តុលាការ​ភ្នំពេញ​កោះហៅ​សាក្សី​​​៨នាក់​​ក្នុង​ករណី​​លោក​ កឹម សុខា តែ​ពួកគេ​ភាគច្រើន​​ថា​ ​មិន​ទាន់​បានទទួល​​ដីកា​កោះ​ហៅទេ

រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

មនុស្ស​៨នាក់​​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​​​កោះហៅ​ឲ្យ​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី​ ដើម្បី​បំភ្លឺ​ដំណើរ​រឿងក្តី​របស់​លោក​ កឹម សុខា​ ក្រោម​បទ​«សន្ទិដ្ឋិភាព​ជាមួយ​បរទេស»​ដែល​ស្មើ​នឹង​បទ​ឧក្រិដ្ឋ​ក្បត់ជាតិ។

សាក្សី​ជា​ច្រើនក្នុង​ចំណោម​៨នាក់​ ​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ចាប់​ពីខែ​មិថុនា​ខាង​មុខ​ ​ដើម្បី​បំភ្លឺ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆំាង​គឺលោក​ ​កឹម សុខា ​បាន​ឲ្យ​ដឹង​ព្រមៗ​គ្នា​ថា​ ​ពួកគេ​មិន​បាន​ដឹង​ទាល់​តែ​អំពី​ដីកា​កោះហៅ​ចេញ​ដោយ​លោក​ចៅក្រម​ ​គី ឫទ្ធី​ ​ដែល​បាន​ផ្សាយ​តាម​អង្គភាព​ ​Freshnews​ ​កាល​ពី​សប្តាហ៍​មុន។

លោក​ ​សៀ ភារម្យ​ ​ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិលំនៅដ្ឋាន​ បាន​ប្រាប់​ ​VOA​ ​ពី​សហ​រដ្ឋ​អាមេរិក​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ពោល​គឺ​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ថា​ លោក​មិន​បាន​ដឹង​អំពី​ដីកា​កោះនោះ​ទេ។​ ​លោក​បាន​បញ្ជាក់​ថា​ ​លោក​មិន​ចាប់​អារម្មណ៍ចំពោះ​ដីកា​របស់​តុលាការ​តេឡេ​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នោះ​ឡើយ។​

«បាទ​ខ្ញុំអត់​ចាប់​អារម្មណ៍​ទេ​បាទ​ ពីព្រោះ​យើង​ទាំងអស់​គ្នា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​គេ​ធ្លាប់​ធ្វើ​ប្រ​ជាមតិ​ហើយ​គឺ​ថា​ សឹងតែ​៩០​ភាគរយ​ គេមិន​មាន​ជំនឿ​អីលើ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​ហ្នឹង​ទេ​ ពីព្រោះ​គាត់​ធ្វើ​អី​តាម​តែ​តេឡេ​បញ្ជា​ពី​លោក​ហ៊ុន សែន​ទេ។ ​[យើង​]​ យល់​ទាំងអស់​គ្នា​ហើយ​បាទ។​ ដូច្នេះ​ ខ្ញុំ​ ហើយ​បើ​សិន​ចង់​ឲ្យ​ខ្ញុំឆ្លើយ​ ខ្ញុំ​អាច​ឆ្លើយ​តាម​រយៈ​ teleconference, video conference ​ពី​ក្រៅ​នេះទៅ​ ហើយ​ឲ្យ​ខ្ញុំ​ចំណាយ​លុយ​ថ្លៃ​យន្តហោះ​ទៅ​ ឆ្លើយ​បំភ្លឺ​សាក្សីអី​ ខ្ញុំ​គិត​ថា​ ជា​រឿង​ដែល​អត់​បាន​ប្រយោជន៍​អីទេ​ ហើយ​វា​មិន​ពាក់​ព័ន្ធ​អី​ហ្នឹង​ខ្ញុំ​ទេ​ ដោយសារ​ខ្ញុំមិន​បាន​កើត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ហ្នឹង»។​

លោក​មាន​ប្រសាសន៍​ថា​ អ្វីដែល​តុលាការ​ក្រុង​ភ្នំពេញ​កំពុង​ធ្វើ​នេះ​គឺ​ការ​បង្កើត​ព្រឹត្តិ​ការណ៍​ថ្មី​ទៀត​ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរពី​ចលនា​សង្គ្រោះ​ជាតិ ​ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ពហិការ​ការ​បោះឆ្នោត​នាពេល​ដ៏​ខ្លី​ខាងមុខ​នេះ។​

