ករណីរដ្ឋធម្មនុញ្ញរបស់ប្រទេសស៊ីរី គឺជាដើមហេតុចម្បងនៃទំនាស់រវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ អង្គការសហប្រជាជាតិចង់ឃើញរដ្ឋាភិបាល ក្រុមប្រឆាំង និងសមាជិកនៃអង្គការសង្គមស៊ីវិលទាំងអស់ ធ្វើសេចក្តីព្រាងច្បាប់ធម្មនុញ្ញថ្មីមួយ។
ក្រុមប្រឆាំងបានឯកភាពយល់ព្រមលើជំហរបង្កើតរដ្ឋធម្មនុញ្ញថ្មីនេះ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar Assad យល់ព្រមឲ្យមានត្រឹមតែការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញដែលមានស្រាប់តែប៉ុណ្ណោះ។
លោក Staffan de Mistura ប្រេសិតអ.ស.ប.ប្រចាំប្រទេសស៊ីរី បានរាយការណ៍ថា មានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ ចំពោះការបង្កើតរដ្ឋធម្មនុញ្ញថ្មីនេះ។ លោកបាននិយាយថា រដ្ឋាភិបាលប្រទេសស៊ីរីបានផ្ញើបញ្ជីឈ្មោះបុគ្គល៥០រូប ដែលរដ្ឋាភិបាលបានជ្រើសរើសឲ្យធ្វើជាគណៈកម្មការរដ្ឋធម្មនុញ្ញនេះ ហើយក្រុមប្រឆាំងក៏កំពុងរៀបចំបញ្ជីឈ្មោះរបស់ពួកគេផងដែរ។
លោក Staffan de Mistura បានបញ្ជាក់ថា៖ «ខណៈពេលដែលយើងបន្តធ្វើការតាមក្បួនខ្នាត និងដោយប្រុងប្រយ័ត្ន ដើម្បីសម្របសម្រួលដល់ការបង្កើតគណៈកម្មការរដ្ឋធម្មនុញ្ញដែលដឹកនាំ និងបង្កើតដោយជនជាតិស៊ីរីនោះ យើងក៏សូមរំឮកបញ្ជាក់ថា ការបង្កើតរដ្ឋធម្មនុញ្ញថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើឲ្យដំណើរការនយោបាយងើបប្រសើរឡើងវិញ។ ប៉ុន្តែនិយាយឱ្យត្រង់ទៅចុះ ខ្ញុំមិនរំពឹងថានឹងមានភាពរីកចម្រើនអស្ចារ្យពេកនោះទេ។ យ៉ាងណាក៏ដោយ ខ្ញុំមានជំនឿជាក់ថា ភាពរីកចម្រើនខ្លះអាចកើតមានឡើង»។
លោក Staffan De Mistura បានអញ្ជើញមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ រុស្ស៊ី និងតួកគីមកកាន់ទីក្រុងហ្សឺណែវដើម្បីពិគ្រោះប្រឹក្សាអំពីយុទ្ធសាស្ត្រជំរុញឲ្យដំណើរការបង្កើតគណៈកម្មការរដ្ឋធម្មនុញ្ញនេះឆ្ពោះទៅមុខ។
លោកក៏បានបញ្ជាក់ដែរថា លោកបានអញ្ជើញប្រទេសមួយក្រុមតូចដូចជា បារាំង អាល្លឺម៉ង់ ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មកទីក្រុងហ្សឺណែវនៅសប្ដាហ៍បន្ទាប់ក្រោយពីជំនួបនេះ ដើម្បីបានមតិយោបល់ពីប្រទេសទាំងនោះលើបញ្ហារដ្ឋធម្មនុញ្ញប្រទេសស៊ីរីនេះ។ លោកបានថ្លែងថា សហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួននឹងមានវត្តមានសម្រាប់ថ្ងៃ២៥ ខែមិថុនា ហើយសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំនៅថ្ងៃដដែលនេះតែម្តង។
សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ដែលគិតមកដល់ពេលនេះមានរយៈកាល៨ឆ្នាំហើយនោះ បានធ្វើឲ្យប្រជាជនជាង១១លាននាក់ ផ្លាស់ទីជម្រក៕
ប្រែសម្រួលដោយ កោះ សុគន្ធី