ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​រិះគន់​ប្រធាន​សភា​​ថា​គាប​សង្កត់​បក្ស​ប្រឆាំង

  • គង់ សុឋានរិទ្ធ

លោក Azuma Koshiishi អនុប្រធាន​សភា​ជាន់​ខ្ពស់​របស់​ប្រទេស​ជប៉ុន ជួប​ពិភាក្សា​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤ ក្នុង​អំឡុង​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​មក​កាន់​ប្រទេស​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​រិះ​គន់​លោក​ហេង សំរិន ​ប្រធាន​រដ្ឋ​សភាថា​បាន​ចេញ​សារាចរណែ​នាំ​មួយ​ដែល​សំដៅ​ធ្វើ​ការ​គាប​សង្កត់​លើ​ឥទ្ធិ​ពល​របស់​គណបក្សជំទាស់​ក្នុង​រដ្ឋសភា​ហើយអង្គការ​ក្រៅរដ្ឋា​ភិបាល​ទាំង​នោះបាន​ទទូច​ឲ្យ​លុប​ចោល​សារាចរ​នេះវិញ។​

កាល​ពី​ថ្ងៃទី​១២​ខែ​កញ្ញា ​លោក​ហេង សំរិន ​ប្រធាន​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​នេះ​និងជា​ប្រធាន​កិត្តិ​យសគណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សារាចរមួយ​ស្តី​ពី​បែប​បទ​ការងារ​របស់​គណៈ​កម្មការ​នានា​របស់​រដ្ឋសភា។ ​សារាចរ​នេះ​បាន​ដាក់​កំហិត​ថា​គណៈ​កម្មការ​និមួយ​ៗ​អាច​ផ្តល់​ដំណឹង​ដល់​សាធារណជន​និង​សង្គម​ស៊ីវិល​អំពី​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុ​ងរបស់​ខ្លួន ប៉ុន្តែ​ពួក​គេ​អាច​ផ្តល់​យោបល់​ពី​ចម្ងាយ​ជា​លាយ​លក្ខ​អក្សរ​គឺ​មិន​អាច​ចូល​រួម​ក្នុ​ងកិច្ច​ប្រជុំ​នៃ​គណៈកម្មការ​នោះ​បាន​ទេ។

​បំរាម​នេះ​រាប់​បញ្ចូល​ទាំង​ការ​ចូល​រួមរបស់​សង្គម​ស៊ីវិល​និង​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នៃ​គណៈ​កម្មការ​របស់​រដ្ឋសភា​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ឬ​សេចក្តី​ស្នើ​ច្បាប់ ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​បំភ្លឺ​ជុំវិញ​ការ​អនុវត្ត​ច្បាប់​ដែល​ទាក់​ទង​នឹង​ការ​ត្រូវ​អញ្ជើញ​មន្ត្រីរ​ដ្ឋា​ភិបាល​ឬ​នាយក​រដ្ឋមន្ត្រី។

ដោយឡែក​រាល់​ការអញ្ជើញ​ភ្ញៀវ​ឬ​អ្នក​ជំនាញ​ដើម្បី​ឲ្យ​ចូល​ក្នុង​បរិវេណ​រដ្ឋសភា​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ប្រធាន​រដ្ឋសភា​ជាមុន។ ​ជាមួយ​គ្នា​នោះ​ដែរ​តំណាងរាស្ដ្រ​អាច​ចេញ​ទៅ​ជួប​ក្រុម​បាតុករ​ឬ​នាំ​ពួក​គេ​ឲ្យ​ចូល​ដាក់​ញត្តិ​នៅ​គណៈកម្មការ​ណា​មួយ​របស់​រដ្ឋសភា​បាន​មិន​លើស​ពី​ចំនួន​ប្រាំ​នាក់។ ​ប៉ុន្តែ​តំណាង​រាស្ដ្រ​មិន​ត្រូវ​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុ​ងគណៈ​កម្មការ​រដ្ឋសភា​ទេ។

​វិធានការ​ខាង​លើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​រាស្ដ្រ​ខាង​គណបក្ស​ជំទាស់បាន​ព្យាយាម​បើក​កិច្ច​ពិភាក្សា​មួយ​ចំនួន​ជាមួយមជ្ឈដ្ឋាន​សង្គម​ស៊ីវិល​និង​ក្រុម​ប្រជា​ពលរដ្ឋ។

