្ជាក់​បន្ត​ទៀត​ថា​ គ.ជ.ប​ មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​បឋម​ ​ឬ​ក៏​ការ​រាប់​សន្លឹក​ឆ្នោត​ពី​តំណាង​គណបក្ស​នយោបាយ​នានា​នោះ​ឡើយ។​ ​ក៏ប៉ុន្តែ​លោក​និយាយថា​ មាន​ការ​បញ្ចេញ​ទស្សនៈ​រិៈគន់​របស់​បុគ្គល​ ចំពោះ​លទ្ធផល​បឋម​នេះ។

សកម្ម​ភាព​រាប់សន្លឹកឆ្នោត​ ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អណត្តិទី៤​ នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (អូន​ ឆេង​ប៉រ/ VOA)

​នៅ​ពេល​ VOA ​សួរ​បញ្ជាក់​ថា​ តើ​លទ្ធផល​បឋម​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ ​មាន​ភាព​ត្រូវគ្នា​នឹង​លទ្ធផល​របស់​គ.ជ.ប​ ​លោក​ ​ហង្ស ពុទ្ធា ​សុំ​មិន​ធ្វើ​សេចក្ដី​អធិប្បាយ​ ហើយ​ថា​ អ្នក​ចេញ​លទ្ធផល​នេះ​ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​ដោយ​ផ្អែក​តាម​ច្បាប់​របស់​គ.ជ.ប។

«អ្នក​ដែល​បង្ហាញ​លទ្ធផល​មុន​ការ​ចេញ​លទ្ធផល​របស់​ គ.ជ.​ប​ ត្រូវតែ​ទទួលខុស​ត្រូវ​ហើយ​ក្នុង​រឿង​ហ្នឹង​ ពីព្រោះ​បើ​ពិនិត្យ​ទៅ​ច្បាប់​ គ.ជ.ប​ ជា​អ្នក​ចេញ​លទ្ធផល​ ប៉ុន្តែ​បើ​សិន​ជា​ អ្នកមាន​លទ្ធផល​ចេញ​ខុស​ពី​គ.ជ.ប​ ទៀត ​ហើយ​ ហើយ​ពេលខ្លះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័ន្តច្រឡំ អានោះ​ត្រូវ​ទទួល​ខុសត្រូវ​ខ្លួនឯង​ចំពោះ​មុខ​ច្បាប់»។

​តាម​ការ​ប្រកាស​លទ្ធផល​បឋម​របស់​ គ.ជ.ប​ ​តាម​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ​គណបក្ស​នយោបាយ​ពីរ​គឺ​បក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​ប្រឆាំង​ ​បាន​នាំមុខ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ ដែល​បាន​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត។

គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រៀប​ជាង​គណបក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​ ​តែ​សម្រាប់​ខេត្ត​ទេសចរណ៍​ធំៗ​ ដូចជា​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​នាំមុខ។ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាំង​ផង​ដែរ​នៅ​ខេត្ត​កំពង់ចាម។

​នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ ​មិន​អាច​សន្និដ្ឋាន​អំពី​បរិយាកាស​សេរី​ និង​ភាព​ត្រឹមត្រូវ​សម្រាប់​ ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ក្នុង​ឆ្នាំ​ ​២០១៧​នេះ​ទេ​ ដោយ​ត្រូវ​រង់ចាំ​ដល់​ក្រោយ​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅថ្ងៃទី២៥​ ខែ​មិថុនា​ខាងមុខ។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

យ៉ាងណា​ក៏​ដោយ​ ​ពួក​គេ​ថា​ ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ក្នុង​អាណត្តិ​ទី​បួន​នេះ​ ​គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​ ឆ្នាំ​២០១២​ ព្រោះ​ចំនួន​គណ​បក្ស​ចូល​រួម​ការ​ប្រកួត​បាន​កើន​ឡើង​ពី១០​ គណបក្ស​មក​ ១២​គណបក្ស​ បញ្ជី​ឈ្មោះ​មាន​ភាព​ប្រសើរ​ជាង​មុន​ គ.ជ.ប​ថ្មី​ ក៏បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​បោះឆ្នោត​ ហើយ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ក៏​មាន​លក្ខណៈ​គគ្រឹកគគ្រេង​ ជាង​ឆ្នាំ​២០១២​ផង​ដែរ។

ដោយ​ឡែក ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​នា​ថ្ងៃ​ចន្ទ​ដដែល​នេះ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ តាម​ការ​អង្កេត​របស់​អ្នក​សង្កេត​ការណ៍​ចំនួន​៤០ក្រុម​របស់​ស្ថាន​ទូត​ ដែល​បាន​ដាក់​ពង្រាយ​ឲ្យ​សង្កេតការណ៍​នៅ​ទីតាំង​ចំនួន​៣០០​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ចំនួន​ ១៣​ បាន​រក​ឃើញ​ថា​ ​ស្ថានីយ​បោះឆ្នោត​នីមួយៗ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​របៀប​រៀបរយ​ និង​សន្តិ​វិធី។​ស្ថានទូត​បញ្ជាក់​ថា​ ​ខ្លួន​នឹង​បន្ត​តាម​ដាន​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ហើយ​រំពឹង​ថា​ គ.ជ.ប​ នឹង​បំពេញ​ការ​ទទួល​ខុសត្រូវ​ជា​មួយ​កម្រិត​មួយ​ដ៏​ខ្ពស់​នៃ​សេចក្ដី​សុចរិត​ ​និង​តម្លាភាព។

ស្ថានទូត​ឲ្យ​ដឹង​បន្ថែម​ថា​ គ.ជ.ប​ នឹង​ស៊ើប​អង្កេត​ពេញលេញ​ លើ​ក្ដី​បារម្ភ​ទាំងឡាយ​ ដែល​បង្ហាញ​ចេញ​ពី​គណបក្ស​ប្រឆាំង​ ​សង្គម​ស៊ីវិល​ ​និង​អង្គការ​នា​នា​ ពាក់ព័ន្ធ​នឹង​ស្ថានភាព​មុន​ ​និង​ក្នុង​ថ្ងៃ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ៕