ថ្វីបើមានភាពតានតឹងរវាងស.រ.អា និងចិននៅសមុទ្រចិនភាគខាងត្បូងក្តី កងនាវិករបស់ប្រទេសទាំងពីរ ដែលធ្វើការល្បាតដែនទឹកនេះ បានបង្ហាញថា ពួកគេធ្វើកិច្ចការរបស់គេប្រកបដោយលក្ខណៈអាជីព។ លោក Robert Francis គឺជា មេបញ្ជាការរបស់នាវា USS Lassen របស់ស.រ.អា ដែលល្បាតនៅសមុទ្រចិនភាគខាងត្បូងកាលពីខែមុន។ នាវា USS Lassen បានជួបជាមួយនាវាចិននៅចម្ងាយតែ១១គីឡូម៉ែត្រប៉ុណ្ណោះពីកោះសិប្បនិម្មិតដែលចិនបង្កើតឡើង។
លោក Francis និយាយថា នាវាចម្បាំងរបស់ចិនបានព្រមានថា នាវា USS Lassen របស់ស.រ.អាបានចូលក្នុងដែនទឹករបស់ចិន។ ហើយប្រទេសចិនបានទាមទារម្តងហើយម្តងទៀតថា តើស.រ.អា.ចង់យ៉ាងម៉េច។ លោកមេបញ្ជាការ Francis និយាយថា លោកមិនដែលគិតថាលោករងការគំរាមកំហែងទេ ហើយលោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា កងនាវិកស.រ.អាតែងតែហៅទៅសមភាគីចិនដើម្បីធ្វើទំនាក់ទំនងមិត្តភាព។ លោក Francis និយាយថា កងនាវិកស.រ.អានិយាយសួរសុខទុក្ខដូចជាថា «ហ៊េ! នៅថ្ងៃសៅរ៍នេះធ្វើអីខ្លះ? យើងមានភីហ្សា និងស្លាបមាន់ចៀន។ ខាងនាវិកចិនបានអ្វីបរិភាគ? ខាងយើងនឹងធ្វើពិធីបុណ្យ Halloween។
លោក Francis និយាយថា កងនាវិកចិននិយាយជាភាសាអង់គ្លេសអំពីស្រុកកំណើតរបស់គេ និងគ្រួសារ ហើយបានជូនពរកងនាវិកអាមេរិក ដោយសង្ឃឹមថា នឹងជួបគ្នាទៀត។ លោក Francis និយាយថា ថ្ងៃនោះគ្មានអ្វីចម្លែកទេនៅសមុទ្រចិនខាងត្បូង។ ប្រទេសចិនអះអាងថា ភាគច្រើននៃដែនសមុទ្រចិនខាងត្បូងនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ហើយកំពុងសាងសង់កោះសិប្បនិម្មិត។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់និងវៀតណាមក៏បានអះអាងថា ដែនទឹកខ្លះនៅតំបន់នេះស្ថិតនៅក្នុងបូរណភាពដែនដីរៀងៗខ្លួនដែរ៕