​ទិន្នន័យ​ពី​គ.ជ.ប.​បង្ហាញ​​វត្តមាន​តិច​តួច​របស់​បេក្ខជន​ជា​ស្ត្រី​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ

យុទ្ធនាការ​ឃោសនា​របស់​មន្ត្រី​ និង​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឯ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ស៊ុន ណារិន/VOA)

បេក្ខជន​ជា​ស្ត្រី​ឈរ​ឈ្មោះ​ឲ្យ​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ជ្រើស​រើស​ធ្វើ​ជា​តំណាង​ នៅ​មាន​ចំនួន​តិចតួច​ដដែល​ធៀប​នឹង​ការបោះឆ្នោត​អាណត្តិ​មុន។​ មន្ត្រី​សង្គម​ស៊ីវិល​​​លើកស្ទួយ​សិទ្ធិស្ត្រី​ក្នុង​វិស័យ​នយោបាយ​ អះអាង​ថា​ គណបក្ស​នយោបាយ​នីមួយៗ​​នៅមិន​ទាន់​មានការ​ប្តេជ្ញាចិត្ត​ខាង​ឆន្ទៈ​នយោបាយ​ពេញលេញ​ ដើម្បីដាក់​ស្រ្តី​ឲ្យ​ឈរ​ក្នុង​លេខ​រៀងកំពូល​ទេ។

ចំនួន​បេក្ខនារី​សម្រាប់ការ​បោះឆ្នោត​សភា​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​នៅ​បន្ត​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ​នៅគ្រា​មាន​គណបក្ស​នយោបាយ​ដល់​ទៅ​២០​បាន​ចុះ​ឈ្មោះ​រួចរាល់​ជាមួយ​ស្ថាប័ន​បោះឆ្នោត​ជាតិ​ ដើម្បីប្រកួត​ប្រជែង​ក្នុងការបោះ​ឆ្នោត​ ​និង​ក្នុង​ពេល​គ្មាន​វត្តមាន​របស់​គណបក្សសង្គ្រោះ​ជាតិដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ។​ នេះ​បើ​យោង​តាម​ការ​ប្រកាសរបស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.​)​អំពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និង​បេក្ខជន​ដែល​បាន​ចេញផ្សាយ​កាល​ពី​សប្តាហ៍​មុន។​

តារាង​លទ្ធផល​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និង​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ​ចេញផ្សាយ​កាល​ពីថ្ងៃ​ទី​៣១​ ខែ​ឧសភា​ បាន​ឲ្យ​ដឹង​ថា​ គណ​បក្ស​ដែល​គេ​ស្គាល់​ច្រើន​ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ គណ​បក្ស​ហ៊្វុន​ស៊ីនប៉ិច​របស់​ព្រះ​អង្គ​មា្ចស់​នរោត្តម​រណ​ឫទ្ធិ​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ហើយ​និង​គណបក្ស​តូចៗ​កើត​ថ្មី​ ដូចជា​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ គណបក្ស​យុវជន​កម្ពុជា​ គណ​បក្ស​ខ្មែររួបរួម​ជាតិ​ ​បានដាក់​បេក្ខជន​ពេញ​សិទ្ធិ ​និង​បម្រុង​ជាស្ត្រីក្នុង​ចំនួន​តិចតួច។​

តែ​មាន​គណបក្ស​បួនដែល​បាន​ដាក់​បេក្ខជន​ជាស្រ្តី​ទាំង​ពេញ​សិទ្ធិ​ និង​បម្រុង​ច្រើន​ជាង​គេ​ គឺ​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ​របស់​លោក​ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ​ ដែល​មាន​បេក្ខនារី​ចំនួន​១៥៥​នាក់​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​២៦៦​នាក់​ គណបក្ស​ធម្មាធិបតេយ្យ​មាន​បេក្ខនារី​ចំនួន​៩៨​នាក់​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​១៦៨​នាក់​ គណបក្ស​ខ្មែរឈប់​ក្រ​មាន​បេក្ខនារី​ចំនួន​១០០​នាក់​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​២៦៦​នាក់​ និង​គណ​បក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក​គង់ មុនីកា​ កូនប្រុស​ពៅ​របស់លោក​គង់ គាំ​ មាន​បេក្ខនារី​ចំនួន​១០៧នាក់ ក្នុង​ចំណោម​បេក្ខ​ជន​សរុប​ចំនួន​២៦៦​នាក់។​

