កងកម្លាំងសន្តិសុខនៅមីយ៉ាន់ម៉ាបានបាញ់គ្រាប់កាំភ្លើងពិត និងប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ កាលពីថ្ងៃសុក្រ ទី១៩ ខែមីនា ហើយត្រូវបានរាយការណ៍ថា បានសម្លាប់មនុស្ស ៨ នាក់នៅក្រុង Aungban ក្នុងរដ្ឋ Shan ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។
ការសម្លាប់ និងការចាប់ខ្លួនក្រុមបាតុករមួយចំនួននៅក្រុង Aungban បានកើតឡើងស្របពេលដែលក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវនានានៅក្រុងនេះ និងនៅតាមទីក្រុងដទៃទៀត រួមមានក្រុងរ៉ងហ្គូន ក្រុង Mandalay ក្រុង Myingyan ក្រុង Katha និងក្រុង Myawaddy ផងដែរ។ នេះបើយោងទៅតាមសាក្សី និងសេចក្ដីរាយការណ៍នានារបស់បណ្តាញផ្សព្វផ្សាយ។
បាតុករចំនួន ៧នាក់ ត្រូវបានបាញ់សម្លាប់ ហើយជនរងគ្រោះពីការបាញ់ប្រហារមួយរូបទៀតបានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្រុង Kalaw ដែលស្ថិតនៅក្បែរនោះ។ នេះបើយោងទៅតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីពីមន្រ្តីទទួលបន្ទុកផ្នែកបុណ្យសពនៅក្រុង Aungban ដែលសុំមិនបញ្ចេញឈ្មោះ។
ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ថា បាតុករម្នាក់ត្រូវបានសម្លាប់នៅក្រុង Loikaw ភាគឦសានប្រទេសផងដែរ។
រដ្ឋាភិបាលយោធាមិនបានធ្វើការអធិប្បាយភ្លាមៗជុំវិញការស្លាប់ដែលត្រូវបានរាយការណ៍នាពេលចុងក្រោយបង្អស់នេះនោះទេ។ ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា អាជ្ញាធរបានចាប់ខ្លួនអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សរបស់មេដឹកនាំលោកស្រី Aung San Suu Kyi ដែលត្រូវបានបណ្តេញចេញពីតំណែង។
មានសេចក្ដីរាយការណ៍តាមបណ្តាញផ្សព្វផ្សាយ និងភស្តុតាងពីសាក្សី ដែលថា ពលរដ្ឋមីយ៉ាន់ម៉ាកំពុងភៀសខ្លួនចេញពីប្រទេស ខណៈការបង្រ្កាបមានសភាពកាន់តែធ្ងន់ធ្ងរ ដែលនៅក្នុងនោះ មនុស្សជាង ២៣០ ត្រូវបានសម្លាប់ ហើយមនុស្សប្រមាណ ២០០០នាក់ទៀត ត្រូវបានចាប់ខ្លួន ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក។
ព្រឹត្តិការណ៍វិវត្តនានានៅប្រទេសមីយ៉ាន់ម៉ា កាន់តែមានភាពលំបាកនៅក្នុងការបញ្ជាក់ឲ្យបានច្បាស់ បន្ទាប់ពីអាជ្ញាធរបានរឹតត្បិតប្រព័ន្ធអ៊ីនធឺណិត ដែលក្រុមបាតុករបានប្រើប្រាស់ដើម្បីរៀបចំ និងចែកចាយព័ត៌មាន។
យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកសារព័ត៌មានចំនួនពីរនាក់កាលពីថ្ងៃសុក្រ ទី១៩ ខែមីនា នៅរដ្ឋធានីណៃពិដោ ខណៈពួកគេកំពុងយកព័ត៌មានពីសវនាការរបស់សមាជិកម្នាក់នៃគណបក្សរបស់លោកស្រី Suu Kyi។
VOA ភូមាបានកំណត់អត្តសញ្ញាណអ្នកសារព័ត៌មានដែលត្រូវបានឃុំខ្លួននោះរួមមានលោក Aung Thura អ្នកសារព័ត៌មានរបស់ BBC និងលោក Than Htike Aung អតីតអ្នកសារព័ត៌មានប្រចាំសារព័ត៌មាន Mizzima ដែលមានមូលដ្ឋាននៅក្រុងរ៉ង់ហ្គូន។
អ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន ៥០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីមានរដ្ឋប្រហារយោធាមក ដែលក្នុងនោះអ្នកសារព័ត៌មានជាង ២០នាក់ត្រូវបានដោះលែងវិញហើយ។ អ្នកសារព័ត៌មានយ៉ាងហោចណាស់ ២០នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការឃុំខ្លួននៅឡើយពាក់ព័ន្ធនឹងបទញុះញង់ឲ្យមានចលាចល។ នេះបើយោងទៅតាម សេចក្ដីរាយការណ៍របស់ VOA ភូមា។
យោធាបានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួន៦នៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា ដោយការណ៍នេះបានដាក់មនុស្ស ២លាននាក់ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់យោធា។
សហរដ្ឋអាមេរិក និងបណ្តាបស្ចិមប្រទេសមួយចំនួនបានថ្កោលទោសរដ្ឋប្រហារយោធាមីយ៉ាន់ម៉ានេះ និងបានអំពាវនាវឲ្យមានការបញ្ចប់នូវអំពើហិង្សា។ ពួកគេក៏បានអំពាវនាវឲ្យមានការដោះលែងលោកស្រី Suu Kyi និងមេដឹកនាំដទៃទៀត ដែលត្រូវបានចាប់ខ្លួនផងដែរ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
VOA ភូមាផ្ដល់ព័ត៌មានបន្ថែមនៅក្នុងសេចក្ដីរាយការណ៍នេះ។