កាលពីមុន រដ្ឋាភិបាលនានាអាចពឹងផ្អែកលើធនាគារកណ្ដាលរបស់ខ្លួនឲ្យជួយស្រោចស្រង់វិបត្តិសេដ្ឋកិច្ចបានតាមរយៈការជំរុញឲ្យមានកំណើនសេដ្ឋកិច្ច។ ពេលនេះ អ្នកវិភាគព្រមានថា ធនាគារកណ្ដាលទាំងនោះប្រហែលជាមិនអាចជួយបានច្រើនទេ។
សេដ្ឋវិទូមានមន្ទិលសង្ស័យថា គោលនយោបាយរូបិយបណ្ណប្រហែលជាមិនអាចជួយបានច្រើនទេក្នុងការបញ្ឈប់ដំណើរឈានទៅរកវិបត្តិសេដ្ឋកិច្ចនោះ។ ដោយសារតែអត្រាការប្រាក់កម្ចីរយៈពេលខ្លីមានកម្រិតទាបរួចស្រេចទៅហើយ ធនាគារកណ្ដាលមិនមានឥទ្ធិពលដូចកាលពីមុនក្នុងការធ្វើឲ្យសេដ្ឋកិច្ចត្រឡប់មកល្អដូចដើមវិញទេ។ ដោយសារតែមានបញ្ហាសេដ្ឋកិច្ចនានា ដូចជាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន និងការដកសមាជិកភាពរបស់ចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុបដែលទំនងជាមិនអាចទៅរួចនោះ ការធ្វើពាណិជ្ជកម្មនិងការវិនិយោគនានាកំពុងតែដាំក្បាលចុះ។
អតិថិជនឥឡូវនេះគឺជាកម្លាំងចលករសំខាន់ដែលអាចនាំឲ្យមានកំណើនសេដ្ឋកិច្ចសកលលោក។ នេះបើយោងតាមធនាគារ JPMorgan Chase ដែលជាធនាគារអាមេរិកមួយ។ ធនាគារនេះបានឲ្យដឹងទៀតថា ការលក់រាយនៅទូទាំងសកលលោកកើនឡើង៤,៨%កាលពីត្រីមាសមុន។ កំណើនការចាយវាយបន្ដិចបន្ដួចរបស់អតិថិជននេះគឺដោយសារតែទីផ្សារពលកម្មតូចចង្អៀត ប៉ុន្តែក្រុមហ៊ុនផលិតទំនងជានឹងកាត់បន្ថយការជួលបុគ្គលិកក្នុងពេលឆាប់ៗនេះ។ ការណ៍នេះនឹងនាំឲ្យអតិថិជនកាត់បន្ថយការចំណាយរបស់ខ្លួន។
សេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើការនាំចេញរងផលប៉ះពាល់ខ្លាំងបំផុត។ ប្រទេសបារាំង ដែលនាំចេញតិចជាងប្រទេស អាល្លឺម៉ង់ នៅតែមានសក្ដានុពល ដោយសារសកម្មភាពផលិតនៅតាមរោងចក្រនៅតែដំណើរការល្អ។ ក៏ប៉ុន្តែការជួលបុគ្គលិកបានធ្លាក់ចុះនៅក្នុងប្រទេស អាល្លឺម៉ង់ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចសំខាន់របស់សហភាពអឺរ៉ុប ហើយសកម្មភាពផលិតនៅតាមរោងចក្រនៅអឺរ៉ុបទាំងមូលកំពុងតែថយចុះក្នុងរយៈពេល៧ខែជាប់គ្នាគិតត្រឹមខែសីហានេះ។
ការផលិតធ្លាក់ចុះក្នុងល្បឿនមួយលឿនបំផុតកាលពីខែមុន ក្នុងរយៈពេល៧ឆ្នាំមកនេះនៅក្នុងចក្រភពអង់គ្លេស ដែលជ្រក់ជ្រេញដោយសារការចង់ដកខ្លួនចេញពីសហភាពអឺរ៉ុប។ នៅក្នុងសហភាពអឺរ៉ុប សន្ទស្សន៍រោងចក្រនៃវិទ្យាស្ថានសម្រាប់គ្រប់គ្រងការផ្គត់ផ្គង់បានឲ្យដឹងថា ក្រុមហ៊ុនផលិតកំពុងតែចាប់ផ្ដើមកាត់បន្ថយបុគ្គលិក ដោយសារតែក្ដីរំពឹងថា នឹងមានវិបត្តិសេដ្ឋកិច្ច។
លោក Andrew Wishart សេដ្ឋវិទូនៃក្រុមហ៊ុន Capital Economics បានថ្លែងថា៖ «ការងើបសេដ្ឋកិច្ចឡើងវិញមិនទំនងជាអាចទៅរួចនោះទេ ដោយសារតែការផលិតធ្លាក់ចុះនៅទូទាំងពិភពលោក»។