កញ្ញា​សេង រាសី​ ​អ្នក​សម្រប​សម្រួល​កម្មវិធី​សមភាព​យ៉េន​ឌ័រ​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលកា​ ប្រាប់ ​VOA ​កាល​ពីថ្ងៃ​អាទិត្យ​ថា​ ការ​បង្កើនចំនួន​ស្ត្រី​ជា​បេក្ខនារីក្នុង​លេខ​រៀង​កំពូល​របស់​គណបក្ស​ធំៗ​ដែល​មាន​សក្តានុពល ដើម្បី​អនុញ្ញាត​ឲ្យ​ស្ត្រី​បានរួម​ចំណែក​ក្នុងការ​ធ្វើ​នយោបាយ​ នៅតែ​ជា​ដំណើរ​យឺតយ៉ាវ​មួយ​ដដែល។​ កញ្ញា​ថ្លែង​ថា​ ការណ៍​នេះ​មក​ពីកង្វះ​នៃ​ការ​ប្រើប្រាស់​ឆន្ទៈ​នយោបាយ​ពេញ​លេញ​របស់​គណបក្ស​នីមួយៗ។​

«យើង​ដឹង​ហើយ ​នៅក្នុង​ប្រទេស​យើង​ ការ​ដាក់​បេក្ខជន​ ឬមួយ​ក៏​ការ​ឈរ​ឈ្មោះ​ ឲ្យ​គេ​បោះឆ្នោត​ហ្នឹង​គឺ​ត្រូវធ្វើ​តាម​រយៈ​គណបក្ស​ ដូច្នេះ​ទាមទារ​ឲ្យ​គណបក្ស​មួយៗ​ហ្នឹងត្រូវ​មាន​ឆន្ទៈ​ខ្លាំង​ក្លា​មែន​ទែន​ ហើយ​និង​ការ​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​អំពី​មូលហេតុ​ដែលត្រូវ​មាន​ស្ត្រី​ចូលរួម​ ហើយ​អត្ថ​ប្រយោជន៍​អី ​នៅ​ពេល​ដែល​មាន​ស្ត្រី​ចូល​រួម​នៅ​ក្នុង​ភាព​ស្មើគ្នា​នៅ​ក្នុង​គណបក្ស​របស់​ខ្លួន។​ អីចឹង​ទាមទារ​ឲ្យ​គណបក្ស​ហ្នឹង​ត្រូវ​មាន​គោល​នយោបាយ​សមភាព​យេនឌ័រឲ្យពិត​ប្រាកដ​នៅខាង​ក្នុង​គណបក្ស​ដែល​អាច​ឈាន​ទៅ​រក​ការ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ មិន​មែន​គ្រាន់​តែ​ជា​ការ​និយាយ​តែមាត់​ ប៉ុន្តែ​អត់មាន​សកម្មភាព​ជាក់​ស្តែង។ ​ដូច្នេះ​ត្រឡប់​មក​វិញ​ ​យើងមើល​ឃើញ​ថា​ បញ្ហា​ហ្នឹង​នៅតែ​ជា​បញ្ហា​ប្រឈម​ ជាពិសេស​គណបក្ស​នយោបាយ​ដែល​មាន​សក្តានុពល​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ហ្នឹង»។​