«ខ្ញុំ​គិត​ថា​ ល្ខោន​ដែល​គាត់​និពន្ធ​ គាត់​សម្តែង​ លេង ​វាអត់​មាន​អី​ អត់មាន​អី​ដែល​ហៅ​ថា​ គំនិត​វែង​ឆ្ងាយទេ​ គឺ​ថា​ គំនិត​ដែល​មនុស្ស​ ដែល​ថា​ មិន​បាន​មាន​ការ​ចេះ​ដឹង​អីៗ​ទេ។ ​គឺ​ថា​ យើង​អាចមើល​ឃើញ​ថា​ វា​គ្រាន់តែ​ជាការ​ធ្វើ​ឲ្យ​ត្រឡប់​ស្ថាន​ការណ៍​នៃ​យុទ្ធនាការ​របស់​ចលនា​សង្គ្រោះ​ជាតិ​ ដែល​គេ​ខំ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ ឬក៏​អី​ហ្នឹង។​ គាត់​ធ្វើ​អីចឹង​ទៅ​ដើម្បី​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ទៅលើ ​អីចឹង​បាទ។​ ដូច្នេះ​ ខ្ញុំគិត​ថា​ វា​អត់​មាន​អី​ដែល​ ជា​រឿង​អីដែល​ ដែល​ប្លែក​អីទេ​បាទ ​គឺ​ថា ​នយោបាយ​៣០​ឆ្នាំរបស់​គាត់​ហ្នឹង​គឺ​ថា​ មានតែ​ធ្វើបាប​ តែ​ខ្មែរ មាន​តែ​អីហ្នឹង​ មិន​បាន​ធ្វើ​ឲ្យ​ខ្មែរ​ហ្នឹង​រស់នៅ​ដោយ​សុខស្រួល​ទេ​ បាទ»។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​គេ​រំលាយ​ចោល​ ​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​យប់​កណ្តាល​អធ្រាត្រ​នៅ​ក្នុង​គេហ​ដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​ ​នា​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧​ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ដាក់​ការ​សង្ស័យ​មក​លើ​លោក​ថា​ បាន​ឃុបឃឹត​ជា​មួយ​បរទេស​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​ស្មើ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​

​ក្រោយ​ការ​ឃុំ​ខ្លួនលោក​ ​កឹម សុខា​ជាង​៨ខែ​នៅ​ពន្ធនាគារ​ប្រពាំងផ្លុង​ ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចម្រេច​កោះហៅ​សាក្សី​យ៉ាង​ហោច​ណាស់​៨នាក់​ផ្សេង​ទៀត​ដើម្បី​បំភ្លឺ​ករណី​នេះ។​

ដីកាកោះ​របស់​លោក​ចៅ​ក្រម​ស៊ើបសួរ​ គឺលោក គី ឫទ្ធី​ ដែលធ្វើ​នៅថ្ងៃទី​១៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​លោក​ សៀ​ ភារម្យ​ ជា​សាក្សី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​នៅថ្ងៃ​ទី​១២​ ​ខែ​មិថុនា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​៨​ និង​៣០នាទី​ព្រឹក​ «ដើម្បី​បំភ្លឺ​ពី​ដំណើរ​រឿង​ព្រហ្ម​ទណ្ឌ​លេខ​៥៦៤២​ ចុះថ្ងៃ​ទី​៣ ​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​(ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ ​កឹម សុខា ​ភេទប្រុស​អាយុ​៦៤​ឆ្នាំ​ ជាប់ចោទ​ពីបទ​សន្ទិដ្ឋិភាព​ជាមួយបរ​ទេស)»។​

ចំណែកឯ​សាក្សី​មួយ​រូបទៀត​ ដែល​ត្រូវ​បាន​លោក​ចៅក្រមស៊ើប​សួរ​ គឺ​លោកគី ឫទ្ធី​អញ្ជើញ​ដែរ​នោះ​ គឺ​អ្នកស្រី​ ​ចក់ សុភាព​ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​កឹម សុខា​ កាលពី​ឆ្នាំ​២០០២​ បាន​សរសេរ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃ​សៅរ៍​ថា​ អ្នកស្រី​ត្រូវ​បាន​គេ​ជម្រាប​ឲ្យ​ដឹង​តាម​អត្ថបទ​ចេញ​ផ្សាយ​ដោយ​ Freshnews ​ថា​ តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​កោះហៅ​អ្នកស្រី ​និង​បុគ្គល​៧រូប​ផ្សេង​ ដើម្បី​សាកសួរ​ក្នុង​នាម​ជា​សាក្សី​ក្នុង​ករណី​លោក​ កឹម សុខា។​

