គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ វាមានរយៈពេល១៨ឆ្នាំហើយ ដែលការស្វែងរកឃាតករបាញ់សម្លាប់លោក ជា វិជ្ជា នៅតែមិនទាន់មានតម្រុយ និងពន្លឺយុត្តិធម៌នៅឡើយ។
នៅអំឡុងខួបមរណភាពលើកទី១៨នៃមរណភាពអតីតមេដឹកនាំសហជីពដ៏ល្បាញល្បីរូបនេះ ក្រុមគ្រួសារ គឺគ្មានសង្ឃឹម និងលែងមានជំនឿចិត្តលើចេតនារបស់សមត្ថកិច្ចក្នុងការស្វែងរកឃាតករពិតប្រាកដ។ ហើយពួកគេថា ប្រសិនបើសមត្ថកិច្ចមានចេតនាពិតប្រាកដ គឺមិនពិបាកស្វែងរកជនដៃដល់នោះទេ។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំសៀតផ្កា និងដើមទ្រូង ដេកស្លាប់ក្នុងថ្លុកឈាម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ខណៈលោកកំពុងឈរនៅក្នុងតូបកាសែតមួយ ខាងលិចវត្តលង្កា ក្នុងទីក្រុងភ្នំពេញ។
ការបាញ់សម្លាប់លោក ជា វិជ្ជា កើតមានឡើង បន្ទាប់ពីលោកបានទទួលរងការព្រមានសម្លាប់ និងការគំរាមកំហែងពីជនមិនស្គាល់មុខជាបន្តបន្ទាប់ ចំពោះសកម្មភាពសហជីពដ៏សកម្មរបស់លោក ដើម្បីទាមទារអត្ថប្រយោជន៍ដល់កម្មកររួមមានទាំងការទាមទារដំឡើងប្រាក់ឈ្នួលផងដែរនោះ។
លោក ជា មុន្នី ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានប្រាប់វីអូអេថា លោកគ្មានជំនឿលើសមត្ថកិច្ចក្នុងការស្វែងរកមុខឃាតករដែលសម្លាប់បងប្រុសរបស់ខ្លួននោះទេ ខណៈលោកថា ប្រសិនបើសមត្ថកិច្ចមានចេតនាពិតប្រាកដ គឺមិនពិបាកស្វែងរកជនបង្កនោះទេ។
លោកថ្លែងថា៖ «ប្រសិនបើមានចេតនារកវិញដូចខ្ញុំនិយាយអ៊ីចឹង វាមិនលើសពី២៤ម៉ោងទេ។ តែរឿងនេះ ទុករហូតដល់១៨ឆ្នាំ ហើយអ្នកដែលពាក់ព័ន្ធមួយចំនួន អ្នកខ្លះចាស់ជរា អ្នកខ្លះមានជំងឺទឹកនោមផ្អែម អ្នកខ្លះទៀតបាត់បង់ការចងចាំអស់ហើយ។ អ៊ីចឹងករណីឃាតកម្មរយៈពេល១៨ឆ្នាំហ្នឹង មកដល់ពេលនេះ ខ្ញុំឆ្លើយសំណួរយ៉ាងខ្លីថា ពុំទាន់មានការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ»។
លោកបន្តថា ប្រសិនបើមានការផ្លាស់ប្តូរមេដឹកនាំប្រទេស ដែលគិតគូរពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទើបលោកមានសង្ឃឹមថា អាចទទួលបានពន្លឺយុត្តិធម៌សម្រាប់បងប្រុសរបស់ខ្លួនលោក ជា វិជ្ជា និងក្រុមគ្រួសារ។
លោកបញ្ជាក់ថា៖ «នៅក្នុងសម័យនេះ រដ្ឋាភិបាលនេះ ខ្ញុំអត់មានសង្ឃឹមទេ។ ប៉ុន្តែបើមានការផ្លាស់ប្តូរសង្គម ដែលមានអ្នកដឹកនាំណាមួយដែលគិតពីសិទ្ធិសេរីភាព គិតពីប្រជាធិបតេយ្យ គិតពីយុត្តិធម៌ទូទៅរបស់មនុស្សជាតិ អាហ្នឹង គឺអាចរកឃើញហើយ។ ហើយបច្ចុប្បន្ននេះ វាមានអ្វីត្រូវពិបាកហ្នឹងឆ្លើយ ពីព្រោះ១៨ឆ្នាំហើយអត់រក អ៊ីចឹងមានន័យថា គ្មានចេតនាចង់រកយុត្តិធម៍ទេ»។
វីអូអេ មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននៅឡើយទេ។
ក្រោយឃាតកម្មលោក ជា វិជ្ជា សមត្ថកិច្ច បានចាប់ជនសង្ស័យពីររូប ឈ្មោះ ប៊ន សំណាង និង សុក សំអឿន យកទៅកាត់ទោសជាប់ពន្ធនាគារ២០ឆ្នាំ តែត្រូវបានតុលាការកំពូលដោះលែងវិញកាលពីឆ្នាំ២០១៣ ក្រោយពីបានចំណាយពេលអស់ ២០៧២ ថ្ងៃក្នុងពន្ធនាគារ។
