សកម្មភាពនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រដើម្បីសំណេះសំណាលជាមួយពលរដ្ឋនិងដើម្បីពង្រឹងផ្ទៃក្នុងបក្ស ព្រមទាំងដើម្បីអមដំណើរថ្នាក់ដឹកនាំកាលពីឆ្នាំ ២០១៩ មានលក្ខណៈផុសផុលជាងសកម្មភាពចុះជួយធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ ជាពិសេសទំនាស់ដីធ្លី។
នេះបើយោងតាមរបាយការណ៍សង្ខេបនៃការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រឆ្នាំទី១ នៃនីតិកាលទី៦ ដែលចេញផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ដោយគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល។
របាយការណ៍អង្គការខុមហ្វ្រែល បានរកឃើញថា ក្នុងសម័យប្រជុំរបស់រដ្ឋសភាក្នុងឆ្នាំទី១ នៃនីតិកាលទី៦ តំណាងរាស្ត្រភាគច្រើនបំផុត ក្នុងចំណោមតំណាងរាស្ត្រទាំង ១២៥ រូប ខាងគណបក្សប្រជាជនកម្ពុជា មិនបានឡើងបញ្ចេញមតិជំទាស់ រិះគន់ ឬសួរដេញដោលដោយស៊ីជម្រៅឡើយ តែផ្ទុយទៅវិញមានតែកោតសរសើរ និងគាំទ្រការដឹកនាំរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
រដ្ឋសភាកម្ពុជានីតិកាលទី៦ គឺជារដ្ឋសភាដែលមានតំណាងរាស្ត្រមកពីគណបក្សតែមួយ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ ក្រោយពីការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដែលគ្មានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ ចូលរួមប្រកួតប្រជែង។
ក្នុងឆ្នាំ ២០១៩ រដ្ឋសភាឯកបក្សនេះបានរៀបចំកិច្ចប្រជុំរបស់ខ្លួនចំនួន ១១ ដង និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ១៤។ ចំពោះការហៅមន្ត្រីរដ្ឋាភិបាលមកសួរនាំវិញ រដ្ឋសភានីតិកាលទី ៦ នេះ បានកោះហៅរដ្ឋមន្ត្រីតែមួយគត់ គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកសាកសួរ ប៉ុន្តែជាជាងឲ្យរដ្ឋមន្ត្រីរូបនេះបកស្រាយអំពីការរិះគន់របស់សាធារណមតិជាតិ និងអន្តរជាតិអំពីអយុត្តធម៌នៅកម្ពុជា ក្រុមតំណាងរាស្ត្របែរជាឲ្យរដ្ឋមន្ត្រីរូបនោះ ជួយបំភ្លឺអំពីការងារដែលសម្រេចបាន និងផែនការទៅថ្ងៃខាងមុខទៅវិញ។ នេះបើផ្អែកតាមរបាយការណ៍អង្គការខុមហ្វ្រែល។
របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានសរសេរថា៖ «ប្រសិទ្ធភាពសភាឯកបក្សមានការធ្លាក់ចុះ បើប្រៀបធៀបជាមួយរដ្ឋសភាដែលធ្លាប់មានពហុបក្ស»៕