សញ្ញានៃវិបត្តិសេដ្ឋកិច្ចកំពុងតែលេចឡើង។ នៅក្នុងសហរដ្ឋអាមេរិក អត្រាការប្រាក់បណ្ណប្រាក់រដ្ឋាភិបាលបាន«ក្រឡាប់ចាក់» មានន័យថា បណ្ណប្រាក់កម្ចីរយៈពេលខ្លីផ្ដល់អត្រាការប្រាក់ខ្ពស់ជាងបណ្ណប្រាក់កម្ចីរយៈពេលវែងទៅទៀត។
ជាទូទៅ ស្ថានភាពនេះត្រូវបានគេមើលឃើញថាជាសញ្ញាព្រមាន។ នៅសហភាពអឺរ៉ុប សេដ្ឋកិច្ចប្រទេស អាល្លឺម៉ង់ កំពុងតែធ្លាក់ចុះ ហើយត្រូវជំពាក់បំណុលអ៊ីតាលីយ៉ាងច្រើនសន្ធឹកសន្ធាប់។ សេដ្ឋកិច្ចចក្រភពអង់គ្លេសកំពុងតែថយចុះកាលពីត្រីមាសមុន ដោយធ្លាក់ចុះ០,២% ខណៈមានការព្រួយបារម្ភអំពីការដកខ្លួនចេញពីសហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសនេះ។
នៅក្នុងអាមេរិកឡាទីន សេដ្ឋកិច្ចដ៏ធំរបស់ម៉ិកស៊ិក ប្រេស៊ីល និងអាហ្សង់ទីនបន្ដធ្លាក់ចុះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនគ្រាន់តែទន្ទឹងរង់ចាំមើលវិធានការមួយចំនួនរបស់ធនាគារកណ្ដាលប៉ុណ្ណោះទេ។ លោកធ្លាប់បានបង្ហោះសារលើបណ្ដាញសង្គម Tweeter ជាង៣០ដងមកហើយក្នុងរយៈពេលបួនសប្ដាហ៍កន្លងមកនេះ ដោយទាមទារឲ្យធនាគារកណ្ដាលកាត់បន្ថយអត្រាការប្រាក់ច្រើនបំផុត ដែលធនាគារបង់ឲ្យគ្នាទៅវិញទៅមកដើម្បីខ្ចីប្រាក់។ មានការរំពឹងកាន់តែខ្ពស់ថា ធនាគារកណ្ដាលរបស់អឺរ៉ុបនឹងសម្រួលដល់គោលនយោបាយរូបិយបណ្ណក្នុងពេលឆាប់ៗនេះ។
មន្ត្រីធនាគារកណ្ដាលនឹងជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ ដើម្បីសម្រេចទៅលើថាតើត្រូវធ្វើដូចម្ដេចទៀតចំពោះអត្រាការប្រាក់។ លោក Eric Rosengren ប្រធានធនាគារកណ្ដាលក្នុងទីក្រុង Boston រដ្ឋ Massachusetts បានចេញមុខនិយាយរួចទៅហើយថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនឹងក្លាយជាកំហុសមួយ។ ក៏ប៉ុន្តែមានសញ្ញារួចទៅហើយថា អត្រាការប្រាក់លើប្រាក់កម្ចីនឹងត្រូវកាត់បន្ថយ។
លោក Rosengren បានថ្លែងប្រាប់សារព័ត៌មាន Washington Post ថា សេដ្ឋកិច្ចរបស់អាមេរិកនៅតែខ្លាំង ហើយអត្រាគ្មានការងារធ្វើទាប មានការដំឡើងប្រាក់ឈ្នួល និងមានកំណើនតម្រូវការទៀតផង។ លោកចង់ឲ្យមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់រហូតទាល់តែមានសញ្ញាកាន់តែច្បាស់អំពីវិបត្តិសេដ្ឋកិច្ច ដោយលោកភ័យខ្លាចថា អន្តរាគមន៍លឿនពេកណាមួយរបស់ធនាគារកណ្ដាលក្នុងពេលឥឡូវនេះនឹងធ្វើឲ្យការកាត់បន្ថយអត្រាការប្រាក់មានឥទ្ធិពលបន្ដិចបន្ដួចប៉ុណ្ណោះនៅពេលក្រោយ ប្រសិនបើវិបត្តិសេដ្ឋកិច្ចពិតជាកើតមានឡើងមែននោះ។
