ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi បានអំពាវនាវដល់សហគមន៍អន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះ ឱ្យធ្វើការដើម្បីបញ្ឈប់សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា (Gaza)។
លោក el-Sissi បាននិយាយនៅពេលលោកនិងបណ្ដាមេដឹកនាំអារ៉ាប់ផ្សេងទៀតចូលរួមនៅក្នុងកិច្ចប្រជុំមួយ ក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនថា៖ «ខ្ញុំជំរុញបន្ថែមដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់និងមិនរួញរាដើម្បីឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់និងគ្មានការបង្អាក់ដល់តំបន់ហ្កាហ្សា ដើម្បីបំបែកការឡោមព័ទ្ធរបស់អ៊ីស្រាអែលនិងប្រឆាំងនឹងការប៉ុនប៉ងណាមួយនៅក្នុងការបង្ខំជនជាតិប៉ាឡេស្ទីនឱ្យផ្លាស់ទីចេញពីដីធ្លីរបស់ខ្លួន»។
ប្រធានាធិបតីចិនលោក Xi Jinping បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ អំពីការផ្ដល់ជំនួយមនុស្សធម៌ចំនួន ៦៩ លានដុល្លារដល់តំបន់ហ្កាហ្សា ក៏ដូចជាថវិកាចំនួន ៣ លានដុល្លារផងដែរ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួនប៉ាឡេស្ទីន។
លោក Xi បាននិយាយថា សង្គ្រាម «មិនគួរបន្តគ្មានទីបំផុតនោះទេ» និងបានបញ្ជាក់ជាថ្មីអំពីគោលជំហររបស់ចិនលើតម្រូវការឱ្យមានដំណោះស្រាយរដ្ឋពីរចំពោះវិបត្តិរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននេះ។
យោធាអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើគោលដៅជាង ៥០ កន្លែងក្នុងអំឡុងពេលមួយថ្ងៃកន្លងមក។
កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ផងដែរថា ខ្លួនធ្វើប្រតិបត្តិការតាមផ្លូវគោកនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា នៅក្នុងតំបន់ Jabaliya នៅភាគខាងជើងតំបន់ហ្កាហ្សា និងនៅភាគកណ្ដាលតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវការផែនការក្រោយសង្គ្រាម «កាន់តែឆាប់កាន់តែប្រសើរ» និងថាបើគ្មានផែនការដូចនេះទេ ភាពចលាចលអាចកើតឡើង។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ាបានបង្ហាញក្ដីបារម្ភដូចគ្នានេះកាលពីថ្ងៃពុធ ដោយនិយាយថា យុទ្ធសាស្ត្រនយោបាយរយៈពេលវែងត្រូវតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងបច្ចុប្បន្នដើម្បីបញ្ចប់ការប្រយុទ្ធគ្នានេះ៕
អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។