រដ្ឋមន្ត្រី​ការបរទេស​អេក្វាទ័រ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​បន្ទាប់​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ

លោកស្រី Maria Fernanda Espinosa រដ្ឋមន្ត្រី​ការបរទេស​អេក្វាទ័រ​ផ្តល់​បទ​សម្ភាសន៍​មួយ​នៅ​ទីស្នាក់ងារ​អង្គការ​ប្រជាជាតិ កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

លោកស្រី Maria Fernanda Espinosa Garces រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​អេក្វាទ័រ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​ទី ៧៣ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។

លោកស្រី​ទទួល​បាន​ជ័យជម្នះ​ផ្ដាច់​ព្រ័ត្រ​ឈ្នះ​លើ​លោកស្រី Mary Elizabeth Flores Flake ឯក​អគ្គ​រដ្ឋទូត​ប្រទេស​ហុងឌូរ៉ាស​ប្រចាំ​អង្គការ​សហប្រជាជាតិ។

តំណែង​ជា​ប្រធាន​បន្ទាប់​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​មាន​ប្រទេស ១៩៣ ជា​សមាជិក​នេះ គឺ​ត្រៀម​សម្រាប់​ប្រទេស​មក​ពី​តំបន់​អាមេរិក​ឡាទីន និង​ប្រទេស​មក​ពី​តំបន់ Caribbean។

លោកស្រី Flake នៃ​ប្រទេស​ហុងឌូរ៉ាស កាល​ពី​ដំបូង គឺ​ជា​បេក្ខជន​ដែល​មក​ពី​តំបន់​អាមេរិក​ឡាទីន​តែ​ម្នាក់​គត់។ ប៉ុន្តែ មន្ត្រី​ការទូត​នានា​បាន​និយាយ​ថា បណ្ដា​ប្រទេស​អារ៉ាប់​ទាំង​ឡាយ​ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល និង​នៅ​ក្នុង​ការ​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​កាន់​ទីក្រុង Jerusalem នេះ បាន​លើក​ទឹកចិត្ត​ប្រទេស​អេក្វាទ័រ​ឲ្យ​ប្រជែង​ជាមួយ​នឹង​លោកស្រី Flake ក្រោយ​ពី​រដ្ឋាភិបាល​ហុងឌូរ៉ាស​បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​តាម​សហរដ្ឋ​អាមេរិក និង​ប្ដូរ​ទីតាំង​ស្ថានទូត​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង Jerusalem មក។

លោកស្រី Espinosa នៃ​ប្រទេស​អេក្វាទ័រ​នេះ​គឺ​ជា​ស្ត្រី​ទី ៤ តែ​ប៉ុណ្ណោះ ដែល​នឹង​កាន់​តំណែង​ជា​ប្រធាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​រយៈពេល ៧៣ ឆ្នាំ​កន្លង​មក​របស់​អង្គការ​នេះ និង​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​មក​ពី​តំបន់​អាមេរិក​ឡាទីន។

លោកស្រី Espinosa បាន​និយាយ​នៅ​ក្នុង​ការ​ថ្លែង​ទទួល​យក​តំណែង​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​ឧទ្ទិស​ការ​ជ្រើសរើស​រូប​ខ្ញុំ​នេះ​ទៅ​ដល់​ស្ត្រី​ទាំង​អស់​នៅ​លើ​ពិភពលោក​ដែល​ចូលរួម​ក្នុង​ឆាក​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ និង​ទៅ​ដល់​ស្ត្រី​ដែល​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ផ្នែក​នយោបាយ និង​ការ​វាយ​ប្រហារ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ធ្វើ​ឡើង​ដោយសារតែ​បញ្ហា​មោទនភាព​ជា​បុរស និង​ដោយសារតែ​ការ​រើសអើង»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​អំពី​ទស្សនវិស័យ​របស់​លោកស្រី​ចំពោះ​តំណែង​នេះ លោកស្រី Espinosa បាន​និយាយ​ថា បញ្ហា​សមភាព​យេនឌ័រ​នៅតែ​ជា «បញ្ហា​រារាំង​មួយ​នៅ​ឯ​អង្គការ​សហប្រជាជាតិ»។ លោកស្រី​បាន​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​ត្រូវតែ​ប្រើប្រាស់​ទេពកោសល្យ​របស់​ស្ត្រី​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​នៅ​គ្រប់​ដំណើរការ​ពហុភាគី​ទាំង​អស់។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា៖ «យើង​អាច និង​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​កន្លង​មក ដែល​មាន​តែ​ស្ត្រី ៤ រូប​ប៉ុណ្ណោះ​ធ្វើ​ជា​ប្រធាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​រយៈពេល ៧៣ ឆ្នាំ​កន្លង​មក​នេះ និង​ស្ត្រី ២ រូប​នៅ​ក្នុង​រយៈពេល ៥០ ឆ្នាំ​កន្លង​មក​នេះ។ សូម​ឲ្យ​ការ​ជ្រើសរើស​លោកស្រី Espinosa នៅ​ពេល​នេះ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​បង្កើន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​សមភាព​យេនឌ័រ​នៅ​ក្នុង និង​ក្រៅ​រង្វង់​អង្គការ​សហប្រជាជាតិ»។