ក្នុងការ​បញ្ជាក់​ពី​ការ​តាំងចិត្ត​ថា ​នឹង​ចូលខ្លួន​នៅ​តុលាការនោះ​ អ្នកស្រី​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​មាន​បេសក​កម្ម​ការងារ​នៅ​ក្រៅ​ប្រទេស​ ហើយ​តាមអ្វី​ដែល​ខ្ញុំដឹង​រហូត​មក​ដល់​ពេល​នេះ​ គឺ​ការកោះ​អញ្ជើញ​នានា​ ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯផ្ទះ​ ​និងការិយាល័យ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នោះ​ទេ។​ ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​តប​ទៅ​តាម​ការ​កោះ​អញ្ជើញ​ ​ដែល​អនុលោម​តាម​នីតិ​វិធី​ជា​ធរមាន​ ខ្ញុំ​នឹង​ទៅ​ចូល​រួម​ក្នុង​សវនាការ​ និងចូល​ខ្លួន​ដើម្បី​ការ​សាកសួរ»។​

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​អះអាង​ថា​ ស្ថាប័ន​អ្នកស្រី​បានផ្លាស់ប្តូរ​ការ​ដឹកនាំ​ចំនួនពីរ​ដង​ចាប់​តាំង​ពីការចាក​ចេញ​របស់​លោក​ ​កឹម សុខា​ ​នៅ​ឆ្នាំ​២០០៧។​ ​អ្នកស្រី​បាន​បង្ហាញ​ពី​មោទន​ភាព​នៃ​គោល​ការណ៍​អព្យាក្រឹត្យ​តឹងរ៉ឹង​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​បំពេញ​តួនាទី​ដោយ​មិន​លម្អៀង​ និងមិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹងគណបក្ស​នយោបាយ​ ដើម្បី​លើក​កម្ពស់ ​និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

ដំណឹង​នៃ​ដីកា​កោះហៅ​របស់​លោក​ចៅក្រម​ស៊ើបសួរ​គី ឫទ្ធី​កើត​មាន​ឡើង​តែ​ជាង​មួយ​សប្តាហ៍​ បន្ទាប់​ពីក្រុម​សមាជិក​សភា​អាមេរិកាំង​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ​និង​មន្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ដំណើរការ​ប្រជា​ធិបតេយ្យ។​ សេចក្តី​ស្នើ​ច្បាប់​នោះ​គឺ​ Cambodia​ Democracy​ Act ​លេខ H.R. 5754។ ​សេចក្តី​ស្នើ​ច្បាប់​ដដែល​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​សមាជិក​សភា​អាមេរិកាំង ​ជាមួយ​វិសោធន​កម្ម​បន្ថែម​មួយ​ទៀត​ ដែល​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ក្រុម​មន្ត្រី​កម្ពុជា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ បាន​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ទណ្ឌកម្ម​ទាំងនោះ​រួមមាន​ ដូចជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ ការ​មិន​ផ្តល់​ទិដ្ឋាការ​ ការដាក់​ពិន័យ​តាម​ច្បាប់​ស្តីពី​អំណាច​សេដ្ឋ​កិច្ច​ គ្រាមាន​អាសន្ន​អន្តរជាតិ​ ឬ​ហៅ​ថា ​International ​Emergency ​Economic​ Powers ​Act។​

សេចក្តី​ស្នើ​ច្បាប់​ដដែល​នេះ​ត្រូវ​បាន​ធ្វើឡើង​ ខណៈដែល​ក្រុម​មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​មិនត្រូវ​គេ​អនុញ្ញាត​ឲ្យមាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត ​ ហើយ​បន្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ រីឯ​មេដឹក​នាំ​ដែលរង​ការចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​គឺ​លោក​កឹម សុខា​មិន​ត្រូវបានដោះលែង​ ខណៈ​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ​និង​អ្នក​សារ​ព័ត៌មាន​ មិន​ត្រូវ​គេផ្តល់​សិទ្ធិ​សេរីភាព​ឡើង​វិញ ​នៅ​មុន​ការ​បោះឆ្នោត ក្រោយពី​មានការ​បង្ក្រាប​ដោយ​រដ្ឋាភិបាល។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ចៅក្រម​ស៊ើប​សួរ​ គី ឫទ្ធី ​បាន​ទេ​ ​តាំងពី​ថ្ងៃ​អាទិត្យ​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​ ​ហេង ពិសិដ្ឋ​ ​ដែល​ជា​អតីត​អ្នក​ថត​រូប​ និង​ជាសាក្សី​ ដែលត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញកោះហៅឲ្យចួលខ្លួន​នៅថ្ងៃ​ទី​១៣ ​ខែមិថុនា​ ​បាន​ប្រាប់​ ​VOA​ ​កាល​ពីថ្ងៃ​អាទិត្យ​ថា​ លោកមិន​បាន​ឃើញ​ដីកាកោះ​ដ៏​ភ្ញាក់​ផ្អើល​នោះឡើយ​ ហើយ​ថា​ ​លោក​ចាំបាច់ត្រូវ​ពិគ្រោះ​យោ​បល់​ជាមួយ​ស្មាក្តី ​មុន​នឹង​សម្រេច​ចិត្ត​ថា ​នឹង​ចួលខ្លួន​ ឬ​ក៏​យ៉ាងណា​នោះ។