សកម្មជន​ដែល​ធ្វើការ​លើក​កម្ពស់​ស្រ្តី​ចូលរួម​ឆាក​នយោបាយ​រូប​នេះ​ មាន​ប្រសាសន៍​បន្ថែម​ថា​ គណបក្ស​ធំៗ​មួយ​ចំនួន​ នៅ​បន្ត​ផ្តល់​ហេតុផល​ថា​ ខ្លួន​គ្មាន​លទ្ធភាព​រក​បេក្ខនារីដែល​មាន​សមត្ថ​ភាព​យក​មក​ឈរ​ឈ្មោះ​ ដែល​ផ្ទុយ​ពី​គណបក្ស​នយោបាយ​ខ្លះ​ ដែល​មាន​លទ្ធភាព​ដាក់​បញ្ចូល​បេក្ខនារីចំនួន​ដ៏​ច្រើន​នោះ។

«ពេល​ដែល​យើង​បាន​ធ្វើការ​ពិភាក្សា ឬមួយ​ធ្វើ​ការ​ជជែក​វែក​ញែក​ជាមួយ​គណបក្ស​ធំៗ​ [មួយ​ចំនួន]​ អ្វី​ដែល​យើង​ទទួល​បានគឺ​គាត់​ថា​ ពិបាក​រក​ស្ត្រី​ ក្នុង​ការ​ដាក់​នៅ​ក្នុង​កន្លែង​ណា​មួយ។ ​ក៏​ប៉ុន្តែ​ យើង​ឆ្លុះ​ទៅមើល​គណបក្ស​ផ្សេង​ទៀត​ ហេតុ​អី​បាន​គាត់​អាច​រក​បាន?​ អី​ចឹងទៅ​ សរុប​ត្រឡប់​មក​វិញ​ យើង​មើល​ឃើញ​ថា​ ការណ៍​ដែល​នៅ​និយាយ​ថា​ ​មិនអាច​រកស្ត្រី​បាន​ ឬមួយ​ក៏​ការណ៍​នៅតែ​លើក​ឡើង​ថា​ ស្ត្រី​មិន​មាន​សមត្ថ​ភាព​ហ្នឹង​ វា​នៅ​តែ​ជា​សារ​ដដែលៗ។​ ប្រសិន​បើ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ហើយ​ ប្រាំឆ្នាំ​ទៀត​ យើង​មិន​ប្រឹង​ប្រែង​បណ្តុះ​ស្រ្តី​ យើង​មិន​ប្រឹង​ប្រែង​បន្ត​ពង្រឹង​សមត្ថ​ភាព​គាត់​ ហើយ​យើង​នៅតែ​និយាយ​ដដែលៗ​ថា ​គាត់​អត់​មាន​សមត្ថ​ភាព​ហ្នឹង ​ខ្ញុំ​គិត​ថា​ រឿង​ហ្នឹង​ស្តាប់​មើល​ទៅ អាច​ក្លាយ​ទៅជា​លេស។​ ​វា​ក្លាយ​ទៅ​ជា​មិនមែន​ជា​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ជំរុញ»។​

មាន​គណបក្ស​នយោបាយ​ចំនួន​២០​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​គ.ជ.ប. កាលពី​ពេល​កន្លង​មក។​ នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិមុន​ គឺ​នៅ​ឆ្នាំ​២០១៣​ ​មាន​គណបក្ស​តែប្រាំបីប៉ុណ្ណោះ​បាន​ចូលរួម​ការ​ប្រកួត​ប្រជែង។​

យោង​តាម​តារាង​លទ្ធផល​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ និង​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​ឆ្នាំ​២០១៨​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​បាន​ដាក់​បេក្ខនារី​ពេញ​សិទ្ធិ​ និង​បម្រុង​ចំនួន​៤៧​នាក់​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​២៧១​នាក់​ គណ​បក្ស​ហ៊្វុនស៊ីនប៉ិចរបស់​ព្រះ​អង្គ​ម្ចាស់​នរោត្តមរណ ឫទ្ធិ​បាន​ដាក់​បេក្ខនារី​ពេញ​សិទ្ធិ​ និង​បម្រុង​ចំនួន​២៣​នាក់​ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​២៦៦​នាក់​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យរបស់​លោក​ខឹម វាសនា​បាន​ដាក់​បេក្ខនារី​ពេញ​សិទ្ធិ​ ​និង​បម្រុង​ចំនួន​២៤​នាក់​ក្នុង​ចំណោមបេក្ខ​ជន​សរុប​ចំនួន​២៦៨​នាក់។​