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ខ្លួននៅ​ក្នុ​ង​សន្និសីទ​កាសែត​មួយ​ក្នុ​ងទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​អង្គការ​និង​សមាគម​សរុប​ចំនួន​១៣​បាន​ហៅសារាចរ​នេះ​ថា​ផ្ទុយ​ពី​ក្របខណ្ឌ​ច្បាប់​ មិនមាន​តម្លា​ភាព​និង​ផ្ទុយ​ពី​ទស្សនៈ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។​
លោកគល់​ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅ​ថា​ខុមហ្វ្រែល​បាន​អធិ​ប្បាយនៅ​ក្នុង​សន្និសីទ​កាសែត​នេះ​ថា​សារាចរមាន​គោល​ដៅ​ដាក់​សម្ពាធ​លើ​គណៈ​កម្មការ​ដែល​ដឹក​នាំ​ដោយ​ក្រុម​តំណាង​រាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​សំឡេង​គណបក្ស​ជំទាស់​នៅ​ក្នុ​ងរដ្ឋ​សភា។

«សារាចរ​នេះ​មាន​ចេតនា​ដក​សិទ្ធិ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ​រារាំង​មិន​ឲ្យ​សង្គម​ស៊ីវិល ​អ្នក​សារព័ត៌មាន​ចូល​ទៅ​អង្កេត​កិច្ច​ប្រជុំ​ដេញ​ដោល​រវាង​មន្ត្រី​រដ្ឋា​ភិបាល​និង​មន្ត្រី​គណៈ​កម្មការ​ជំនាញ។​ជា​ពិសេស​គណៈ​កម្មការ​ជំនាញ​នានា​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​ការ​កោះ​ហៅ​សង្គម​ស៊ីវិល ​រដ្ឋា​ភិបាល​ឬអ្នក​ឯកទេស​នានា​ចូល​ទៅ​ដេញ​ដោល​ឬ​សួរ​នាំ»។

​ក្រោយ​ពីទទួល​បាន​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​ទី​២២​ខែ​កក្កដារវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ទាំង​ពីរ​បាន​ចូល​អង្គុយ​ក្នុ​ងរដ្ឋ​សភា​ជាមួយ​គ្នាបន្ទាប់​ពី​ស្ថិត​ក្នុង​ភាព​ប្រឈមក្រោយ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​អស់​រយៈ​ពេល​មួយ​ឆ្នាំ។​

​តំណាង​រាស្ដ្រ​របស់គណ​បក្ស​ជំទាស់​ដែល​បាន​កាន់​កាប់​គណៈ​កម្មការចំនួន​ប្រាំ​ក្នុង​ចំណោម​គណៈ​កម្មការ​សរុប​ចំនួន​ដប់​បាន​ចាប់​ផ្តើម​អញ្ជើញជន​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី ​តំណាង​រដ្ឋា​ភិបាល សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ផ្នែក​សិក្សា​ធិការ​ដើម្បី​មក​ពិភាក្សានិង​ពិគ្រោះ​យោបល់​នៅ​ក្នុងមន្ទីរ​រដ្ឋ​សភា។ ​ក៏​ប៉ុន្តែ​ក្រោយ​មក​ប្រធាន​រដ្ឋ​សភា​លោក​ហេង សំរិន ​បាន​ចេញ​សារាចរដែលមិន​ធ្លាប់​មាន​ដោយ​រឹត​បន្តឹង​លើ​បែប​បទ​នានា​របស់​គណៈ​កម្មការ​សភា​ទាក់​ទង​ទៅ​នឹង​មជ្ឈដ្ឋានខាង​ក្រៅ។

​លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកលើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ដែរ​ថា​លោក​ហេង​ សំរិន​ បាន​រំលោភ​លើវិធាន​របស់​រដ្ឋ​ធម្មនុញ្ញ។

