ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​បង្ហាញ​ផែនការ​នៃ​ដំណើរការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​

រូបឯកសារ៖ បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/វីអូអេ)

ភ្នំពេញ — គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បាន​ប្រកាស​ពី​របៀប​របប​នៃ​ការ​ចុះ​ឃោសនា​នយោបាយ​ស្វែងរក​សំឡេង​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ សម្រាប់​គណបក្ស​នយោបាយ​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃទី ៥ ​ខែ​មិថុនាខាង​មុខ​នេះ។

ក្នុង​សេចក្តី​ណែនាំ​មួយ​ចុះហត្ថលេខា​ដោយ​ប្រធាន​ គ.ជ.ប​ លោក ប្រាជ្ញ ចន្ទ​ កាលពីថ្ងៃ​ទី​ ១៣ ខែ​ឧសភា​នេះ​ គណបក្ស​នយោបាយ​នីមួយៗ​ នឹង​ត្រូវ​អនុវត្ត​តាម​ការ​ចង្អុល​បង្ហាញ​របស់​ គ.ជ.ប​ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដើម្បី​ធានា​ថា​ ដំណើរការ​ឃោសនា​នឹង​ធ្វើ​ឡើង​ដោយ​សុវតិ្ថភាព​ និង​មានសណ្តាប់ធ្នាប់​ល្អ​ នៅ​តាម​ទីតាំង​សាធារណៈ​ ឬ​នៅ​ក្នុង​ និង​ក្រៅ​បរិវេណ​ផ្សារ។

បើ​តាម​សេចក្តី​ណែនាំ​របស់​ គ.ជ.ប ​ការ​ហែ​ក្បួន​ព្យុហយាត្រា​ ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង​ ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​ ត្រូវ​បាន​កំណត់​ជាទម្រង់​ និង​ទំហំ​ចម្បង​មួយ​ចំនួន​ រួមមាន​ ការ​រៀប​ជា​ក្បួន​មាន​បិទ​បដា ពាក្យ​ស្លោក​ សារ​នយោបាយ​ផ្សេងៗ​ ភ្ជាប់​នឹង​រថយន្ត ទោចក្រយានយន្ត​ ឬ​និង​ត្រីចក្រយានយន្ត និង​មាន​ការ​ចាក់​ផ្សាយ​ដោយ​ឧបករណ៍​បំពង​សំឡេង និង​ការ​កំណត់​ចំនួន​មនុស្ស​ទៅតាម​ប្រភេទ​នៃ​មធ្យោបាយ​ប្រើប្រាស់​ក្នុងការ​ឃោសនា តួយ៉ាង ​គណបក្ស​នយោបាយ​អាច​ប្រើ​ប្រាស់​ទោចក្រយានយន្ត​ ឬ/និង​ត្រីចក្រយានយន្ត​ចាប់​ពី​២០​គ្រឿង​ និង​ជលយាន​ ឬ​យាន​ជំនិះ​ខាង​ផ្លូវ​ទឹក​គ្រប់​ប្រភេទ​ចាប់​ពី​៥គ្រឿង​ឡើង​ទៅ។

ចំពោះ​ចំនួន​លើក​នៃ​ការ​ចុះ​ឃោសនា​បោះឆ្នោត​ គ.ជ.ប​ បាន​កំណត់​ថា៖ «ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ធ្វើ​បានយ៉ាង​ច្រើន​ពីរ​ដង​នៅ​ក្នុង​ឃុំ​សង្កាត់​ ដែល​គណបក្ស​នយោបាយ​មាន​បញ្ជី​បេក្ខជន​ ឈរ​ឈ្មោះ​បោះឆ្នោត»។

ដោយឡែក​សម្រាប់​ការ​ចូល​ឃោសនា​នៅ​ក្នុង​ផ្សារ​ គណបក្ស​នយោបាយ​ត្រូវ​កម្រិត​ចំនួន​មនុស្ស​យ៉ាង​ច្រើន​ត្រឹម​តែ​ ១០ ​នាក់​ប៉ុណ្ណោះ ហើយ​ត្រូវ​យក​ចិត្ត​ទុកដាក់​គោរព​ និង​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​មិន​ត្រូវ​យក​តាម​ខ្លួន​ ឬ​មិន​ត្រូវ​ប្រើ​នូវ​ឧបករណ៍​បំពង​សំឡេង​ឡើយ។ យ៉ាង​ណា​ក៏ដោយ​ ការ​ផ្សព្វ​ផ្សាយ​តាម​ឧគ្ឃោសនសព្ទ​អំពី​សារ​នយោបាយ​ ឬ​និង​គោល​នយោបាយ​របស់​គណបក្ស​អាច​ធ្វើ​បាន​នៅ​ក្រៅ​បរិវេណ​ផ្សារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឬ​ក្បាល​ម៉ាស៊ីន​ដឹកនាំនៅ​ថ្នាក់​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​ ៥ ខែ​មិថុនា​ ឆ្នាំ​ ២០២២​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧ ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ចូលរួម​ដើម្បី​ដណ្តើម​អាសនៈ​ក្រុមប្រឹក្សា​សរុប​ទាំង​អស់​ជាង​ ១១.០០០ ​នាក់ ​នៅ​ឃុំ​សង្កាត់​សរុប​ចំនួន ១.៦៥២​ នៅ​ក្នុង​ប្រទេស។

ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំថ្នាក់​មូលដ្ឋាន​នា​ពេល​ខាងមុខនេះ​ កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពី​ក្រុម​ប្រទេស​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ ​រួមមាន​សហគមន៍​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​ ដែល​សុទ្ធ​តែ​ចង់​ឃើញ​ការ​បោះ​ឆ្នោត​មួយ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​រឹតត្បិត​លើ​ក្រុម​ជំទាស់​ និង​ដោយ​មាន​លក្ខណៈ​បើកចំហ​ ដើម្បី​ឆ្លុះ​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​អ្នកបោះឆ្នោត​នៅ​កម្ពុជា៕