ចំណែក​គណបក្ស​កើតថ្មី​មួយ​ចំនួន​ រួមមាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​របស់​ក្រុម​បញ្ញា​វន្ត​មួយ​ក្រុម មាន​បេក្ខនារី​ពេញ​សិទ្ធិ​ ​និង​បម្រុង​ចំនួន​៤៧​នាក់​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​២៧៥​នាក់​ គណបក្ស​យុវជន​កម្ពុជា​របស់លោក​ពេជ្រ ស្រស់​ ដែល​បានរួម​ចំណែក​ប្តឹង​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ​បាន​ដាក់​បេក្ខនារី​ពេញ​សិទ្ធិ ​និង​បម្រុង​ចំនួន​៦៨​នាក់​ក្នុង​ចំណោម​បេក្ខ​ជន​សរុប​ចំនួន​ ២៣៤​នាក់ ​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បង្កើត​ដោយ​អតីត​មេទ័ព​របស់​ព្រះអង្គ​ម្ចាស់​នរោត្តមរណឫទ្ធិ​គឺ​លោក​ញឹក ប៊ុនឆៃ​បាន​ដាក់​បេក្ខនារី​ពេញ​សិទ្ធិ​ និង​បម្រុងចំនួន​៣៧​នាក់​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​២៦៦​នាក់។​

លោក​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ មាន​ប្រសាសន៍​ប្រាប់​ VOA ​កាលពីថ្ងៃ​អាទិត្យ​ថា​ ការ​ជ្រើសរើស​បេក្ខនារីគឺធ្វើ​ទៅ​តាម​ការ​សម្រេចចិត្ត​របស់​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​មូលដ្ឋាន។ ​លោក​ថា​ គណបក្ស​កាន់​អំណាច​គិតគូរ​ពី​គុណភាព​ជា​ជាង​បរិមាណក្នុងការ​ដាក់បេក្ខនារី​ឲ្យ​ឈរ​ឈ្មោះ​នៅ​តាម​មណ្ឌល​នីមួយៗ។​

«យើង​លើក​កម្ពស់​ស្ត្រី​ដើម្បី​ឲ្យ​មាន​សកម្មភាព​នយោបាយ​នៅ​ក្នុង​សង្គម​ក៏​ពិត​មែន​ ក៏ប៉ុន្តែ​យើង​ក៏ត្រូវ​គិត​អំពី​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​គួបផ្សំ​ដែរ​បាទ ពីព្រោះ​បើសិន​ណា​យក​បងប្អូន​មក​ធ្វើ​ជា​ក្រុម​ប្រឹក្សា​ឃុំ​ មេឃុំ​ ជំទប់​ឬ​មួយ​ក៏​ មន្ត្រី​នានា​នៅ​តាម​ក្រសួង​ បើ​យើង​មិន​គិត​អំពី​សមត្ថ​ភាព​ គុណភាព​ទេ​ អា​ហ្នឹង​គ្រាន់​តែយក​មាន​តែ​ចំនួន​ ក៏ប៉ុន្តែ​វាអត់​មាន​អត្ថន័យ​អី​ជ្រៅជ្រះ​ទេ​បាទ​ គឺ​យក​មក​ដើម្បី​ឲ្យ​ធ្វើការ​មាន​ប្រ​សិទ្ធ​ភាព​ ប្រសិទ្ធផល​ជូន​ដល់​ប្រទេស​ជាតិ​ និង​ប្រជាជន​ដែរបាទ»។​

លោក​កន សាវាង្ស​ ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel)​ យល់​ថា​ ស្ត្រីនៅ​តែ​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យឈរ​ឈ្មោះ​ក្នុង​លេខ​រៀងល្អ​ ដែល​អាច​បើក​ផ្លូវ​ឲ្យពួកគេ​មាន​លទ្ធភាព​ជាប់​ឆ្នោត។ ​លោក​បាន​ថ្លែង​បន្ត​ថា គណបក្ស​នយោបាយ​តែងតែ​យក​រឿង​សមត្ថ​ភាព​មក​ធ្វើ​ជា​លេស។​

«កន្លង​មក ​បញ្ហា​ភាគ​ច្រើន​គណបក្ស​នយោបាយ​តែងតែ​លើក​ឡើង​អំពី​សមត្ថ​ភាព​របស់​ស្ត្រី​ ក៏​ប៉ុន្តែ​បើ​តាម​យើង​មើល​ មិនមែន​មក​ពី​រឿង​សមត្ថភាព​ទេ​ គឺ​ជា​ឱកាស​វិញ​ទេ​ បាទ​ ឱកាស​នៅក្នុង​ដាក់​ណ៎ា។​ បើសិន​ជាស្ត្រី​នេះ​ត្រូវ​បាន​ឱកាស​ នៅ​ក្នុង​លេខ​ណាមួយ​ ដែល​ធ្វើ​ឲ្យ​លេខ​ហ្នឹង​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​នូវ​ តួនាទី​ តំណែង​ ធ្វើ​ជា​តំណាង​រាស្ត្រ​អី​ មាន​ន័យ​ថា​ លោក​ឲ្យ​បាន​ហើយ​ ជាពិសេសឧបមា​ថា​ ស្ត្រី​ដាក់​ឱកាស​ដែល​ទុក​ឲ្យ ​ឧបមា​ថា​ ដូចៗ​ យើង​ត្រូវ​រើស​អង្គការ​អីចឹង។​ កាលណា​ ឧបមាថា​ តួនាទី​ ភារកិច្ចចំណេះ​ដឹង​ ប្រហាក់ប្រហែល​គ្នា​ គឺ​យើង​អាច​អាទិភាព​ជា​ស្ត្រី​អីចឹង​ណ៎ា! ​ហ្នឹង​វាបាន​ហើយ។​ ប៉ុន្តែ​មែនទែន​ទៅ​ ​ បញ្ហា​ភាគច្រើន​លើក​ឡើង​ថា​ ស្ត្រី​ហ្នឹង​គឺ​មិន​សូវ​មាន​ចំណេះ​ដឹង​ ហើយ​ជា​រឿង​ទន់​ខ្សោយ។ ​នេះ​ហើយ​ជា​ចំណុច​មួយ​ដែល​មាន​គណបក្ស​ខ្លះ​ លោក​អត់​អាច​ជ្រើស​រើស​ស្ត្រី​ហ្នឹង​ដាក់​ជា​លេខ​រៀង​ល្អ​អី​ ​ឬ​ក៏​លេខ​រៀង​ទីមួយ​ ទីពីរ​អី​ហឹ្នង​ គឺ​ថា​ បញ្ហា​រឿងអស់​ហ្នឹង​ បាទ»។​

នៅមុន​ការ​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពង្រឹង​សិទ្ធិ​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​ បាន​រក​ឃើញថា​ គណបក្ស​ធំៗ​ពីរ​ដែល​មាន​ប្រជាប្រិយភាព​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពេលនេះ​ត្រូវបាន​គេរំលាយចោលនោះ​ បាន​បង្កើន​បេក្ខនារី​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ តែ​ចំនួន​នេះ​គឺ​នៅ​ទាប​ជាង​ចំនួន​បេក្ខនារី​ដែល​សម្រេច​ដាក់​ឲ្យ​ឈរ​ឈ្មោះ​ពី​គណបក្ស​តូចៗ​១០​ផ្សេង​ទៀត។​

ពួកគេ​និយាយ​ថា​ គណបក្ស​ធំៗ​ពីរ​ដែល​មាន​មួយ​ត្រូវ​បាន​រំលាយចោល​រួចទៅ​ហើយ​នោះ​ ទំនង​ជា​បារម្ភ​ថា​ ខ្លួន​នឹង​ចាញ់​ការ​បោះឆ្នោត​បើដាក់​ស្ត្រី​ច្រើន​ឲ្យ​ឈរ​ឈ្មោះ។ តែ​ពួកគេអះអាងថា​ ការ​បារម្ភ​បែប​នេះ​អាច​ជា​ការ​យល់ខុស​ដោយ​សារ​តាម​ការ​ស្ទាប​ស្ទង់​មតិ​ យុវជន​ភាគច្រើន​ដែល​ជា​ម្ចាស់​ឆ្នោត​ ពេញចិត្ត​បេក្ខនារី​ជាង​បុរស។​

កញ្ញា​សេង រាសី​ ​អ្នក​សម្រប​សម្រួល​កម្មវិធី​សមភាព​យ៉េន​ឌ័រ​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលកា​ ​បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា​ កម្ពុជា​មុខ​ជា​នឹង​មិន​អាច​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ​(Sustainable Development Goals) ​បាន​ទេ។ ​គោល​ដៅនេះ​ជារបស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​កំណត់​ថា​ ស្ត្រី​ត្រូវ​ចូល​រួម​ឲ្យ​បាន​៥០​ភាគរយ​នៃ​ការ​ដឹកនាំ​ក្នុងកិច្ចការ​នយោបាយ​ នៅ​ឆ្នាំ​២០៣០។ ​កញ្ញាបន្ថែម​ថា​ កម្ពុជា​គួរ​សង្កេត​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​គេ​បាន​ធ្វើការ​កែប្រែ​ច្បាប់​មួយ​ចំនួន​ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​នយោ​បាយ​ឲ្យ​បង្កើន​ចំ​នួន​ស្ត្រី​ក្នុង​ការ​ចូលរួម​វិស័យ​នយោបាយ​ ហើយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ទៀត​សោត​ក៏គួរ​គិត​ពីការ​ដាក់​កំហិត​លើ​គណបក្ស​នយោបាយ​ឲ្យ​បង្កើន​ចំនួន​បេក្ខនារី​ផង​ដែរ។​

«ការ​សម្រេច​ឲ្យ​បាន​គោល​ដៅ​ហ្នឹង​ ក៏នៅតែ​មិនអាច​ទៅ​រួច​ដែរ​ ពីព្រោះអី​ឆ្នាំ​២០៣០​នេះ​ សង្ឃឹម​ថា​ នឹង​ទទួល​បាន​៥០/៥០​ ហើយ​យើង​មើល​ថា​ ពី​ឥឡូវទៅ​ដល់​ឆ្នាំ​២០៣០​ យើង​មានការ​បោះឆ្នោត​ប៉ុន្មាន​ដង​ទៀត។​ បើសិន​អត់​មាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ក្នុង​ការ​ដាក់​សម្ពាធ​ទៅដល់​គណបក្ស​នយោបាយ​ ហើយ​គ.ជ.ប.ទៀត​សោត ពីព្រោះ​អី?​ យោងតាម​មេរៀន​ដែល​យើង​សិក្សា​បាន​ពី​ប្រទេស​ផ្សេងៗ​ហ្នឹង​ អ្វីដែល​គេ​ធ្វើ​ ​គេ​កែប្រែ​នៅ​ក្នុង​ច្បាប់​ផង​ ហើយ​ម្យ៉ាង​ទៀត​សមាជិក​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​របស់​គេ​ហ្នឹង​មានការ​ដាក់​បន្ទុក​ទៅ​ដល់​គណបក្ស​នយោបាយ​ថា​ បើសិន​អ្នក​ឯង​មិនមាន​ចំនួន​ស្ត្រី​នៅក្នុង​លេខ​រៀង​ដែល​ជាប់​ហ្នឹង​ ​ឧទាហរណ៍​ចំនួន​៣០​ភាគរ​យ​ ឬ​ក៏​៥០​ភាគ​រយ​ទេ​ អ្នក​ឯង​អត់​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ទេ»។​