«ខ្ញុំ​រង់​ចាំការ​ប្រឹក្សា​យោបល់​សិន ហើយ​បើតាម​ជំហរ​ខ្ញុំ​ក៏​ មិន​ជា​បញ្ហា ព្រោះ​ខ្ញុំ​អត់​មាន​បាន​ធ្វើ​អី​ផង»។​

សាក្សី​ម្នាក់​ទៀត​ ដែល​បាន​បញ្ជាក់​ថា​ ជា​មន្ត្រី​ទទួល​បន្ទុក​ជា​ប្រធាន​ការិយាល័យ​ព័ត៌មានរបស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​កែវ រតនា​ ​មាន​ប្រសាសន៍​ថា​ លោក​មិនទាន់​ទទួល​បាន​ដីកា​កោះ​នោះ​ទេ ​ហើយ​អ្វី​ដែល​លោក​បាន​ដឹង​ពី​ការ​កោះហៅ​នេះ​គឺ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ ​លោក កែវ រតនា ក៏​មិន​ទាន់​បញ្ជាក់​បាន​ថា​ ​លោក​នឹង​ចូល​ខ្លួន​បំភ្លឺ​នោះ​ដែរ។​

«ខ្ញុំ​នឹង​ពិចារណា​ជាមួយ​នឹង​ខាង​មេធាវី​ ហើយ​យើង​នឹង​ជួប​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធ្វើ​កិច្ច​ការ​ងារ​ហ្នឹង​ ហើយ​យើង​មិន​ទាន់​សម្រេច​ចិត្ត​ថា​ ​យ៉ាង​ម៉េច​ទេ។​ ​អីចឹង​ខ្ញុំសុំមិន​ទាន់​ជម្រាប​ជូន​ថា​ យើង​ត្រូវចូល​ ឬ​ក៏​មិន​ត្រូវ​ចូល​យ៉ាង​ម៉េច​ទេ។​ ​សុំទោស»។​

បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បានចាប់​ខ្លួនលោក​ ​កឹម សុខា​ ​កាល​ពី​ឆ្នាំ​មុននោះ​ ​ អតីត​អនុប្រធាន​ទីមួយ​នៃ​រដ្ឋ​សភា​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្តមាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម។​

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត​៩​ខែ ​ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​ ​ក្រៅពី​មេធាវី ​និង​ក្រុម​គ្រួសារ​របស់​លោក​នោះ​ទេ។​ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅកម្ពុជាបាន​ឲ្យដឹង​ថា​ លោក​កឹម សុខា​ កំពុងមាន​បញ្ហា​សុខ​ភាពដែល​តម្រូវ​ឲ្យមានការ​ព្យាបាល​ដិត​ដល់។​

ក្រុម​មេធាវី​របស់​លោក​បាន​ខិតខំ​ ​បើក​ការ​តស៊ូ​ខាង​ច្បាប់​តាំងពី​តុលាការ​ជាន់​ទាប​ដល់​តុលាការ​កំពូល​ដើម្បី​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ ទទួល​ការ​ព្យាបាល​ជំងឺ​ តែ​តុលាការ​បដិសេធ​ដាច់​អហង្កា​មិន​អនុញ្ញាត​ឲ្យ​លោក​ ​កឹម សុខាបាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ទេ។​ ​តុលាការ​អះអាង​កាល​ពី​ពេល​កន្លង​មកថា​ មន្ត្រី​ពន្ធនាគារ​នឹង​ធ្វើ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អាការៈ​ជំងឺ​របស់​លោក​ ​កឹម សុខា​ ​ហើយបាន​ច្រាន​ចោល​សំណើ​សុំ​បញ្ជូន​លោក​ ​កឹម សុខាទៅ​ព្យាបាល​នៅ​បរទេស​ផង​ដែរ៕