មនុស្ស​៨៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការវាយប្រហារ​នៅ​ទីបញ្ជាការ​យោធា​នានា​ក្នុង​ប្រទេស​ប៊ូរុនឌី

បុរសៗ​សែង​សាកសព​នៅ​ក្នុង​សង្កាត់ Nyakabiga ក្នុង​ក្រុង Bujumbura ប្រទេស​ប៊ូរុនឌី កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។

អ្នក​នាំពាក្យ​របស់​កងយោធា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រជាជន​ចំនួន​៨៧​នាក់​ រួម​មាន​ទាំង​កងកម្លាំង​សន្តិសុខ​ចំនួន​៨​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយប្រហារ​ដែល​មាន​ការ​ពាក់ព័ន្ធ​គ្នា​ទៅ​លើ​ទីបញ្ជាការ​យោធា​ចំនួន​៣​កន្លែង​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ប៊ូរុនឌី។ ​

លោក​វរសេនីយ៍ឯក Gaspard Baratuza បាន​មាន​ប្រសាសន៍​ថា តួលេខ​ចុង​ក្រោយ​នៃ​ការ​វាយប្រហារ​ទាំង​៣​កាល​ពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​ឲ្យ​សត្រូវ​ចំនួន​៧៩​នាក់​ស្លាប់ ចាប់​បាន​៤៥​នាក់​ និង​រឹបអូស​បាន​អាវុធ​ចំនួន​៩៧​គ្រឿង​ រីឯ​យោធា​ និង​ប៉ូលិស​របស់​រដ្ឋាភិបាល​ចំនួន​៨​នាក់​ត្រូវ​បាន​សម្លាប់​ និង​២១​បាន​រងរបួស។

នៅ​ក្នុង​ហេតុការណ៍​មួយ​ផ្សេង​ទៀត គេ​បាន​រក​ឃើញ​សាកសព​យ៉ាង​ហោច​ណាស់​ចំនួន​២០ នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ប៊ូរុនឌី​កាល​ពី​ថ្ងៃ​សៅរ៍។

គេ​បាន​រកឃើញ សាកសព​ទាំងអស់​នោះនៅ​ក្នុង​តំបន់ Nyakabiga ក្នុង​រដ្ឋធានី Bujumbura។ មិនទាន់​មាន​ព័ត៌មាន​ច្បាស់​ការ​អំពី​ថា​តើ​នរណា​ជា​អ្នក​សម្លាប់​ប្រជាជន​ទាំង​នោះ​នៅ​ឡើយ​ទេ។​

សាក្សី​ម្នាក់​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា ជនរងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​គេ​ចង​ដៃ​ទាំង​២​មក​ក្រោយ៕