លោក Rosengren បានថ្លែងប្រាប់កាសែត Washington Post កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា ថា៖ «យើងមិនចង់ប្រើប្រាស់យុទ្ធសាស្ត្រណាមួយនៅពេលដែលយើងមិនទាន់ត្រូវការវានោះទេ មួយផ្នែកគឺដោយសារតែយើងនឹងគ្មានយុទ្ធសាស្ត្រនោះទៀតនៅពេលដែលយើងត្រូវការវាពិតប្រាកដ ហើយមួយផ្នែកទៀតគឺដោយសារតែមានផលប៉ះពាល់ពីការទម្លាក់អត្រាការប្រាក់ទាបខ្លាំង។ ការណ៍នេះលើកទឹកចិត្តឲ្យមនុស្សកាន់តែប្រថុយប្រថាន»។
ប៉ុន្តែមន្ត្រីធនាគារកណ្ដាលនិងសេដ្ឋវិទូមួយចំនួនបារម្ភថា ការប្រើគោលនយោបាយរូបិយបណ្ណជាឧបករណ៍តែមួយមុខនឹងមិនគ្រប់គ្រាន់នោះទេក្នុងកាលៈទេសៈនេះ ដោយសារតែធនាគារកណ្ដាលបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនយ៉ាងច្រើនដើម្បីទាញពិភពលោកចេញពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨នោះ។
ដោយថ្លែងកាលពីសប្ដាហ៍មុននៅវេទិកាប្រចាំឆ្នាំរបស់ធនាគារកណ្ដាលនៅឯទីក្រុង Jackson Hole រដ្ឋ Wyoming លោក Mark Carney ប្រធានធនាគារកណ្ដាលរបស់អង់គ្លេស បានមានប្រសាសន៍ថា ការបន្ធូរបន្ថយគោលនយោបាយរូបិយបណ្ណ និងការកាត់បន្ថយអត្រាការប្រាក់ទំនងជាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចនោះទេ។
នៅក្នុងសហភាពអឺរ៉ុបនិងជប៉ុន អត្រាការប្រាក់បានធ្លាក់ចុះដល់អវិជ្ជមានរួចទៅហើយ។ ដោយសារតែអត្រាការប្រាក់ចុះទាបនៅគ្រប់កន្លែង មានការភ័យខ្លាចថា នឹងមិនមានការកាត់បន្ថយអត្រាការប្រាក់បន្តទៀតនោះទេ។ ដូច្នេះតើរដ្ឋាភិបាលនីមួយៗអាចសំឡឹងមើលការកាត់បន្ថយការយកពន្ធ ដើម្បីបង្កើនតម្រូវការនិងការកម្ចីនានា ដើម្បីយកទៅចំណាយលើគំនិតផ្ដួចផ្ដើមនានា ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែរឬទេ?
ក៏មានការព្រួយបារម្ភទៅចំណុចនេះផងដែរ។ ប្រទេសជាច្រើនបានជាប់ជំពាក់បំណុលសាធារណៈយ៉ាងច្រើនសន្ធឹកសន្ធាប់រួចទៅហើយ ដោយចំណាយប្រាក់រាប់លានលានដុល្លារទៅលើបណ្ណប្រាក់រដ្ឋាភិបាល ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។ ការបង្កើនប្រាក់កម្ចីគឺជាការប្រថុយប្រថានណាស់ ប្រសិនបើផលិតផលក្នុងស្រុកសរុបមិនកើនឡើងទេនោះ។ រូបិយបណ្ណនឹងចាប់ផ្ដើមធ្លាក់ចុះតម្លៃ។ ប្រាក់បំណុលនឹងចាប់ផ្ដើមទាមទារអត្រាការប្រាក់ខ្ពស់ជាងមុន។ នៅទីបំផុតប្រាក់សំណងនឹងធ្លាក់ចុះ។
កាលពីដើមឆ្នាំនេះ លោក Mohamed El-Erian ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុនបានថ្លែងថា៖ «សាកគិតមើលពីរថយន្តមួយគ្រឿងដែលបើកលើផ្លូវរលាក់ ហើយគ្មានកង់សាគួរ។ យើងពិតជាមិនចង់ឲ្យរថយន្តបែកកង់ដូចមុនទៀតទេ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា