ពួកមន្ត្រីអេហ្ស៊ីបបាននិយាយថា ពួកទេសចរមួយក្រុមបានឋិតនៅក្នុងតំបន់«មានការហាមប្រាម»មួយ នៅពេលកងកម្លាំងសន្តិសុខបាញ់កាំភ្លើងកាលពីថ្ងៃអាទិត្យដោយភ័ន្តច្រឡំថា ក្រុមនេះជាពួកជនជាប់សង្ស័យថាជាពួកភេវជន។ កាបាញ់នេះបានសម្លាប់មនុស្សយ៉ាងតិចណាស់១២នាក់ដោយមានរួមបញ្ចូលទាំងពលរដ្ឋម៉ិចស៊ិចពីរនាក់ផងដែរ។
ក្រសួងការបរទេសអេសហ្ស៊ីបបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងយោធានិងបូលិសបាន«វាយប្រហារពួកភេរជនដែលប្រើប្រាស់ឡានប្រើកង់ទាំងបួនដែលគេហៅថាឡានធុនកាត់កាត់ (4x4) ស្រដៀងគ្នាទៅនឹងរថយន្តដែលពួកទេសចរទាំងនោះជិះ» នៅពលពួកគេបាញ់កាំភ្លើងទៅលើពួកទេសចរទាំងនេះកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Farafra ដែលជាផ្នែកមួយនៃតំបន់រហោដ្ឋានក្នុងប៉ែកខាងលិចនៃប្រទេសអេហ្ស៊ីប។
មនុស្ស៦នាក់បាននិយាយប្រាប់ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ិចស៊ិចប្រចាំប្រទេសអេហ្ស៊ីបថា ក្បួនឡានរបស់ពួកគេបានត្រូវវាយប្រហារដោយយន្តហោះនិងឧទ្ធម្ភាគចក្រ។
លោកប្រធានាធិបតីម៉ិចស៊ិច Enrique Pena Nieto បានទាមទារឱ្យមានការស៊ើបអង្កេតអំពីការបាញ់ដ៏ប្រល័យនេះដែលនៅក្នុងនោះមានជនជាតិអេហ្ស៊ីបមួយចំនួនបានត្រូវសម្លាប់ផងដែរ។
លោកបានសរសេរក្នុងបណ្តាញ Twitter កាលពីយប់ថ្ងៃអាទិត្យថា«ប្រទេស ម៉ិចស៊ិច ថ្កោលទោសសកម្មភាពទាំងនេះប្រឆាំងនឹងពលរដ្ឋយើងហើយទាមទារឱ្យរដ្ឋាភិបាលអេហ្ស៊ីប ស៊ើបអង្កេតអំពីអ្វីដែលបានកើតមានឡើង»៕