«នេះ​បើ​យើង​និយាយ​អំពី​តួនាទី​និង​ភារកិច្ច​របស់ប្រធានរដ្ឋ​សភា​ក្នុង​ការ​ចាត់ចែង​ការងាររដ្ឋ​សភា​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។​ហើយ​បើសិន​ជា​ប្រធាន​រដ្ឋសភា​មួយ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ហើយ​ខ្ញុំ​គិតថា​ប្រហែល​ជា​អង្គការ​នីតិបញ្ញត្តិ​នេះ​មិន​អាច​ក្លាយ​ជា​អង្គការ​នីតិបញ្ញត្តិ​ដែល​ឈរ​លើ​មូលដ្ឋាន​លទ្ធិ​ប្រជាធិបតេយ្យក្នុង​ការត្រួត​ពិនិត្យ​អង្គការ​នីតិប្រតិបត្តិ​បាន​ទេ»។

ដោយឡែក​លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រក​ឃើញ​ថា​សារាចរ​របស់​លោក​ហេង សំរិន ​បាន​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​កក្កដា​ដើម្បី​ធានា​ដល់​ស្ថាប័ន​សភា​មួយ​មាន​ប្រជាធិបតេយ្យ​និង​ត្រូវ​កែ​ប្រែបទ​បញ្ជា​ផ្ទៃ​ក្នុង។

«បើ​សិន​យើង​មើល​ខ្លឹម​សារ​នេះ​សូម្បី​តែ​ភ្ញៀវ​ចូល​សភា​ក៏​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ប្រធាន​សភា​ដែរ។​ដូច្នេះតើ​ប្រធាន​សភា​មាន​ពេល​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​ដើម្បី​ធ្វើ​ការងារ»។

ទោះជា​មាន​ការិះ​គន់​បែប​នេះ ​ក្តី​លោកឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេសនិង​ជា​អ្នក​នាំ​ពាក្យរដ្ឋ​សភា​ខាងគណ​បក្ស​ប្រជាជន​កម្ពុជា​បក​ស្រាយ​ថា​លោកហេង សំរិន ​មាន​តួនាទីចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​និង​បទ​បញ្ជា​ផ្ទៃ​ក្នុង។

​លោក​ឈាង វុន ​បាន​ព្រមាន​ថា​សង្គម​ស៊ីវិល​គួរតែ​ធ្វើ​កិច្ច​ការ​ត្រឹម​តួនាទី​របស់​ផង​ខ្លួន​ហើយ​មិន​ត្រូវ​លូក​លាន់​ក្នុង​កិច្ច​ការ​នយោបាយ​ឡើយ។

«អ្វីដែល​លោក​ធ្វើ​នេះ​មិន​ខុស​ច្បាប់ទេ។​លោកជា​តំណាង​របស់​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ជូន​ ហើយ​លោក​ជា​ប្រធាន​សភា។ ទី២​លោក​ធ្វើតាម​រដ្ឋ​ធម្មនុញ្ញ ​តាម​បទបញ្ជា​ផ្ទៃ​ក្នុ​ងដែលបញ្ជាក់​ពី​តួ​នាទី​របស់​លោក​ជាប្រធាន​សភា​លោក​ត្រូវ​ធ្វើ​អី​ខ្លះ។ ​បើ​លោក​ធ្វើ​តាម​ពីរ​នេះ​ហើយ ​លោក​ធ្វើ​តាម​ច្បាប់​គឺ ​អត់មាន​កំហុស​ទេ។ អ្នក​ដែល​អត់​ទទួល​បាន​អណត្តិ​ពី​ប្រជាពលរដ្ឋ​សូម​ឲ្យ​គាត់​ទទួល​ស្គាល់​តួនាទី​របស់​គាត់ត្រឹម​ប៉ុណ្ណា។ កុំ​ឲ្យ​លូក​ដៃ​រហូត​ដល់​ល្អក់​កករនយោបាយ​របស់​ជាតិ​ដែល​គេ​កំពុង​ធ្វើ​ការ​ល្អូកល្អឺន​ជាមួយ​គ្នា»។​

ថ្វី​បើដូច្នេះ​ក្តី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​រដ្ឋ​សភាយក​ចិត្ត​ទុកដាក់​លើ​គោលការណ៍​តម្លា​ភាព​និង​ប្រជាធិបតេយ្យដោយ​អនុវត្តន៍​តាម​កិច្ច​ព្រម​ព្រៀង​នៃ​គណបក្ស​ទាំង​ពីរគឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG