តុលាការ​អេហ្ស៊ីប​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​អតីត​ប្រធានាធិបតី Morsi

លោក​ប្រធានាធិបតី​ Mohammed Morsi ដែល​ត្រូវ​គេ​បណ្តេញ​ពី​តំណែង​របស់​អេហ្ស៊ីប​លើក​ដៃ​របស់​ឡើង​ ខណៈ​ដែល​គាត់​អង្គុយ​នៅ​ពីក្រោយ​កញ្ចក់​ក្នុង​សនវាការ​ក្នុង​ប្រទេស​អេហ៊្សីប​ កាលពី​សៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៥។

តុលាការ​អេហ្ស៊ីប​មួយ​នៅ​ក្នុង​ក្រុង​គែរ (Cairo) បាន​កាត់ទោស​ប្រហារ​ជីវិត​អតីត​ប្រធានាធិបតី​ Mohamed Morsi និង​ក្រុម​ចុងចោទ​ឯទៀតៗ​ជាង​១០០នាក់​អំពី​ការ​ទម្លាយ​គុក​មួយ​កាល​ពី​ឆ្នាំ២០១១។​

សាលក្រម​ទាំង​នេះ​បាន​ត្រូវ​សម្រេច​កាល​ពី​ថ្ងៃសៅរ៍​ នៅ​ក្នុង​តុលាការ​ក្រុង​គែរ។

Grand Mufti ដែល​ជា​អាជ្ញាធរ​កំពូល​ខាង​សាសនា​នៃ​ប្រទេស​អេហ្ស៊ីប​នឹង​ធ្វើ​សេចក្តី​សម្រេច​ចុង​ក្រោយ​បង្អស់​អំពី​សេចក្តី​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​ទី២​ខែ​មិថុនា​ខាង​មុខនេះ។​

អតីត​ប្រធានាធិបតីអេហ៊្សីប​រូប​នេះ​ក៏​ប្រឈមមុខ​ដែរ​នឹង​ការ​ចោទប្រកាន់​អំពី​ចារកម្ម។

មេធាវី​ម្នាក់​របស់​លោក Morsi បាន​និយាយ​ថា​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ប្រហារ​ជីវិត​កូនក្តី​លោក។​

ក្រុម​អ្នក​គាំទ្រ​ចលនា​ Muslim Brotherhood ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទោសប្រហារ​ជីវិត​លោក​ Morsi។​

តុលាការ​នៅ​ក្នុង​ក្រុង​គែរ​នេះ​ក៏​បាន​ចេញ​ផ្សាយ​សាលក្រម​មួយ​ដាច់​ដោយឡែក​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​ Muslim Brotherhood ​ជាន់​ខ្ពស់​មួយ​ចំនួន​ពី​បទ​ឃុបឃិត​ជា​មួយ​ក្រុម Hamas និង​ក្រុម ​Hezbollah ក្នុង​ការ​ចាត់ចែង​ឱ្យ​មានការ​ទម្លាយ​គុក​មួយ​កន្លែង៕