ក្រុម​សង្កេតការណ៍​បោះឆ្នោត​រិះគន់​គណបក្ស​ធំៗ​ទាំងពីរ

សន្និសីទ​កាសែត​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះឆ្នោត (The Electoral Reform Alliance) នៅថ្ងៃអង្គារទី០៧ ខែតុលា ឆ្នាំ២០១៤។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (The ​Electoral​ Reform ​Alliance​) ដែ​ល​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​២០​ជា​សមាជិក​ បាន​ស្ដី​បន្ទោស​មន្ត្រី​គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ ​ថា​មិន​អើពើទៅ​នឹង​សំណើ​របស់​ខ្លួន​ដើម្បី​ចូល​រួម​អង្កេត​ និងទទួល​បាន​ព័ត៌មាន​ពីកិច្ច​ប្រជុំ​សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ។

​កាល​ពី​ដើម​ខែ​កញ្ញា ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​បាន​ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរផ្តល់​លទ្ធភាព​ដល់មន្ត្រី​អង្គការ​ជា​សមាជិក​របស់​ខ្លួន​ចូល​រួម​ក្នុ​ងកិច្ច​ប្រជុំ​និង​អង្កេត​លើ​ដំណើរ​ការ​ពិភាក្សា​លើ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​កែ​ទម្រង់ការ​បោះឆ្នោត។ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​គណបក្ស​ទាំង​ពីរ​មិន​បាន​ផ្តល់ការ​ឆ្លើយ​តប​ណា​មួយ​នោះ​ទេ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ ក្នុ​ងទី​ក្រុង​ភ្នំពេញ លោក​ស៊ួន​ យុធ្យា​ មន្ត្រី​ផ្នែក​ច្បាប់​របស់​អង្គការ​ខុម​ហ្វ្រែល បាន​រំលឹក​ថា​គណបក្ស​ទាំង​ពីរ​មិន​បានយក​ចិត្តទុកដាក់​ឡើយ។​

លោក​បន្ថែម​ថាគណបក្ស​ទាំងពីរ​តែងប្រជុំ​បិទ​ទ្វា​ ហើយ​ព័ត៌មាន​ពីលទ្ធផល​នៃ​ការ​ប្រជុំ ឬ​ដំណើរ​ការ​ដែល​សម្រេច​បាន​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ឲ្យ​បាន​លម្អិត​ និង​ជា​សាធារណៈ​ទេ។​

«ក្រុម​ការងារ​របស់​គណបក្ស​ទាំងពីរ​ហ្នឹង​គាត់​ចាប់​ផ្តើម​ធ្វើ​ការ​ដោយ​បិទទ្វារ​ ដោយ​គ្មាន​ពេលវា​ច្បាស់លាស់​ គ្មាន​ព័ត៌មាន​តម្លាភាព​ គ្មាន​ការ​ចូលរួម»។

ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​សម្រាប់​អណត្តិ​ទី​៥​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ក៏​ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​បាន​បន្សល់​ទុក​ភាព​ចម្រូង​ចម្រាស​ជាច្រើន​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា​មាន​ការលួច​បន្លំ​សន្លឹក​ឆ្នោត​ជាច្រើន។ ​គណបក្ស​នេះ​បាន​ចោទ​ប្រកាន់​គណៈកម្មា​ធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោត​ថា​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច​និង​ថា​បាន​ជួយ​រៀប​ចំ​នីតិ​វិធី​កេង​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ស្រប​ច្បាប់។

​ក្រោយ​មក​គណបក្សប្រឆាំង​និង​សហ​គម​ន៍​អន្តរជាតិ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការកែទម្រង់​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គជប)​និង​នីតិវិធី​នៃ​ការ​បោះឆ្នោតដើម្បី​ធានា​ដល់​ការ​រៀប​ចំ​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួល​យក​បាន​នៅ​ពេល​ខាងមុខ។

លោក​ ហ៊ីម យន់​ អ្នក​សម្រប​សម្រួលលេខាធិការដ្ឋាន​នៃ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ​ភាព​សង្គម​ថ្លែងថា​គណបក្ស​នយោបាយ​ទាំង​ពីរ​គប្បី​បើក​ចំហ​ឲ្យ​មាន​ការចូលរួម និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ព្រោះ​ថាការធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នោះ​មិនមែន​សម្រាប់​តែ​គណបក្ស​ទាំង​ពីរ​នោះ​ឡើយ។

«គណបក្ស​ទាំងពីរ​គួរ​តែ​បើក​ចំហ​ដើម្បី​ទទួល​យក​អនុសាសន៍​ផ្ដល់​ជា​គំនិត​យោបល់​ដើម្បីកំណែ​ទម្រង់​ការ​បោះឆ្នោត​ឲ្យ​ទទួល​បាន​ទាំង​អស់​គ្នា ​ទាំង​សាធារណជន ​និង​គណបក្សនយោបាយ​ផ្សេងៗ​ទៀតមិនមែន​រឿង​របស់​បក្ស​ពីរ​ហ្នឹង​ទេ​ វាជា​រឿង​សង្គម​ទាំង​មូល»។​

​សម្ព័ន្ធ​ដដែល​ក៏​ទទូច​ចង់​ឲ្យ​គណបក្ស​ទាំងពីរធានា​ឲ្យ​បាន​គោលការណ៍​តម្លាភាព​ក្នុង​ការ​ជ្រើសតាំង​បេក្ខជន​សមាជិក​គជប​ដែល​អនុញ្ញាត​ឲ្យ​មហាជន​ ជាពិសេស​អ្នក​ពាក់​ព័ន្ធ​ការ​បោះឆ្នោត​អាច​ចូលរួម​ត្រួតពិនិត្យ​ និង​ផ្ដល់​មតិយោបល់​បាន។

​លោក​យ៉ែម ​បុញ្ញឫទ្ធិ ​តំណាង​រាស្ដ្រ​និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិថ្លែង​ថា​គណបក្ស​របស់​លោក​តែង​តែ​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ និងការ​សម្ដែង​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល។

«យើងស្វាគមន៍​ក៏ប៉ុន្តែ​គ្រាន់​តែ​ថា​ការ​ជជែក​ហ្នឹងមិនមែន​តែយើង​ជជែក។​យើង​មាន​ដៃ​គូ​ផ្សេង​ទៀត។​សង្គ្រោះជាតិ​ប្រកាន់​ជំហ​តម្លាភាព​ និង​ចង់​ឲ្យ​មាន​ការ​ចូលរួម»។

លោក​បន្ថែម​ថា​គណបក្ស​របស់​លោក​ធ្លាប់​បាន​ជជែកជាមួយ​សង្គម​ស៊ីវិលខ្លះ​មក​ហើយ​គ្រាន់​តែ​មិន​បាន​ឆ្លើយ​តប​ជា​លាយ​លក្ខ​អក្សរ​តែ​ប៉ុណ្ណោះ។​