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប.​ ប្រាប់​ VOA ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ គ.ជ.ប. ចង់​ឃើញ​មាន​ចំនួន​ស្ត្រី​ច្រើន​ឈរ​ជា​បេក្ខនារី​ តែ​ការណ៍​នេះវា​អាស្រ័​យលើ​គណបក្ស​នយោបាយ​នីមួយៗ​ ហើយ​ស្ត្រី​ខ្លួន​ឯង​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​ខ្លួន​ដើម្បី​ទាញ​ការ​គាំទ្រ​ពី​គណបក្ស​នីមួយៗ​នោះ ​ឲ្យ​ឈរ​ជា​បេក្ខ​ជន​ក្នុង​លំដាប់​ដែល​មាន​សក្តានុពល។ ​លោក​បាន​បន្ត​ថា គ.ជ.ប. មិន​អាច​ធ្វើអ្វីរំលង​ច្បាប់​បាននោះ​ឡើយ។​

«ជា​រឿង​បញ្ហា​ផ្លូវ​ច្បាប់​ដែល​គ.ជ.ប. មិន​អាច​លូកលាន់​បាន។ ​ហើយ​ខ្ញុំ​សុំ​ឲ្យ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ហ្នឹង​ លើក​ឡើង​មក​ថា​ ច្បាប់​នៃ​ប្រទេស​ណា​ ដែល​លើក​ឡើង​យ៉ាង​ហ្នឹង​ បាទ»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩ ​ខែ​កក្កដា​ ឆ្នាំ​២០១៨។​ ការ​បោះឆ្នោត​នៅ​គ្រា​នេះមាន​ភាព​ចម្រូង​ចម្រាស​ ដោយ​ហេតុ​តែ​គណបក្ស​ប្រឆាំង​គឺ​គណបក្សសង្គ្រោះជាតិ​ត្រូវបាន​គេផាត់​ចេញ​ពីបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គ.ជ.ប.។ ​ក្រុម​មេ​ដឹកនាំ ​និង​មន្ត្រី​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយនេះ ​កំពុង​ធ្វើ​យុទ្ធការ​តាម​ប្រព័ន្ធ​អីនធើណិត​ ដោយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​ ប្រសិនបើ​ពួក​គេ​មិន​ចង់​គាំទ្រ​ឲ្យមានការ​បន្ត​របប​ផ្តាច់ការ​ក្នុង​ប្រទេស។ ​ក៏​ប៉ុន្តែ​ស្ថាប័ន​បោះឆ្នោត​ជាតិ​ បាន​បញ្ជាក់​កាលពី​ពេល​កន្លង​មក​ថា ខ្លួន​កំពុង​សិក្សា​លើ​នីតិវិធី​ដើម្បី​បញ្ចប់​ការ​អំពាវនាវ​បែប​នេះ។ ​តែ​មេធាវីមួយ​ចំនួន​និយាយថា​ ពលរដ្ឋ​មាន​សិទ្ធិ​ទៅ ​ឬ​មិន​ទៅ​បោះឆ្នោត​ ហើយ​ក៏​គ្មាន​ច្បាប់​ណា​សម្រាប់​ដាក់​ពិន័យ​លើពលរដ្ឋ​ដែរ​ ប្រសិន​បើ​ពួក​គេ​មិន​ទៅ​បោះឆ្នោត​នោះ៕​