កំណត់ហេតុរបស់ការិយាល័យសិទ្ធិមនុស្សអ.ស.ប. បង្ហាញថា ការកាត់ទោសអ្នកទាំងពីរខ្វះភស្ដុតាងរឹងមាំ ដោយសំណុំអង្គហេតុផ្ដេកផ្ដួលលើចម្លើយសារភាពដោយបង្ខំ និងមិនអើពើលើសក្ខីកម្មរបស់សាក្សីជាម្ចាស់តូបកាសែតដែលអះអាងថា ជនទាំងពីរមិនមានវត្តមាននៅ ឬក្បែរកន្លែងកើតហេតុឡើយ។
ដោយឡែកកាលពីខែមិថុនា ឆ្នាំ២០១៥ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត។
យ៉ាងណាក្ដីគណៈកម្មការអន្តរក្រសួងនេះ មានអាយុរស់រានបានតែជាង២ឆ្នាំប៉ុណ្ណោះ ហើយមិនទាន់បានធ្វើសេចក្ដីរាយការណ៍ជាសាធារណៈណាមួយនៅឡើយអំពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន ក៏ត្រូវបានលោក ហ៊ុន សែន ចេញសេចក្ដីសម្រេចនិរាករណ៍ចោលវិញ ដែលជំនួសដោយគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្ដល់សច្ចាប័ន។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានមើលឃើញថា ទង្វើរបស់សមត្ថកិច្ច គឺមានភាពសកម្មផ្ទុយគ្នារវាងការចាប់ខ្លួនសកម្មជនសង្គមដាក់ទោសតាមផ្លូវតុលាការ និងការស្វែងរកយុត្តិធម៌ដល់សកម្មជន ដែលបញ្ហាទាំងនេះនៅតែជាវប្បធម៍និទណ្ឌភាពក្នុងសង្គម។
អ្នកស្រីបញ្ជាក់ថា៖ «វប្បធម៌និទណ្ឌភាពនេះ បានបន្តរីករាលដាល ហើយពិសេសចំពោះ[ឧក្រិដ្ឋកម្មប្រព្រឹត្តលើ]សកម្មជន ចំពោះតួអង្គដែលគាត់សកម្មក្នុងសង្គម ក្នុងការទាមទារសិទ្ធិសេរីភាព ឬក៏សិទ្ធិការងារអីហ្នឹង។ ប៉ុន្តែបើយើងក្រឡេកមើលករណីប្រឆាំងចំពោះសកម្មជនសិទ្ធិមនុស្ស ឬសកម្មជននយោបាយវិញនោះ យើងឃើញតុលាការ ឬក៏អាជ្ញាធរអីហ្នឹង គឺមានការដុតដៃ ដុតជើងមែនទែន យើងឃើញមានការសហការគ្នាបានល្អក្នុងការ ធ្វើយ៉ាងណាដៅមុខសញ្ញាសកម្មជនទាំងឡាយរហូតដល់មានការផ្តន្ទាទោស ឬក៏ការឃ្លាំមើល តាមដានសកម្មភាពរបស់សកម្មជនគ្រប់បែបយ៉ាង»។
អ្នកស្រីបន្តថា អាជ្ញាធរគួរប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនក្នុងការស្វែងរកជនបង្កមកផ្តន្ទាទោស ដើម្បីជាការផ្តល់ភាពយុត្តិធម៍ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ម្យ៉ាងវិញទៀត អាជ្ញាធរ ត្រូវធានាសិទ្ធិក្នុងការដឹងលឺរឿងរ៉ាវពិត កិច្ចគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ និងត្រូវធានាអំពីគោលការណ៍នីតិរដ្ឋ ដើម្បីកុំឲ្យប្រជាពលរដ្ឋបាត់បង់សេចក្តីទុកចិត្ត។
អ្នកស្រីថ្លែងថា៖ «នៅពេលណាមានឧក្រិដ្ឋកម្មនេះ កើតឡើងដូចករណីលោក ជា វិជ្ជា អ៊ីចឹង យើងឃើញហើយ១៨ឆ្នាំ មិនមានចំណាត់ការណាមួយដែលយើងឃើញថា ពន្លឺយុត្តិធម៌សម្រាប់ក្រុមគ្រួសារ ហើយពលរដ្ឋទូទៅអាចដឹងរឿងពិតជុំវិញឃាតកម្មនោះទេ។ អ៊ីចឹងនេះវានឹងបង្ហាញអំពីការអាក់ខានរបស់អាជ្ញាធរក្នុងការបំពេញកាត្វកិច្ចខ្លួនផង ហើយនឹងធ្វើឲ្យពលរដ្ឋដកនូវសេចក្តីទុកចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួន និងយុត្តិធម៍សង្គម ដូចថា មិនត្រូវបានធានានោះទេ»។
ករណីលោក ជា វិជ្ជា ត្រូវបានក្រុមឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា ស្ថិតក្នុងចំណោមនៃសំណុំដែលមិនទាន់ដោះស្រាយបានចប់សព្វគ្រប់នៃឃាតកម្មទៅលើបុគ្គលនយោបាយ និងលេចធ្លោ រួមមានឃាតកម្មលើនាដការី ពិសិដ្ឋ ពិលិការ នៅឆ្នាំ១៩៩៩ ព្រះតេជគុណ សំ ប៊ុនធឿន នៅឆ្នាំ២០០៣ លោក ឈុត វុទ្ធី នៅឆ្នាំ២០១២ និងលោកបណ្ឌិត កែម ឡី នៅឆ្នាំ២០១៦ ជាដើម៕