ប្រធាន​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​ចាត់ទុក​ភាព​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី​ជា​អាទិភាព​កំពូល​មួយ។ នា​ពេល​ថ្មីៗ​នេះ អង្គការ​សហប្រជាជាតិ​សម្រេច​បាន​នូវ​អាទិភាព​នេះ​នៅ​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​នានា​របស់​ខ្លួន ប៉ុន្តែ​នៅ​មាន​កិច្ចការ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ស្ត្រី​ឈាន​ទៅ​កាន់​តំណែង​ខ្ពស់​នៅ​ក្នុង​ផ្នែក​គ្រប់គ្រង​ថ្នាក់​កណ្ដាល ផ្នែក​បេសកកម្ម​រក្សា​សន្តិភាព និង​ផ្នែក​ផ្សេងៗ​ទៀត។

លោកស្រី Sheikha Haya Rashed Al-Khalifa នៃ​ប្រទេស​បារ៉ែន​គឺ​ជា​ប្រធាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ជា​ស្ត្រី​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​លើក​ទី ៦១ របស់​មហា​សន្និបាត​នេះ គឺ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មុន។ ប្រសិនបើ​ក្រឡេក​មើល​ទៅ​ក្រោយ​បន្ថែម​ទៀត លោកស្រី Vijaya Lakshmi Pandit នៃ​ប្រទេស​ឥណ្ឌា​គឺ​ជា​ប្រធាន​កិច្ច​ប្រជុំ​លើក​ទី ៨ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ហើយ​លោកស្រី Angie Brooks នៃ​ប្រទេស​លីបេរីយ៉ា គឺ​ជា​ប្រធាន​កិច្ច​ប្រជុំ​លើក​ទី ២៤ របស់​មហា​សន្និបាត​នេះ។

អ្នក​តំណាង​នានា​ដែល​ថ្លែង​តំណាង​ឲ្យ​ក្រុម​ការងារ​តាម​តំបន់​នីមួយៗ​របស់​អង្គការ​សហប្រជាជាតិ បាន​ស្វាគមន៍​ការ​ជ្រើសរើស​លោកស្រី Espinosa នេះ​ថា​ជា​ជំហាន​វិវឌ្ឍ​ទៅ​មុខ​មួយ​ទៀត។

ឯក​អគ្គរដ្ឋទូត​ប្រទេស​ម៉ូរីស​លោក Jagdish Dharamchand Koonjul បាន​ថ្លែង​តំណាង​ឲ្យ​ក្រុម​កិច្ចការ​ទ្វីប​អាហ្វ្រិក​ដោយ​បូក​សរុប​ការ​យល់​ឃើញ​ជា​ទូទៅ​របស់​ក្រុម​យ៉ាង​ដូច្នេះ​ថា៖ «វា​គឺ​ជា​ក្ដី​សង្ឃឹម​ដ៏​ក្លៀវក្លា​របស់​យើង​ដែល​ថា ការ​ជ្រើសរើស​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​នូវ​យុគសម័យ​ពិត​ប្រាកដ​មួយ​នៃ​ការ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​សម្រាប់​ការ​មាន​តំណាង​យេនឌ័រ​ស្មើ​គ្នា ជាជាង​ជា​ការ​ចាត់​ទុក​ថា​ជា​រឿង​ពិសេស​ដាច់​ដោយ​ឡែក​មួយ​នៅ​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ ជា​ពិសេស​នៅ​ក្នុង​កម្រិត​តំណែង​ដឹកនាំ​ដូច​នេះ»។

លោកស្រី Espinosa នឹង​កាន់​តំណែង​ជំនួស​លោក Miroslav Lajcak មកពី​ប្រទេស​ស្លូវ៉ាគី ដែល​ជា​ប្រធាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បច្ចុប្បន្ន នៅ​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា